ភ្នំពេញ៖ ជាការពិត ភាពយន្តភាគថៃ បានបាត់វត្តមានលើកញ្ចក់ទូរទស្សន៍ខ្មែរ អស់រយៈពេលជា១០ឆ្នាំ មកហើយ ដោយសារតែតារា សម្ដែងថៃដ៏ល្បីមួយដួង បានប្រើពាក្យសម្ដីមិនសមរម្យ ពាក់ព័ន្ធនឹង សម្បត្តិបេតិកភណ្ឌដ៏ល្អឯករបស់ខ្មែរ ធ្វើឲ្យប្រជាពលរដ្ឋខ្មែរ កើតទុក្ខ មិនុសខចិត្ត ផ្ទុះកំហឹងបង្កជាហឹង្សា ដុតបំផ្លាញស្ថានទូតថៃ កាលពីឆ្នាំ២០០៣ ។ គេនៅចាំបានថា កាលពីរដ្ឋាភិបាលអាណត្តិទី១ ក្រោម ការដឹកនាំរបស់គណបក្ស ហ៊្វុនស៊ីនប៉ិច បានអនុញ្ញាតឲ្យមានលំហូរចូល នៃភាពយន្តថៃ យ៉ាងច្រើន កុះករ និងបានចាក់បញ្ចាំង គ្រប់ ស្ថានីយទូរទស្សន៍របស់ខ្មែរទាំងអស់ ពោលគឺវាយលុកខ្លាំងមែនទែន។ ចាប់តាំងពីពេលនោះមក បើក្រឡេកមកមើលភាពយន្តខ្មែរវិញ បានធ្លាក់ដាំក្បាលចុះស្ទើរតែ ហៅលែង ឮ ខណៈរោងភាពយន្តនានា ត្រូវបានក្លាយទៅជាក្លឹបកំសាន្ត សណ្ឋាគារ និងកាស៊ីណូ អស់រលីង គ្មានសល់ ។

ងាកមកមើលតាម កញ្ចក់ទូរទស្សន៍ខ្មែរវិញ ពេលបើកប៉ុស្ដិ៍ណា ក៏ឃើញតែភាពយន្តភាគថៃ អ្នកទស្សនា ខ្លះជក់មើលខ្លាំងពេក ភ្លេចបាយ ភ្លេចទឹក អាចនិយាយបានថា ងប់នឹងរឿងថៃងើបមុខមិនរួច ។ ប៉ុន្តែចាប់ តាំងពីមានបាតុភាពប្រឆាំង ការចាក់បញ្ចាំងរឿងភាគថៃ កាលពីឆ្នាំ ២០០៣ នោះមក រឿងភាគថៃត្រូវ បានបិទទាំងស្រុង មិនអនុញ្ញាតឲ្យមានការបញ្ចាំង លើកញ្ចក់ទូរទស្សន៍ខ្មែរទៀតឡើយ។ ចាប់តាំងពី អវត្តមានភាពយន្តភាគថៃ លើកញ្ចក់ទូរទស្សន៍ខ្មែររួចមក គេសង្កេតឃើញថា ទីផ្សារភាពយន្តខ្មែរ ហាក់ មានជីវិតជីវ៉ា រស់ឡើងវិញ ។ តារា ខ្មែរចាប់ផ្ដើម មានការងារធ្វើ ផលិករ និងអ្នកដឹកនាំរឿង ចាប់ផ្ដើមថត រឿងឡើងវិញ ខណៈរោងភាពយន្តក៏មានជាបណ្ដើរៗ ក្នុងរយៈ កាលជាង១០ឆ្នាំមកនេះ។

