រាជធានីភ្នំពេញ ៖ នារីម្ចាស់ហាង បម្រើសេវាកម្ម អីុនធើរណេតម្នាក់ ត្រូវឃាតករ ដែលសម្ងំ នៅក្នុងបន្ទប់ទ្បៅតឿ យកកូនកាំបិតបត់ ចាក់លើ រាងកាយ ច្រើនកាំបិត និងអារ.កសម្លាប់ ខណៈពេល នារីរងគ្រោះទ្បើងទៅ រៀបចំសម្ភារ ដើម្បីបិទហាង ។
ហេតុការណ៍នេះ បានបង្កឱ្យមាន ការភ្ញាក់ផ្អើល កាលពីវេលា ម៉ោង១០ និង១០នាទីយប់ ថ្ងៃទី២៩ កញ្ញា នៅក្នុងផ្ទះ បម្រើសេវាកម្ម អីុនធើរណេត យីហោ១៦៨ មានទីតាំង តាមបណ្តោយផ្លូវ លេខ១៧១ ស្ថិតក្នុងភូមិ ត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ នារីរងគ្រោះស្លាប់ នៅតាមផ្លូវ ពេលបញ្ជូន ទៅសង្គ្រោះ នៅមន្ទីរពេទ្យ ព្រះកុសុមៈ ។
សពនារីរងគ្រោះ វ័យក្មេងខាងលើ ឈ្មោះ លឹម ឈុនគីម អាយុ២៣ឆ្នាំ ជាកូនទី២ ក្នុងគ្រួសារ ដែលមានបងប្អូន៣នាក់ ប្រុស២នាក់ ស្រីម្នាក់ ស្នាក់នៅ ក្នុងផ្ទះកើតហេតុ ។ ចំណែកឃាតករដៃឆៅ ក៏ត្រូវបានក្រុមគ្រួសារ ចាប់ខ្លួនបានផងដែរ ឈ្មោះ ដាង សុភ័ក្ត្រ អាយុ២២ឆ្នាំ ជាវិចិត្រករ សិល្បៈច្នៃប្រឌិត ស្នាក់នៅផ្ទះលេខ១៦៣ ផ្លូវលេខ៣៥១ ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
លោក លីម ហុកម៉េង អាយុ២៦ឆ្នាំ ជាបងប្រុសទី១ បានប្រាប់សមត្ថកិច្ច និងក្រុមអ្នកយកព័ត៌មាន ឱ្យដឹងថា នៅមុនពេលកើតហេតុ ជនជាឃាតករនេះ បានមកលេងហ្គេម នៅក្នុងបន្ទប់ទ្បៅតឿ ក្នុងហាងបើក អីុនធើរណេត តាំងពីម៉ោង៥ល្ងាច រហូតដល់ ម៉ោង១០យប់ ជាម៉ោងបិទហាង ។ ដោយសារអស់ភ្ញៀវ នៅក្នុងហាង ពេលនោះគាត់ និងប្អូនស្រី រងគ្រោះខាងលើ រួមជាមួយប្អូនប្រុសពៅ ម្នាក់ទៀត បានប្រមូលអីវ៉ាន់ និងរបស់របរ ដើម្បីរៀបចំទុកដាក់ ទៅតាមទម្លាប់ ដើម្បីសម្រាក ។
ពេលរៀបចំរបស់របរ នៅក្នុងផ្ទះជាន់ក្រោមរួច ប្អូនស្រីពៅរបស់គាត់ ទៅងូតទឹក ។ ពេលងូតទឹករួចហើយ ប្អូនស្រីរបស់គាត់ បានមកចិតផ្លែក្រូច ឱ្យពួកគាត់ហូប ។ ពេលចិតរួច ប្អូនស្រីរបស់គាត់ ក៏បានប្រាប់ពួកគាត់ ទាំង២នាក់ថា នាងទ្បើងទៅរៀប របស់របរ នៅក្នុងបន្ទប់ ទ្បៅតឿទៀត មុនចូលគេង ដោយពួកគាត់ មិននឹកស្មានថា មានឃាតករ ទ្បើងទៅសម្ងំ ក្នុងបន្ទប់ទ្បៅតឿ តាំងពីពេលណាទេ ។
ដោយសារប្អូនស្រីគាត់ ទ្បើងទៅរៀបរបស់របរ យូរពេក ប្អូនប្រុសពៅ របស់គាត់ ឈ្មោះ លីម ហុកតាក់ អាយុ២០ឆ្នាំ ក៏បានទ្បើងទៅមើល ស្រាប់តែឃើញប្អូនស្រី ត្រូវឃាតករចាក់ធ្លាយពោះ រួចអារ.កសម្លាប់ នៅបន្ទប់ទឹក ក្នុងបន្ទប់ទ្បៅតឿ នោះបាត់ទៅហើយ និងឃើញបុរសម្នាក់ ដោយក្នុងដៃ មានកាន់កូនកាំបិតបត់ និងពិលឆក់២នៅក្នុងដៃ ។
ឃើញដូច្នេះ ប្អូនប្រុសពៅរបស់គាត់ ក៏បានចូលទៅជួយ ប្អូនស្រី ដែលដេកស្តូកស្តឹង លើថ្លុកឈាម ក្នុងបន្ទប់ទឹកនោះ ស្រាប់តែត្រូវឃាតករ បានយកពិលឆក់ មកឆក់ប្អូនប្រុស របស់គាត់ ហើយប្អូនប្រុសពៅ របស់គាត់ ក៏បានស្រែកឱ្យគាត់ជួយ ។
