ព្រះវិហារ៖ កម្លាំងអាវុធហត្ថខេត្ត សហការជាមួយ កម្លាំងនគរបាល ដឹកនាំដោយលោកឧត្តម សេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ អាវុធហត្ថខេត្ត បានចុះទៅចាប់ខ្លួន ជនសង្ស័យម្នាក់ បន្ទាប់ ពីយកស្នាបាញ់ ជនរងគ្រោះរឿង ទំនាស់ពាក្យសំដី ។

ហេតុការណ៍បាញ់ សម្លាប់គ្នានេះ បានកើតឡើង កាលពីវេលាម៉ោង ១៨និង៣០នាទី ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតនៅភូមិ ស្វាយប៉ាត ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ ។

លោកកែ វង្ស មេបញ្ជាការរង និង ប្រធានមន្ទីរព័ត៌មាន និងស្រាវជ្រាវ បទល្មើសព្រហ្មទណ្ឌ នៃកងរាជ អាវុធហត្ថខេត្ត បានឲ្យដឹងថា ជនបង្កមានឈ្មោះ ថេង ខេម ភេទប្រុស អាយុ៤២ឆ្នាំ មានមុខរបរ ជាកសិករ រស់នៅភូមិប្រធាតុ ឃុំចំរើន ស្រុកសង្គម ថ្មី ខេត្តព្រះវិហារ ចំណែកជន រងគ្រោះមានឈ្មោះ ជួន វៀច ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិ ឃុំ ជាមួយជនសង្ស័យ ។

លោកកែ វង្ស បានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យនិង ជនរងគ្រោះបាន ផឹកស៊ីជាមួយគ្នា លុះពេលស្រវឹងរៀងៗ ខ្លួនក៏បានបង្កទំនាស់ រហូតដល់ជនសង្ស័យ ទាញស្នាបាញ់ សម្លាប់តែម្តង ។

ក្រោយកើតហេតុ ជនសង្ស័យត្រូវបាន បញ្ជូនមកកាន់ទីបញ្ជាការ កងរាជអាវុធហត្ថខេត្ត ដើម្បីកសាងរឿង បញ្ជូនទៅកាន់តុលាការ ចាត់តាមច្បាប់ ចំណែកសពជនរងគ្រោះ ប្រគល់ក្រុមគ្រួសារ យកទៅបុណ្យតាមប្រពៃណី ។ នៅក្នុងឱកាសនោះ លោក កង សៅគុណ មេបញ្ជាការកងរាជ អាវុធហត្ថ ក៏បានឧបត្ថម្ភថវិកា ចំនួន៥០ម៉ឺនរៀល ជូនដល់ក្រុមគ្រួសារ ជនរងគ្រោះផងដែរ ៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]