ឥណ្ឌា៖ បណ្តាសារព័ត៌មាន អន្តរជាតិល្បីៗ និងបណ្តាប្រទេសផ្សេងៗទៀត ទូទាំងពិភពលោក ហាក់ដូចជាភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពី ប្រទេសឥណ្ឌា បានសម្រេច នូវសមិទ្ធិផល ដ៏អស្ចារ្យមួយ ដោយបង្ហោះផ្កាយរណប របស់ខ្លួន ជាលើកដំបូងតែប៉ុណ្ណោះ ប៉ុន្តែបែរជាជោគជ័យ ទៅដល់ភពព្រះអង្គារ៍ កាលពីថ្ងៃទី ២៤ ខែកញ្ញា ថ្មីៗនេះ។

ផ្កាយរណបរបស់ឥណ្ឌានេះ មានឈ្មោះហៅកាត់ថា MOM (Mars Orbiter Mission) ទីបំផុតបាន ហោះចូលក្នុង គន្លងរបស់ភពព្រះអង្គារ៍ហើយ បន្ទាប់ពីធ្វើដំណើរ ចេញពីភពផែនដី អស់រយៈពេល ជិតមួយឆ្នាំ រួចមក ហើយការហោះ ចូលគន្លង របស់ភពក្រហមនេះ គឺពិបាក នឹងសម្រេច ណាស់ ពោលគឺត្រូវធ្វើការហោះចូល ជាច្រើនលើកច្រើនសារ ប៉ុន្តែឥណ្ឌាបែរជាធ្វើបាន ក្នុងលើកទីមួយរបស់ខ្លួន គួរឲ្យសរសើរទៅវិញ។

ក្នុងនោះដែរ គេក៏សង្កេតឃើញ វត្តមាននាយករដ្ឋមន្ត្រី ក្នុងស្ថានីយអវកាស នាទីក្រុង Bangalore ដើម្បីចូលរួមអបអរ សមិទ្ធិផលនេះ ដោយមានប្រសាសន៍ថា៖ “ខ្ញុំសូមចូលរួមអបអរសាទរ ដល់បណ្តា ជនជាតិ និងប្រទេសឥណ្ឌា ទាំងមូល។ ទីបំផុត ប្រវត្តិសាស្ត្រ បានកើតឡើងហើយ នាថ្ងៃនេះ”។

ទន្ទឹមនឹងនេះដែរ ឥណ្ឌាគឺជាប្រទេស ដំបូងបង្អស់ ក្នុងទ្វីបអាស៊ី ដែលអាចហោះទៅដល់  ភពព្រះអង្គារ៍ នេះបាន ហើយក៏ជាប្រទេសទីបួនដែរ នៅលើពិភពលោក បន្ទាប់ពី សហរដ្ឋអាមេរិក, រុស្សី និងសហភាព អឺរ៉ុប ខណៈប្រទេសចិន និងជប៉ុន ធ្លាប់ធ្វើការសាកល្បងដែរ ប៉ុន្តែបរាជ័យ។

គួរបញ្ជាក់ផងដែរថា សមិទ្ធិផលនេះ គឺត្រូវចំណាយថវិកា តែប្រមាណជិត ៧០ លានដុល្លារ សហរដ្ឋ អាមេរិក ប៉ុណ្ណោះ ហើយផ្កាយរណបនេះ នឹងធ្វើការអង្កេត ភពព្រះអង្គារ៍ ក្នុងរយៈពេលយ៉ាងតិច ៦ ខែ ដើម្បីសិក្សាពី សមាសភាពផ្សំនៃដី និងការបញ្ចេញឩស្ម័ន របស់វា ជាដើម៕


                                     [រូបភាពផ្កាយរណប MOM]


                  [រូបភាពដែលផ្កាយរណប MOM ថតបាន ពីភពព្រះអង្គារ៍]

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ បរទេស

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]