ឮដូចនោះ រូបគាត់ក៏ទ្បើងទៅជួយ ក៏បានប្រតាយប្រតប់ ជាមួយឃាតករ កំណាចនោះ បង្កឱ្យមានភាព ភ្ញាក់ផ្អើល ដល់អ្នករស់នៅ ក្បែរៗនោះ ក៏បានចូលទៅជួយចាប់ និងវាយ ជនជាឃាតករ រហូតទ្រោមខ្លួន ទើបចាប់បាន ហើយក៏បម្រុង វាយសម្លាប់ចោល តែម្តង ទាន់ក្តៅៗ ប៉ុន្តែត្រូវសមត្ថកិច្ច ខណ្ឌសែនសុខ មកដល់ ក៏អន្តរាគមន៍ រំដោះយកឃាតករខាងលើ ទៅសាកសួរ នៅអធិការដ្ឋាន នគរបាលខណ្ឌ ។
ទាក់ទិននឹងករណីខាងលើនេះ មន្ត្រីនគរបាល ខណ្ឌសែនសុខ បានដាក់ការសង្ស័យថា អាចជាការប៉ុនប៉ងរំលោភ ព្រោះនារីរងគ្រោះ មិនមានរបស់របរ មានតម្លៃ នៅជាប់នឹងខ្លួននោះទេ ម្យ៉ាងជនដៃដល់ខាងលើ តែងតែមកលេងហ្គេម នៅកន្លែងកើតហេតុ នេះជាប្រចាំ ។ ដោយទ្បែក ក្រុមគ្រួសារ របស់នារីរងគ្រោះ បានចោទថា ករណីនេះ អាចជាអំពើប្លន់ ។
ក្រោយពេលកើតហេតុ នារីរងគ្រោះ ដែលនៅមានដង្ហើមនៅទ្បើយ ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ តែជាអកុសល នាងបានដាច់ខ្យល់ស្លាប់ នៅតាមផ្លូវ មុនពេលទៅដល់ មន្ទីរពេទ្យព្រះកុសុមៈ ។
ចំណែកជនដៃដល់ ត្រូវសមត្ថកិច្ចចាប់ខ្លួន ទៅសួរនាំ នៅអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ។
សពនារីរងគ្រោះ ត្រូវបានសមត្ថកិច្ច ធ្វើកោសល្យវិច័យ និងពិនិត្យឃើញថា ត្រូវឃាតករចាក់ ជាច្រើនកាំបិត យកឈ្នះដៃ សុះពេញខ្លួនទៅហើយ តែដោយសង្ស័យមិនស្លាប់ ទើបឃាតករ សម្រេចចិត្តអារ.ក បន្ថែមដើម្បីឱ្យស្លាប់ ។ ករណីនេះ សមត្ថកិច្ច ខណ្ឌសែនសុខ កំពុងដុតដៃដុតជើង ធ្វើការស្រាវជ្រាវ តើជាករណីប្លន់សម្លាប់ ឬករណីប៉ុនប៉ង ចាប់រំលោភ ឱ្យពិតប្រាកដ ។
នៅព្រឹកថ្ងៃទី៣០ កញ្ញា អធិការខណ្ឌសែនសុខ លោក ម៉ក់ ហុង បានឱ្យដឹងថា ជនជាឃាតករ តាំងពីពេលចាប់ខ្លួន រហូតមកដល់រសៀល ថ្ងៃដដែល គឺមិនឆ្លើយអ្វីទាំងអស់ តែបាននិយាយថា សុខចិត្តជាប់គុក ។ ទោះបីជាបែបណា លោកអធិការ បានបង្ហាញពីការ កត់សម្គាល់ ដែលបានធ្វើឱ្យជននេះ ក្លាយខ្លួនជាឃាតករ មានកត្តា៣ចំណុចគឺ៖
១-ជននេះតែងទៅលេង អីុនធើរណេត នៅក្នុងហាងនេះ ជាប្រចាំរាល់ថ្ងៃ ហើយការសម្លាប់នេះ ក៏ជាការគិត ទុកជាមុនផងដែរ ព្រោះមានកាំបិតបត់ និងពិលឆក់ ហើយបានសម្ងំលាក់ខ្លួន លើទ្បៅតឿ តែម្នាក់ឯង ។
២-ជននេះអាចលួចស្រទ្បាញ់នាង តែមិនហ៊ាននិយាយ ។
៣-សម្រាប់កូនស្រីម្ចាស់ហាងរូបនេះ មានគេចូលស្តីដណ្តឹង ច្រើននាក់មកហើយ តែមិនទាន់ព្រមព្រៀង លើកឱ្យនរណាទេ ។
លោកសន្និដ្ឋានថា ដោយសារ ការលួចស្រទ្បាញ់ យ៉ាងងប់ងុល ហើយមិនចង់ឱ្យ នាងក្លាយទៅជាភរិយា របស់បុរសផ្សេង ទើបគេឈានដល់ ការធ្វើបែបនេះ ៕
ជនជាឃាតករត្រូវបានវាយដំដោយកំហឹង និងសពនារីរងគ្រោះ
នារីរងគ្រោះពេលដឹកមកសង្គ្រោះនៅមន្ទីរពេទ្យ
ជនជាឃាតករ
សពនារីរងគ្រោះ
សមត្ថកិច្ចមកអន្តរាគមន៍កន្លែងកើតហេតុ
សពនារីរងគ្រោះ
រូបថតជនជាឃាតករ
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]