ព្រះវិហារ៖ នាយឧត្ដមសេនីយ៍ ជា តារា អគ្គមេបញ្ជាការរង កងយោធពល ខេមរភូមិន្ទ និងជាមេបញ្ជាការ សមរភូមិទិស ប្រាសាទព្រះវិហារ តាមាន់ តាក្របី និងអូរស្មាច់ បានថ្លែងថា ទាហានខ្មែរម្នាក់ នៅអង្គភាព ៤០៥ ចំណុះឱ្យយោធា ខេត្ដព្រះវិហារ និងទាហាន ព្រំដែនថៃម្នាក់ ស្ថិតក្នុងអ៊ូប៊ុន បានរងរបួស ដោយគ្រាប់កាំភ្លើង ទាំងសងខាង កាលពីវេលាម៉ោង ១២ថ្ងៃត្រង់ ម្សិលមិញ នៅព្រំ ដែនអន្ដរជាតិ អានសេះ ដោយសារតែពួកគេ មានការយល់ច្រឡំនិងគ្នា ។ ទោះជាយ៉ាង ណាក៏ដោយ សភាពការណ៍នៅ ក្នុងតំបន់ព្រំដែន គ្មានអ្វីប្រែប្រួលទេ ស្ថិតក្នុងសភាពស្ងប់ ស្ងាត់ដដែល ហើយនាយឧត្ដមសេនីយ៍ ក៏កំពុងតែដឹកនាំ ការប្រជុំនៅតំបន់អានសេះ ជាប់ព្រំដែនប្រទេសថៃ ផងដែរ នៅព្រឹកថ្ងៃ អង្គារ ទី៣០ ខែកញ្ញានេះ ។

នាយឧត្ដមសេនីយ៍ ជា តារា បានមាន ប្រសាសន៍ប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល តាមទូរស័ព្ទពី តំបន់អានសេះ នៅថ្ងៃ អង្គារនេះថា “យុវជនអង់អាច ក្លាហានម្នាក់ នៅអង្គភាព៤០៥ ចំណុះឱ្យយោធា ខេត្ដព្រះវិហារ បានរងរបួស និងទាហានថៃ ម្នាក់ បានរងរបួស កាលពីថ្ងៃម្សិលមិញ ដោយសារ តែមានការយល់ ច្រឡំនិងគ្នា ។ ហើយថា សភាពការណ៍ ស្ងប់ស្ងាត់ធម្មតា ទាហានក៏គោរពបទ បញ្ជាថ្នាក់លើជានិច្ច ”។

នាយឧត្ដមសេនីយ៍ជា តារា ក៏បានបញ្ជាក់បន្ថែមថា ក្រោយឧប្បត្ដិហេតុ នៃការយល់ច្រឡំ រវាងទាហាន ទាំងសងខាងរួចមក មេបញ្ជាការទាំងពីរ ប្រចាំតំបន់នោះ ក៏បានជួបគ្នា សម្រួលស្ថានភាព ឱ្យយោគយល់គ្នា ផងដែរ ។

នាយឧត្ដមសេនីយ៍ ជា តារា ក៏បានឱ្យដឹងផងដែរថា នៅពេលនេះ លោក កំពុងតែស្ថិតនៅ តំបន់អានសេះ ហើយកំពុង ជួបប្រជុំជាមួយ នាយទាហាន ពលទាហាន ដែលឈរជើងនៅ តំបន់អានសេះ ។

កាលពីចុងឆ្នាំ២០១៣ តំបន់អានសេះ បានជួបភាពតានតឹង រយៈពេលខ្លីម្ដងរួចមក ហើយ ខណៈដែលភាគីថៃ បានរាយបន្លាលួស នៅតំបន់ព្រំដែន ប៉ុន្ដែពួកគេបានរើ ត្រឡប់ទៅវិញ ក្រោយពីមេបញ្ជាការ កងទ័ពរបស់កម្ពុជា ដឹកនាំដោយ ឧត្ដមសេនីយ៍ឯក ស្រី ឌឹក ឡើងទៅធ្វើអន្ដរាគមន៍ ហើយបញ្ជាឱ្យកងទ័ពថៃ រុះរើបន្លាលួសនិង រក្សាស្ថានភាពដើម៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]