ខណៈភាពយន្តខ្មែរ កំពុងតែរស់ឡើងវិញ គួរឲ្យកត់សម្គាល់ពីមួយថ្ងៃទៅមួយថ្ងៃ និងមានបញ្ចាំង នៅលើ កញ្ចក់ទូរទស្សន៍ យ៉ាងព្រោង ព្រាតបែបនេះ ស្រាប់តែនៅរយៈកាលថ្មីនេះ ភាពយន្តភាគថៃ ក៏បង្ហាញ វត្តមាននៅលើកញ្ចក់ទូរទស្សន៍ខ្មែរវិញ ឡើងគ្រហើរៗ ជាពិសេស នៅ លើកញ្ចក់ទូរទស្សន៍ កងយោធពល ខេមរភូមិន្ទ ប៉ុស្ដិ៍លេខ៥ ក្រោមសំឡេងរិះគន់ធ្ងន់ៗ ពីសំណាក់មហាជន ។ ជាពិសេស តាមបណ្ដា រោងភាពយន្តទំនើបៗធំៗ ក្នុងប្រទេសកម្ពុចជា ក៏គេសង្កេតឃើញមានភាពយន្តថៃ ចាក់បញ្ចាំង ជាហូរហែ រហូតដល់ថ្នាក់តារាថៃ មកបើក សម្ពោធរឿងផ្ទាល់ខ្លួន របស់គេ ក្នុងប្រទេស ខ្មែរទៀតផង។

ពេលឃើញសភាពបែបនេះ ទើបមហាជន ទស្សនិកជន នឹកឃើញដល់ការអនុញ្ញាត របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបាន អនុញ្ញាត ឲ្យមានការបញ្ចាំងភាពយន្តភាគថៃ ឡើងវិញ ហើយកើតជា ចម្ងល់ជាច្រើនជុំវិញបញ្ហានេះ ថាតើក្រសួងបានគិតពិចារណា វែងឆ្ងាយកម្រិតណា មុននឹងអនុញ្ញាត ឲ្យមានការបញ្ចាំងភាពយន្តថៃឡើងវិញ ? តើក្រសួងវប្បធម៌ និងក្រសួងពាក់ព័ន្ធ ធ្វើការស្ទង់មតិពី ប្រជាពលរដ្ឋរបស់ខ្លួន ពិសេសអ្នកសិល្បៈរបស់ខ្លួនជុំវិញរឿងនេះ ដែរឬទេ? តើក្រសួងពិតជាមានចេតនា ចង់ឲ្យប្រវត្តិសាស្រ្ត ជូរចត់ច្រំ ដែលៗមួយនេះ វិលត្រឡប់មកវិញឬយ៉ាងណា នៅពេលដែលកន្លងមក តារាថៃធ្លាប់មើលងាយ ទៅលើវប្បធម៌របស់ខ្មែរ?

ជាក់ស្ដែងថ្មីៗនេះ ដោយមើលឃើញ និងខ្លាចរអានូវការវិលត្រឡប់ ទៅរកស្ថានភាពដូចមុនឆ្នាំ២០០៣ និងការធ្លាក់ចុះនៃភាពយន្តខ្មែរ តារាសម្ដែងល្បីឈ្មោះរាប់ឆ្នាំ អ្នកនាង ចន ច័ន្ទលក្ខិណា បានបញ្ចេញនូវ យោបល់ផុសចេញ ពីក្រអៅបេះដូងរបស់ខ្លួន ជុំវិញការចាក់បញ្ចាំង ភាពយន្តភាគថៃ លើកញ្ចក់ទូរទស្សន៍ ខ្មែរ នៅពេលនេះ ដោយអ្នកនាង បានសម្ដែងការមិនពេញចិត្ត និងមិនគាំទ្រឲ្យ ចាក់បញ្ចាំងឡើយ ។

ចន ច័ន្ទលក្ខិណា បានសង្កត់ធ្ងន់ថា ការធ្វើបែបនេះ មិនមែនដើម្បី ប្រយោជន៍ខ្លួនឯងទេ ព្រោះអ្នកនាង មិនអាចគ្រងតំណែង ជាតួឯកទៀត ឡើយ ម្យ៉ាងអ្នកនាងស្រឡាញ់ វិស័យសិល្បៈភាពយន្តនេះណាស់ អ្នកនាង បានចាប់ផ្ដើមតាំងពីអាយុ១៥ឆ្នាំ រហូតមកដល់ពេលនេះ បេះដូងនិងខួរក្បាល មានតែសិល្បៈ ប៉ុណ្ណោះ ។ អ្នកនាងមិនចង់ឲ្យវា ត្រឡប់ទៅរកជំនាន់មួយ ដែលរឿងភាគថៃ បានវាយលុក ភាពយន្ត ខ្មែរ រហូតហៅលែងឮតែម្ដង ។ អ្នកនាង ចន ច័ន្ទលក្ខិណា បន្តថាបើទោះបីស្ថានីយទូរទស្សន៍ ដែលបញ្ចាំង រឿងភាគ ថៃនោះ ខឹងអ្នកនាង មិនហៅអ្នកនាងឡើង ប៉ុស្ដិ៍នោះទៀតក៏ដោយ ក៏អ្នកនាង នៅតែជំនះ ធ្វើទាល់តែបាន ។ បើទោះជាខាងក្រសួងពាក់ព័ន្ធ មិនអើពើ ឬនៅតែចាក់ផ្សាយ ក៏ដោយ។

