សឹង្ហបុរី៖ បុរសវ័យ៥៣ឆ្នាំម្នាក់ ត្រូវបានរថយន្តតាក់ស៊ី មួយគ្រឿង កិនស្លាប់ បន្ទាប់ពីបានមកដេក នៅកណ្តាលផ្លូវ Jalan Sultan ស្ថិតក្នុងប្រទេសសឹង្ហបុរី កាលពីវេលា ម៉ោង៣ព្រឹកព្រលឹម ថ្ងៃទី២៩ ខែកញ្ញា ម្សិលមិញនេះ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះថា Zainudin។ មុនពេលកើតហេតុ គាត់បានខឹង នឹងស្រីម្នាក់ (មិនត្រូវបាន ស្គាល់អត្តសញ្ញាណ) ហើយក៏បានដើរ និងដេក នៅកណ្តាលផ្លូវថ្នល់ ឲ្យរថយន្តកិន ដើម្បីបញ្ចប់ជីវិតនេះ។

ជាមួយគ្នានេះដែរ មានរថយន្តតាក់ស៊ីមួយគ្រឿង ដែលបើកបរ នៅលើផ្លូវនោះ បានបើកមកបុក និងកិន រួចអូសជនរងគ្រោះ ប្រមាណជា ២០ម៉ែត្រ ទើបរថយន្តឈប់។

លោក Goh ជាអ្នកបើកបររថយន្តតាក់ស៊ី បង្កហេតុ បានបើកបរ ក្នុងល្បឿន ៦០គីឡូម៉ែត្រ ក្នុងមួយម៉ោង មិនអាចចាប់ហ្វ្រាំង ទាន់ពេលវេលា មុនពេលប្រទះឃើញ ជនរងគ្រោះ ទើបបណ្តាលឲ្យបុក ជនរងគ្រោះតែម្តង។

យ៉ាងណាមិញ អ្នកដំណើរ វ័យ៦០ឆ្នាំម្នាក់ ដែលកំពុងជិះ នៅក្នុងរថយន្តតាក់ស៊ី មិនបានដឹងថា រថយន្តតាក់ស៊ី ដែលខ្លួនកំពុងតែជិះ បានបុកត្រូវជនរងគ្រោះឡើយ ហើយបានសួរតៃកុងរថយន្តថា “ហេតុអ្វីបានជាឈប់?” ទៀងផង។

ទោះបីជាយ៉ាងណាក៏ដោយ ក្រោយពេលកើតហេតុ ជនរងគ្រោះ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ដោយមានឈាមហូរ ចេញពីខ្លួន យ៉ាងច្រើន ដាបពេញផ្លូវតែម្តង។ រីឯលោក Goh ដែលជាអ្នកបើកបរ រថយន្តបង្កហេតុ បានរាយការណ៏ ទៅប៉ូលីស និងបានប្រាប់ អ្នកយកព័ត៌មាន ថា គាត់ធ្វើជាអ្នក បើកតាក់ស៊ី អស់រយៈពេល ២១ឆ្នាំមកហើយ ហើយនេះ ជាលើកទី១ហើយ ដែលគាត់ជួបបញ្ហា គ្រោះថ្នាក់ចរាចរនេះ៕

ប្រភព ៖ សឹង្ហបុរី

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]