រាជធានីភ្នំពេញ ៖ បុរសម្នាក់ ត្រូវមនុស្សមួយក្រុម ព្រួតគ្នាដេញវាយ បណ្តាលឱ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង ៨និង៣០នាទី យប់ ថ្ងៃទី ១៩ កញ្ញា ២០១៤ នៅចំណុច ក្បែរក្លោងទ្វារ ចូលវត្តពោធិ៍តាញ្ញាណ តាមបណ្តោយផ្លូវ លេខ៣៧១ ស្ថិតក្នុងសង្កាត់ បឹងទំពុន ខណ្ឌមានជ័យ ។

ប្រភពព័ត៌មាន បានឱ្យដឹងថា នៅមុនពេលកើតហេតុ បុរសរងគ្រោះ និងបក្សពួក៥នាក់ទៀត ជិះម៉ូតូបីគ្រឿង មកឈប់ នៅពីមុខ រោងកាត់ដែក នៅក្បែរក្លោងទ្វារ វត្តពោធិ៍តាញ្ញាណ រួចបានដើរចូល ទៅក្នុងរោងមួយ សន្ទុះក្រោយមក គេឃើញបក្សពួក របស់បុរសរងគ្រោះ នាំគ្នារត់ចេញ ពីរោងនោះអស់ ហើយបន្ទាប់មក ក៏ឃើញបុរសរងគ្រោះ ត្រូវក្រុមមនុស្ស ជិត២០នាក់ ដែលធ្វើជា ជាងដែក នៅទីតាំងខាងលើនេះ នាំគ្នាព្រួតគ្នា ដេញវាយ បុរសរងគ្រោះ តែម្នាក់ឯង ដោយក្រុមមនុស្ស ទាំងអស់នោះ នៅក្នុងដៃ គឺប្រដាប់ទៅដោយ ដំបង ដែក និងដាវសាំម៉ូរ៉ៃ ។

បុរសរងគ្រោះ បានរត់គេច ពីការតាមដេញវាយ របស់ក្រុមមនុស្ស មួយក្រុម តែចៃដន្យ ពេលដែរបុរសរងគ្រោះ កំពុងតែរត់ ស្រាប់តែជំពប់ជើងដួល ធ្វើឱ្យមនុស្សមួយក្រុមនោះ តាមបុរសរងគ្រោះទាន់ ហើយក៍ព្រួតគ្នា វាយបុរសរងគ្រោះ បាក់ធ្មេញ បែកក្បាល និងជាំពេញខ្លួន រងរបួសធ្ងន់ ដែលបង្កឱ្យ មានការភ្ញាក់ផ្អើល ហើយមនុស្សមួយក្រុមនោះ ក៏បានរត់គេចខ្លួន អស់តែម្តង ។

ទាក់ទងទៅនឹង អំពើហិង្សា របស់មនុស្សមួយក្រុម លើកគ្នាដេញវាយ បុរសរងគ្រោះ តែម្នាក់ឯងនេះ គេមិនទាន់ដឹងថា តើបណ្តាលមកពី មូលហេតុអ្វី នៅឡើយទេ ក៏ប៉ុន្តែមហាជន បានសន្និដ្ឋានថា អាចបណ្តាលមកពី ជម្លោះគ្នារឿង អ្វីមួយ ។



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]