តារាសម្តែងជើងចាស់រូបនេះ បានប្រាប់ឲ្យដឹងថា "ក្នុងនាមខ្ញុំមិនបានធ្វើតាមអ្នកណាទេ ធ្វើនេះ ដើម្បីសិល្បៈ ព្រោះយើងដឹងថាសិល្បៈ និងកម្រិតនៃការផលិតនៅទាប យើងទទួលស្គាល់តែយើង មិនច្រណែនគេទេ ខ្ញុំចង់និយាយថា ម្នាក់ៗគួរតែប្រឹងប្រែង តវ៉ាទាំងអស់គ្នាទៅ មិនមែនថាយើងហាម មិនឲ្យបញ្ចាំងរឿងថៃសុទ្ធទេ ហើយក៏មិនសំដៅរឿងថៃតែមួយទេ គឺសុំឲ្យចាក់បញ្ចាំង ចាប់ពីម៉ោង ៩-៣០នាទីទៅ។ ខ្ញុំចង់និយាយថា បើយើង បណ្តោយឲ្យចាក់រឿងថៃ នៅម៉ោង ដែលប្រជាជនខ្មែរ កំពុងតែមើលទូរទស្សន៍ តើអារម្មណ៍អ្នកសិល្បៈ យ៉ាងម៉េច ?ចាងហ្វាងផលិតកម្ម យ៉ាងម៉េច ? បើសិនជាស្ថានីយ ទូរទស្សន៍មួយៗ គិតតែប្រយោជន៍ខ្លួន តើខ្លួនឯងជាអ្វីជាខ្មែរ ឬជាអី?" ។

ជាមួយគ្នានោះ ប្រធានសមាគមនសិល្បករខ្មែរ លោក សុះ ម៉ាច ក៏បានមានប្រសាសន៍ ស្រដៀងគ្នាថា ចំពោះអារម្មណ៍លោកក៏ មិនខុស ពីសិល្បករ-សិល្បការិនី ដទៃដែរ គឺយើងត្រូវពិចារណា ឡើងវិញ ឲ្យច្បាស់លាស់ បើទោះជាពេលនេះយើង មានការផ្លាស់ប្តូរ លើវិស័យ ភាពយន្ត ជាមួយប្រទេសជិតខាង មែន។ លោកថា "ប៉ុន្តែការចាក់បញ្ចាំងនោះ ត្រូវមានកម្រិតថា ត្រូវបញ្ចាំង តែភាពយន្តថៃសុទ្ធ ឬភាពយន្ត បរទេសសុទ្ធ ដោយមិនចាក់បញ្ចាំងភាពយន្ត យើងក៏មិនកើតដែរ ការធ្វើបែបនោះ ដូចជាការលើកទឹក ចិត្តគេ និងខ្សែភាពយន្តគេ ឲ្យកាន់តែល្បាញល្បី ទន្ទឹមនឹងនោះ យើងនឹងបាត់ប្រជាប្រិយ ភាព យើងគួរតែពិចារណាឡើងវិញ ជាពិសេសខាង ក្រសួងវប្បធម៌តែម្តង ថាតើឲ្យចាក់បញ្ចាំង នៅក្នុងកម្រិតណា?"។

