អូស្ត្រាលី៖ យោងតាមប្រភព ព័ត៌មានបរទេស បានឲ្យដឹងថា ក្មេងស្រីវ័យ ១៥ឆ្នាំ សញ្ជាតិអ៊ីរ៉ង់ម្នាក់ ត្រូវបានបញ្ជូនពីតំបន់ Nauru ទៅកាន់ ទីក្រុងស៊ីដនី ដើម្បីព្យាបាល បន្ទាប់ពីនាង បានផឹកទឹកសាប៊ូ ដើម្បីធ្វើការប្រឆាំងតវ៉ា ចំពោះកិច្ចព្រមព្រៀង ក្នុងការបញ្ជូន ជនភៀសខ្លួន ទៅកាន់ប្រទេស កម្ពុជា។

ផ្អែកលើរបាយការណ៍ បានឲ្យដឹងថា ប្រជាជនជាច្រើន ដែលរស់នៅតំបន់នោះ បាននាំគ្នាធ្វើបាតុកម្ម ដើម្បីប្រឆាំងទៅនឹង កិច្ចព្រមព្រៀងបញ្ជូន ជនភៀសខ្លួនពី ប្រទេសអូស្ត្រាលី ទៅកាន់ប្រទេសកម្ពុជា ដោយលើកហេតុផលថា កិច្ចព្រមព្រៀងមួយនេះ នៅតែស្ថិតក្នុង ភាពអាថ៍កំបាំង នៅឡើយ ព្រោះមិនបានបញ្ជាក់ អំពីចំនួនកំណត់ នៃទីតាំងដែល ត្រូវស្នាក់នៅ និងចំនួននៃជនភៀសខ្លួន ដែលត្រូវបញ្ជូនទៅ។

មិនត្រឹមតែ ក្មេងស្រី វ័យ១៥ឆ្នាំ ម្នាក់នេះ ដែលប៉ុនប៉ង ធ្វើអត្តឃាតនោះទេ នៅមានមនុស្សជាច្រើន ទៀតដែលរស់នៅ ក្នុងតំបន់ Nauru សុទ្ធតែប៉ុនប៉ង ធ្វើអត្តឃាត ព្រោះពួកគេចង់ បង្ហាញពីគោលបំណង ជំទាស់ទៅនឹង ការសម្រេចចិត្ត របស់រដ្ឋាភិបាល អូស្ត្រាលី ក្នុងការបញ្ជូន ជនភៀសខ្លួន ទៅកាន់ប្រទេសកម្ពុជា។ យ៉ាងណាមិញ ពេលនេះក្មេងស្រី ម្នាក់នោះត្រូវបាន បញ្ជូនទៅកាន់ មន្ទីរពេទ្យដើម្បី ព្យាបាលផងដែរ។

លើសពីនេះទៀត ជនភៀសខ្លួនជាច្រើន ដែលនៅក្នុងតំបន់ Nauru បានប្រាប់សារព័ត៌មាន ឲ្យដឹងថា «ក្រោយពីបានដឹង ព័ត៌មានដែលថា ជនភៀសខ្លួនដែល នៅទីនេះត្រូវបញ្ជូន ទៅកាន់ប្រទេសកម្ពុជា ពួកយើងមានការ រន្ធត់ជាខ្លាំង ពួកយើងនៅទីនេះ គ្មាននរណាសប្បាយ ចិត្តនឹងទៅឡើយ ដូច្នេះថ្ងៃនេះ ពួកយើងគ្រប់គ្នា នាំគ្នាធ្វើបាតុកម្ម ដើម្បីបញ្ជាក់ថា ពួកយើងមិនសប្បាយចិត្ត ដែលត្រូវទៅកាន់ ទីនោះហើយវា ពិតជាអយុត្តិធម៍ ខ្លាំងណាស់សម្រាប់យើង»។


ពួកគេបានបន្តទៀតថា «ពួកយើងក៏បាន ឮទៀតថាប្រជាជន នៃប្រទេសកម្ពុជា ជាច្រើនមានការ មិនពេញចិត្ត ចំពោះរឿងនេះ ហើយប្រទេសនេះ ទៀតសោត គឺជាប្រទេសដែល ក្រីក្រយ៉ាងខ្លាំង ក្រជាងតំបន់ Nauru របស់យើងទៅទៀត អញ្ចឹងតើឲ្យយើង ទៅរស់នៅទីនោះ យ៉ាងម៉េចទៅ?»

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីមាន ការចុះកិច្ចព្រមព្រៀង ទទួលយកជនភៀសខ្លួន រវាងប្រទេស អូស្ត្រាលី និងប្រទេសកម្ពុជា រួចមកមាន រឿងចម្រូងចម្រាស ក៏ដូចជាបាតុកម្ម យ៉ាងច្រើនទាំង នៅប្រទេសកម្ពុជា និងប្រទេសអូស្ត្រាលី៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?


ប្រភព៖ ដេលីម៉េល

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]