ភ្នំពេញៈ បទចម្រៀងជាង ៧០បទ របស់អធិរាជសម្លេងមាស លោក ស៊ិន ស៊ីសាមុត ត្រូវបាន ខាង គណៈ កម្មាធិការ ជាតិគ្រប់គ្រង កម្មសិទ្ធិ បញ្ញា ចេញសេចក្តីជូនដំណឹង ដោយទទួលយក សំណើរសុំ សិទ្ធិ គ្រប់គ្រងមរតកសាសន៍ បទចម្រៀងពី លោក ស៊ិន ច័ន្ទឆាយា ដែលជាកូន បង្កើតរបស់ លោក ស៊ិន ស៊ីសាមុត ដោយទុករយៈ ពេលប្រមាណ១ខែ សម្រាប់ការដាក់ពាក្យ ប្តឹងជំទាស់ផងដែរ ។

បើទោះជាអធិរាជសម្លេងមាស លោក ស៊ិន ស៊ីសាមុត បានទទួលមរណៈភាព ទៅជាច្រើនឆ្នាំ ហើយក៏ ដោយ តែទឹក ដមសំនៀងពិរោះ ក្រអួន ក្រអៅរបស់លោក នៅតែដិតដាម ជាប់បេះដូង កូនខ្មែរ គ្រប់រូប មិនដែលសាបសូន្យឡើយ ហើយជានិច្ចកាលកូនខ្មែរ តែងតែ មានអារម្មណ៍ ភ័យខ្លាច ថាបទ ចម្រៀង ចាស់ៗ ដែលលោកធ្លាប់បានច្រៀងនោះ និងរលាយបាត់បង់ទៅនៅថ្ងៃណា មួយ ប្រសិន បើនៅតែ គ្មាន អ្នកអើពើការពារ និងអភិរក្សទេនោះ ។ ទន្ទឹមជាមួយគ្នានោះ អ្វីដែល ធ្វើឲ្យ បងប្អូន ប្រជាពលរដ្ឋខ្មែរ ទាំងអស់មាន ការសាទរ និង រំភើបចិត្តខ្លាំង គឺបន្ទាប់ពីខាង គណៈកម្មាធិការ ជាតិ គ្រប់គ្រងកម្មសិទ្ធិបញ្ញា បានចេញសេចក្តីជូនដំណឹង ជាសាធារណៈថា បទចម្រៀង របស់ លោក ស៊ិន ស៊ីសាមុត ចំនួនជាង ៧៣បទ គឺត្រូវបានថែរក្សានិងការពារ ។

យោងតាមសេចក្តីជូនដំណឹង ដែលចុះផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៤ របស់ គណៈកម្មាធិការជាតិ គ្រប់គ្រងកម្មសិទ្ធិបញ្ញា បានចេញ សេចក្តី ជូនដំណឹងថា ជាលទ្ធផលយើង បានរកឃើញថា មានបទ ចម្រៀង ចំនួន៧៣បទ ដែលជាស្នាដៃនិពន្ធ ទំនុកច្រៀង និងបទភ្លេង ដោយ លោក ស៊ិន ស៊ីសាមុត ដូច្នេះរាល់ភាគីពាក់ព័ន្ធទាំងអស់ ដែលមានបំណងចង់ប្តឹងជំទាស់ ប្រឆាំងនិងការផ្ទេរសិទ្ធិ មរតកសាសន៍ លើបទចម្រៀងខាងលើ អាចដាក់ពាក្យប្តឹងបានក្នុង រយៈពេល១ខែ ចាប់ពីថ្ងៃផ្សាយ ដំណឹងនេះតទៅ ។

បទចម្រៀងទាំង៧៣បទ នោះមានដូច សូរិយាមាសបង, ហ៊ានស្លាប់ព្រោះបង, ចុតហ្អាយមច្ចុរាជ, ចិញ្ចៀនត្បូងប្រាំ, ផ្គរលាន់ឯត្បូង, ស្នេហាអដ្ឋិ សុវណ្ណច័ន្ទកេសរ, ទឹកភ្នែកនៅពេលបែកគ្នា, ស្រីតូចច្រឡឹង និងបទចម្រៀងពិរោះៗ ជាច្រើនបទទៀត ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]