ដោយឡែកអ្នកស្រី ពាន់ ភួងបុប្ផា ជាអ្នកដឹកនាំរឿងឆ្នើម មានឈ្មោះបោះសំឡេង ក៏បានបញ្ចេញប្រតិកម្ម មិនពេញចិត្តថា "និយាយឲ្យចំ ទៅ ខាងផលិតករយើង ដែលជាខ្មែរ ខ្ញុំមិនដឹងទេថា ទឹកដៃ និងការផលិត បានដល់ កម្រិតណាទេ ហើយបន្ទាប់ពីខ្ញុំ ឈប់ពីការដឹកនាំ រឿងនេះ ខ្ញុំក៏មិនសូវ បានតាមដាន ច្រើនទេ តែនៅក្នុងនោះ ខ្ញុំក៏មានការ ព្រួយ បារម្ភខ្លះៗ ទៅលើអ្នកមើលថា កំលាំងការស្រូបទាញ ការទស្សនា វាខ្លាំងហើយ ខ្ញុំក៏ខ្លាចកូនចៅជំនាន់ក្រោយ មានការយល់ច្រឡំ និងបែងចែក មិនច្បាស់ថា មួយណាជា របស់ខ្មែរ មួយណាជា របស់ថៃទេ ព្រោះថាវប្បធម៌ប្រទេសទាំងពីរនេះ មានភាពស្រដៀងគ្នា ….។ ការនិយាយរបស់ខ្ញុំនេះ គ្រាន់តែផ្ញើរក្ដីបារម្ភ ទៅដល់រដ្ឋាភិបាល ឲ្យលោកគិតនិង គួរតែ ផ្សព្វផ្សាយបែបណា ដើម្បីកុំឲ្យមានការយល់ច្រឡំទៅថ្ងៃក្រោយ.."។

ទាក់ទងនឹងការប្រតិកម្ម ពីអ្នកសិល្បៈនោះ ត្រូវបាន លោក ស៊ិន ចាន់សាយ៉ា ប្រធាននាយកដ្ឋានភាពយន្ត និងទស្សនិយភាព នៃក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ បកស្រាយប្រាប់ឲ្យដឹងថា ធម្មតាការផ្សព្វផ្សាយ រឿង គេពិតជាមាន ជាទូទៅមានការប៉ះពាល់តិច ឫច្រើន ប៉ុន្តែ យើងមិនអាច រើសអើងទេ ។ សម្រាប់លោក គិតថា គ្រប់យ៉ាងអាស្រ័យ លើខ្លួនយើងទេ បើយើងអាចធ្វើការ កំណត់វាបាន ទៅតាម អ្វីដែល អាចទទួលយកបាន ។លោកថា ការហូរចូលភាព យន្តបរទេស មកស្រុកយើង គឺត្រូវចាត់ ទុកថា ជាការប្រកួត ប្រជែងមួយដែរ គឺដើម្បីកុំឲ្យ យើងខ្លាច មិនហ៊ាន ប្រឈម ពោលគឺយើង ត្រូវតែហ៊ានប្រកួត ។ ម្យ៉ាងទៀត ការដាក់បញ្ចាំង រឿង ទាំងអស់នោះ ក៏ត្រូវមានកម្រិត កំណាត់ ណាមួយដែរ។ ជាក់ស្តែងបច្ចុប្បន្ន នៅលើទូរទស្សន៍ស្រុកយើង គឺមានដាក់បញ្ចាំងភាពយន្ត បរទេសជាង៩០ភាគរយ គ្មានការផលិត ខ្លួនឯងទេ "។

លោកបានបន្តទៀតថា ការបារម្ភ របស់សិល្បករយើង ដែលលោកបានឮ គឺជាការបារម្ភផ្ទាល់ខ្លួន និងជាការយល់ឃើញ របស់ពួកគាត់ តែប៉ុណ្ណោះ ការប៉ះពាល់វាតែងតែមាន ។ មួយវិញទៀត សម្រាប់ ការដាក់ចាក់បញ្ចាំង រឿងភាពយន្តថៃ ឡើងវិញនេះ ខាងក្រសួងមិនបាន ធ្វើការ ស្ទង់មតិអ្វីឡើយ តែយើងដឹងហើយថា សព្វថ្ងៃ ក្រសួងគ្រប់គ្រងតែលើរោងកុនទេ ព្រោះថារោងកុនជាសេរីភាព អ្នកណាចង់មើល ទៅទិញមើល ទៅតែបើអត់ចង់មើល កុំទៅ ។ចំណែកការបញ្ចាំង លើកញ្ចក់ ទូរទស្សន៍ គឺមិនស្ថិតនៅក្រោមការគ្រប់គ្រង របស់ក្រសួង វប្បធម៌ឡើយ ដូចជាលោកក៏មិនបានដឹងដែរ ។ ប៉ុន្តែក្នុងនោះ លោកក៏បានដឹងថា មានបងប្អូនប្រជាពលរដ្ឋ នៅតាមបណ្តាលខេត្ត ជាច្រើន ក៏មានការនិយម មើលរឿងថៃច្រើនដែរ តាមរយៈការជួលឌីសជាដើម ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៣ មានបាតុករខ្មែរមួយ ក្នុងបានធ្វើបាតុកម្មដុតកម្ទេច ស្ថានទូតថៃ បន្ទាប់ពីបណ្ដាញ សារព័ត៌មានក្នុងស្រុកមួយ បានចុះផ្សាយថា តួឯកកុនថៃ នាង ស៊ូវ៉ាន់ណន្ត គង់យីង (Suvanant Kongying) ទស្សនិកជនខ្មែរ ហៅ ក្រៅថា នាងផ្កាយព្រឹក បាននិយាយថា កម្ពុជា បានលួច ប្រាសាទអង្គររបស់ថៃ។ ក្រោយពីមានកុប្បកម្មដុតស្ថាទូតថៃរួចមក បានធ្វើឲ្យ រដ្ឋាភិបាល ខ្មែរ ត្រូវសងជាង៥០លានដុល្លារ ដើម្បីកសាងស្ថានទូតថៃឡើងវិញ ។ ចាប់តាំងពីពេល នោះមក រឿងភាគថៃ បានចាកចេញ ពីក្រសែភ្នែក របស់ទស្សនិកជនខ្មែរជាបណ្ដើរៗ ជាពិសេសបាត់ពី កញ្ចក់ទូរទស្សន៍ ខ្មែរ។

