រាជធានីភ្នំពេញ ៖ ប្រធានសមាគមសិល្បករខ្មែរ លោកសុះ ម៉ាច បានសម្តែងការគាំទ្រ កម្មវិធីប្រឡងចម្រៀង របស់ស្ថានីយទូរទស្សន៍ នៅក្នុងស្រុក ចំនួន២ បើទោះបីជាការ រៀបចំនោះ មានការគាំទ្រ និងរិះគន់ ពីទស្សនិក មួយចំនួនក៏ដោយ ។កម្មវិធីដែលប្រធាន សមាគមសិល្បករខ្មែរ គាំទ្រនោះ គឺកម្មវិធី «The Voice Cambodia» របស់ស្ថានីយ ទូរទស្សន៍ហង្សមាស និងកម្មវិធី «សំនៀងចែងចាំង» របស់ស្ថានីយ ទូរទស្សន៍ CTN ដែលចាក់ផ្សាយ នៅរៀងរាល់រាត្រី ថ្ងៃអាទិត្យដូចគ្នា ។

បើទោះបីជា មានការរិះគន់ ពីទស្សនិកជន មួយចំនួនក៏ដោយ ប៉ុន្តែលោកសុះ ម៉ាច ចាត់ទុកកម្មវិធី ប្រឡងចម្រៀង ទាំងពីរនោះថា បានរួមចំណែក ក្នុងការអភិវឌ្ឍ វិស័យសិល្បៈចម្រៀង ឲ្យកាន់តែល្អប្រសើរឡើង ។

ក្នុងបទសម្ភាសន៍ ជាមួយកោះសន្តិភាព តាមសារអេឡិចត្រូនិក កាលពីពេលថ្មីៗនេះ ប្រធានសមាគម សិល្បករខ្មែរ លោក សុះ ម៉ាច បានអះអាងថា ការបង្កើតកម្មវិធី «The Voice Cambodia» និង «សំនៀងចែងចាំង» បានរួមចំណែក ក្នុងការអភិវឌ្ឍ វិស័យសិល្បៈចម្រៀង ជាតិយើង ជាពិសេសផ្តល់ឱកាស ឲ្យកូនខ្មែរដែលមាននិស្ស័យ និងស្រឡាញ់សិល្បៈចម្រៀង បានបង្ហាញសមត្ថភាព របស់ខ្លួន ។

លោកសុះ ម៉ាច លើកឡើងថា មានការរិះគន់ខ្លះ ដោយសារការរៀបចំកម្មវិធីមួយនោះ មិនបានគិតគូរ ឲ្យបានសព្វជ្រុងជ្រោយ ដោយយក គណៈកម្មការ ពុំមែនជាអ្នកសិល្បៈ ផ្នែកចម្រៀង និងអ្នកចម្រៀង ពុំសូវមានបទពិសោធ គ្រប់គ្រាន់ ។ ពេលខ្លះគណៈកម្មការ បញ្ចេញយោបល់ ដូចជារិះគន់ បេក្ខជន-បេក្ខនារី ដែលមិនទាន់ក្លាយជា អ្នកសិល្បៈផង វាទៅជាលក្ខណៈ វាយប្រហារទៅវិញ ។

ត្រង់ចំណុចនេះ លោកសុះ ម៉ាច បញ្ជាក់ថា ពួកគាត់គួរតែណែនាំ ដល់បេក្ខជន ត្រូវធ្វើបែបនេះ ឬច្រៀងបែបណា ទើបល្អ ជាជាងការរិះគន់ ជួនកាល វាទៅជាកម្មវិធី កំប្លុកកំប្លែងទៅវិញ ។

ចំណែកកម្មវិធីមួយទៀត លោកសុះ ម៉ាច យល់ថា យកអ្នកចម្រៀង មកធ្វើជាគ្រូបង្វឹក គួរតែយកសិល្បៈរៀមច្បង ដែលពោរពេញ ដោយបទពិសោធន៍ មករួមជាមួយ ទើបអាចបញ្ជៀស ការរិះគន់បាន ។ យកល្អគួរតែយកគំរូ តាមកម្មវិធី របស់គេដូចជា អាមេរិក ថៃ វៀតណាម ជាដើម ។ ដោយគេយកគណៈកម្មការ សុទ្ធតែជាសាស្ត្រាចារ្យ ឬអ្នកសិល្បៈ ដែលពេញទៅដោយ បទពិសោធន៍ ផ្នែកសិល្បៈចម្រៀង ។

ទោះបីជាយ៉ាងណាក្ដី ប្រធានសិល្បករខ្មែររូបនេះ បានសម្តែងការគាំទ្រ កម្មវិធីទាំង២នោះ តែថាបើសិនអ្នករៀបចំកម្មវិធី កែសម្រួលបន្ថែមទៀតនោះ នឹងកាន់តែប្រសើរ ដូចជាការរៀបចំ គណៈកម្មការ និងគ្រូបង្វឹក ដោយដាក់រៀមច្បងសិល្បៈ ឱ្យចូលរួមជាមួយ និងការផ្តល់យោបល់ ក្នុងន័យស្ថាបនា វាកាន់តែល្អ ព្រោះកម្មវិធីទាំងនោះ ល្អស្រាប់ទៅហើយ ។

លោកសុះ ម៉ាច និយាយថា «បើនិយាយពីកម្មវិធី The Voice Cambodia មានលក្ខណៈអន្តរជាតិ ដោយសារទិញសិទ្ធិពីគេ ដើម្បីបង្កើតកម្មវិធី តាមលំនាំគេ គឺមានការគាំទ្រច្រើនដែរ ទន្ទឹមនឹងមានការរិះគន់ ។ ចំណែកកម្មវិធី សំនៀងចែងចាំង ក៏ល្អដែរ បើទោះជាមានការរិះគន់ ខ្លះក៏ដោយ ។ កម្មវិធីបែបនេះ ប្រសិនបើបង្កើតគ្រប់ស្ថានីយទូរទស្សន៍ នៅក្នុងស្រុកទាំងអស់ ដើម្បីជាការប្រកួតប្រជែងនោះ វានឹងកាន់តែប្រសើរ ហើយថ្ងៃមុខ យើងនឹងសម្បូរនូវ ធនធានសិល្បៈ មិនខានឡើយ» ៕   

លោកសុះ ម៉ាច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]