ចិន៖ វេជ្ជបណ្ឌិតម្នាក់ ដែលមានបញ្ហា គេងស្រមុក ជាច្រើនឆ្នាំមកហើយ បានសម្រេចចិត្ត ធ្វើការវះកាត់អណ្តាត ដោយខ្លួនឯងផ្ទាល់តែម្តង ដើម្បីព្យាបាលបញ្ហានេះ។

វេជ្ជបណ្ឌិតដែល បានធ្វើការវះកាត់ អណ្តាតដោយខ្លួនឯងរូបនេះ មានឈ្មោះ Zhang Xiangmin ។ គាត់សំរេចចិត្តវះកាត់ ក្រោយការស្រមុក របស់គាត់ បានរំខានដល់ការគេង របស់ភរិយាគាត់ ហើយនាងក៏ បានអត់ធ្មត់នឹងរឿងនេះ មកជាយូរហើយដែរ។ លោក Xiangmin បានឲ្យដឹងថា មូលហេតុនៃ ការគេង ស្រមុករបស់គាត់ គឺបណ្តាលមកពី ការអត់ដង្ហើម ពោលគឺបំពង់.ក ត្រូវបានបិទជិត ហើយសម្លេង ស្រមុក ក៏បានកើតឡើង ដោយខ្យល់ដង្ហើម បានប៉ះទៅនឹង ជាលិកាទន់ៗ នៅក្នុងបំពង់ក។ បើក្នុងករណីធ្ងន់ធ្ងរ ផ្លូវដង្ហើមត្រូវបាន បិទជិត និង ឈប់ដកដង្ហើម ដល់ទៅ ១០វិនាទី តែម្តង មុនពេលខួរក្បាលកន្ត្រាក់ ធ្វើឲ្យភ្ញាក់ដឹងខ្លួន រួចផ្លូវដង្ហើម ត្រូវបានបើកវិញ។

ជាមួយគ្នានេះដែរ នៅក្នុងអំឡុងពេល ធ្វើនីតិវិធីពិសោធន៍ របស់លោកវេជ្ជបណ្ឌិត Xiangmin គាត់បានដាកបញ្ចូល បំពង់ជ័រស្តើងតូចៗ ចំនួន២ នៅក្នុងរន្ធ ដែលគាត់បានចោះ នៅលើអណ្តាត ហើយនៅពេលយប់ឡើង គាត់បានបង្វិល បំពង់ទាំង២នោះ ទៅលើធ្មេញរបស់គាត់ ដើម្បីកុំឲ្យវា ធ្លាក់ចុះ ដែលបណ្តាលឲ្យគាត់ គេងស្រមុក តទៅទៀត។ ៣ខែក្រោយមក គាត់បានប្រកាសថា វិធីវះកាត់ បញ្ឈប់បញ្ហាស្រមុក របស់គាត់គឺ ទទួលបានជោគជ័យ។

យ៉ាងណាមិញ បន្ទាប់ពីទទួលបាន ជោគជ័យលើការវះកាត់នោះ លោកវេជ្ជបណ្ឌិត Xiangmin ក៏បានថ្លែងនៅក្នុង សន្និសិទ្ធកាសែត នៅក្នុងខេត្ត Hunan ប្រទេសចិនថា «ការវះកាត់នេះ គឺមិនប៉ះពាល់ ដល់ការនិយាយ និងការបរិភោគ អាហារនោះទេ និងពិតជាមាន សុវត្ថិភាពខ្លាំងណាស់»។ ការគេង មិនដកដង្ហើមទើបជា កត្តាហានិភ័យមួយ គួរឲ្យព្រួយបារម្ភ ព្រោះតែវាអាចធ្វើឲ្យ គាំងបេះដូង, ដាច់សរសៃឈាម ខួរក្បាល, សម្ពាធឈាមឡើងខ្ពស់, អស់កម្លាំងពេលថ្ងៃ, និង ការឡើងទំងន់ជាដើម៕





ប្រភព៖ ដេលីម៉េល

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]