មតិជាច្រើនបានលើកឡើងថា ប្រជាជនកម្ពុជាមិនមែនចង្អៀតចង្អល់ពេក សម្រាប់ការផ្លាស់ប្ដូរវប្បធម៌គ្នា ទៅវិញទៅមកនោះទេ ប៉ុន្តែ ប្រសិន បើវប្បធម៌ ដែលហូរចូលមកនោះ ផ្ដល់នូវភាពខាតបង់ ចំពោះវប្បធម៌ ខ្លួន និងមានចេតនាលុបបំបាត់វប្បធម៌ខ្លួន ក៏មិនអាច ទទួល យកបានដែរ ។ ជាក់ស្ដែងពេល ប្រជាពរដ្ឋខ្មែរ ត្រូវការពូជដាំដុះ ដើម្បីបង្កើនផលដំណាំ ត្រូវបានខាងប្រទេសថៃ ជាអ្នក ផ្ដល់នូវពូជ បង្ក បង្កើនផលឲ្យ ដោយសន្យាថា ពេលបានផលនឹងទិញកសិផល ទាំងនេះពីកសិកខ្មែរ ប៉ុន្តែពេលក្រុមហ៊ុនថៃ ទិញកសិផលពីខ្មែរ ប្រជាជនថៃ បានធ្វើបាតុកម្ម មិនឲ្យរដ្ឋាពិបាល ឬក្រុមហ៊ុនថៃ ទិញ កសិផល របស់កសិករ ខ្មែរឡើយ។ សួរថា តើរឿងនេះ នរណាជា អ្នកចំណេញ នរណាជាអ្នកខាត?

យ៉ាងណាមិញ ក្នុងឧស្សហកម្មភាពយន្ត ការវិញត្រឡប់របស់ភាពយន្តភាគថៃ នៅលើកញ្ចក់ទូរទស្សន៍ ខ្មែរ ក៏ជាសញ្ញាគ្រោះថ្នាក់មួយ លើវប្បធម៌ខ្មែរ និងប៉ះពាល់យ៉ាងខ្លាំង ដល់យុវវ័យក្នុងទទួល យកវប្បធម៌ បរទេស ដែលធ្លាប់មានដំបៅឈឺចាប់នេះ ។ ដូច្នេះទាំងអ្នក សិល្បៈខ្មែរ ទាំងអ្នកពាក់ព័ន្ធ ជាពិសេសក្រសួង វប្បធម៌ ក្រសួងព័ត៌មាន ត្រួវតែមានកិច្ចពិភាក្សាគ្នាមួយ ដើម្បីស្វែងរក ដំណោះស្រាយ ឲ្យបានសមរម្យ ដែលអាទទួលយកបាន ទាំងអស់គ្នា ព្រោះបញ្ហានេះ មិនអាចទុកឲ្យទំជោរ ហើយចាំនាំគ្នារកដំណោះ ជាក្រោយបាន ឡើយ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]