ភ្នំពេញ៖ ដោយសារតែ ការ កើនឡើង ចំនួនប្រជាជនរស់នៅ ក្នុងទីក្រុង រួមជាមួយនឹង ជនចំណាក ស្រុកមកពី ជនបទ និងភ្ញៀវទេសចរ ផងដែរនោះ អាជ្ញាធរ រាជធានីភ្នំពេញ និងក្រសួងពាក់ព័ន្ធ នានា ពិនិត្យមើល នូវការដាក់បញ្ចូល តំបន់ថ្មីមួយចំនួន ទៀតទៅក្នុង ប្លង់គោលមេសម្រាប់ ការពង្រីករាជធានី នាពេលអនាគត។

តាមសម្ដីរបស់ លោកប៉ា សុជាតិវង្ស អភិបាល នៃគណៈ អភិបាលរាជធានីភ្នំពេញ បានបង្ហាញឲ្យ ដឹងថា ដើម្បីរក្សាអត្តសញ្ញាណ ទីក្រុងភ្នំពេញ ជាទីក្រុងចតុមុខ ការលើកកម្ពស់តំបន់ ប្រវត្តិសាស្ត្រ និងការកំណត់ តំបន់កសិកម្មជាយ ក្រុងសាលារាជធានីភ្នំពេញ បានឯកភាពលើ សំណើរបស់ក្រសួងមហាផ្ទៃ និង ក្រសួងរៀបចំ ផែនដីនគរូបនីយកម្ម និងសំណង់ ក្នុងការដាក់បញ្ចូល តំបន់អរិយក្សត្រ ទៅក្នុងប្លង់ គោល សម្រាប់រាជធានីភ្នំពេញ នាឆ្នាំ២០២០។

លោកអភិបាលរាជធានី បានបន្ថែមឲ្យ ដឹងទៀត ថា ការឯកភាពនេះ ត្រូវបានធ្វើឡើង នៅចុងខែ កញ្ញា កន្លងទៅ នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ លើសេចក្តីព្រាង ប្លង់គោល ក្នុងការប្រើប្រាស់ដីនៅ រាជធានីភ្នំពេញ នៅទីស្តីការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោយពីមានការ ពិភាក្សាផ្លាស់ប្តូរ យោបល់រវាងមន្ត្រី មកពីគណៈ កម្មការរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្នាក់ជាតិ ជាមួយនឹងមន្ត្រី ដែលមកពីស្ថាប័ន ពាក់ព័ន្ធ ចំនួនប្រមាណជា ២០ផ្សេងទៀត។

លោកអ៊ឹម ឈុនលឹម ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា ការដាក់បញ្ចូល តំបន់អរិយក្សត្រ ទៅក្នុងប្លង់មេរបស់ក្រុង គឺ ជាការបង្ហាញនូវប្លង់ គោលខ្នាតធំមួយស ម្រាប់រាជធានីភ្នំពេញ នាពេលអនាគត ឬអាចនិយាយ បានថា នៅពេលដ៏ខ្លីខាងមុខ ក្រសួងនឹងធ្វើផែន ការស្តីពីការ ប្រើប្រាស់ដីនៅតាម បណ្តាខណ្ឌ និង សង្កាត់បន្ថែមទៀត ដើម្បីឱ្យគម្រោង អាចអនុវត្ត បានប្រកបដោយប្រសិទ្ធភាពខ្ពស់។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី បាន គូសបញ្ជាក់ថា “ការកំណត់នូវប្លង់គោលនេះ គឺ សំខាន់បំផុត សម្រាប់ជួយរៀបចំហេដ្ឋា រចនាសម្ព័ន្ធធំៗ និងកំណត់ចក្ខុវិស័យ អភិវឌ្ឍន៍ឆ្នាំ២០១៥ ដល់ឆ្នាំ២០៣៥។ យើងនឹងប្រជុំកែ ប្រែឡើងវិញ រាល់៥ឆ្នាំម្តង ជាមួយនឹងប្លង់នេះ ដើម្បីដោះស្រាយ បញ្ហាដែលជួបប្រទះ”។

ផ្អែកតាមគម្រោងដែលគេបានរំពឹងទុកតំបន់អរិយក្សត្រ នឹងត្រូវគេរៀបចំអភិវឌ្ឍជា តំបន់លំនៅឋាន តំបន់វប្បធម៌ ប្រវត្តិសាស្ត្រ តំបន់ ពាណិជ្ជកម្ម ផ្សារទំនើប និងកន្លែងសម្រាប់ធ្វើ ទេសចរណ៍ផងដែរ ហើយតំបន់ (អិរយក្សត្រ) នេះ ជាផ្នែកមួយនៃ រាជធានីភ្នំពេញ ពីព្រោះថា តំបន់នេះ ស្ថិតនៅជាប់ នឹងដងទន្លេមេគង្គ ដែល ជាវាលទំនាបមួយសម្បូរ ទៅដោយទេសភាព ដ៏ល្អប្រណីតគួរឱ្យចង់គយគន់ និងរស់នៅរបស់ មនុស្សគ្រប់ជាតិសាសន៍ និងគ្រប់ពណ៌សម្បុរ។

ក្រោមការដឹកនាំរបស់ លោកអភិបាលរាជធានី ប៉ា សុជាតិវង្ស លោកក៏នៅមាន គម្រោងសាងសង់ស្ពាន ចំនួន២បន្ថែមទៀតនា ពេលឆាប់ៗ ខាងមុខនេះ ដែលទីតាំងទី១ ស្ថិត នៅត្រង់កំពង់ ចម្លងស្វាយជ្រំ និងទីតាំងទី២ ស្ថិត នៅភូមិក្តីតាកុយ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ឆ្ពោះទៅកាន់តំបន់អរិយក្សត្រ បន្ទាប់ពីមាន ការត្រៀមដាក់ បញ្ចូល តំបន់អរិយក្សត្រ ទៅក្នុងប្លង់គោលទីក្រុង សម្រាប់ឆ្នាំ២០២០ នោះ។

គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗ នេះ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ យករាជធានី ភ្នំពេញ ធ្វើជាប៉ូល អភិវឌ្ឍស្នួល របស់ប្រទេស ក្នុង នោះ មានការបម្រុង ទុកនូវប្រព័ន្ធហេដ្ឋារចនា សម្ព័ន្ធមេ ចាំបាច់មួយចំនួន ក្នុងកម្រិតរបៀបជា ទីក្រុងធំ ប្រកបដោយគុណភាពអន្តរជាតិ ដែល មានលក្ខណៈភូមិសាស្ត្រធំទូលាយ មានទេសភាព ស្រស់ស្អាត និងមានការទាក់ទាញបំផុត៕

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]