ភ្នំពេញ៖ កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ រួមជាមួយអាវុធហត្ថ លើផ្ទៃប្រទេស បានបើកប្រតិបត្តិការ តាមចាប់ មន្រ្តីអនុរក្សពន្ធនាគារ ២នាក់ ពាក់ព័ន្ធនឹងពីបទ ជំរិតទារប្រាក់ ៥ម៉ឺនដុល្លា ពីជនជាតិសាំងហ្គាពួរ និងជាអគ្គនាយក ក្រុមហ៊ុន HLH នៅល្ងាច ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤ ។

មន្រ្តីអាវុធហត្ថ រាជធានីភ្នំពេញ បានថ្លែងឲ្យ ដឹងនៅរសៀល ថ្ងៃសុក្រនេះថា ការចាប់ឃាត់ខ្លួន អនុរក្ស ពន្ធនាគារ ២នាក់ ពីបទជំរិតទារប្រាក់ ៥ម៉ឹនដុល្លារ ពីថៅកែជនជាតិ សាំងហ្គាពួរនោះ ធ្វើឡើងដោយ កម្លាំង អាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ ដោយឧត្តមសេនីយ៍ ផ្កាយ២ រ័ត្ន ស្រ៊ាង អគ្គមេបញ្ជាការ រងអាវុធហត្ថ លើផ្ទៃប្រទេស និងជា មេបញ្ជាការ អាវុធហត្ថរាជធានីភ្នំពេញ តាមដានអស់ រយៈពេល ៣ថ្ងៃ បន្ទាប់ពីទទួលបាន ពាក្យបណ្តឹងពី ជនរងគ្រោះ ហើយចាប់ បាននៅចំណុច សាខា ប្តូរប្រាក់ WING នៅចំណុចម្តុំសង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

មន្រ្តីអាវុធហត្ថ បានថ្លែងបញ្ជាក់ថា ជនសង្ស័យពាក់ព័ន្ធ នឹងការជំរិតទារប្រាក់ ដ៏ច្រើននេះ មានគេ៣នាក់ ទី១.ឈ្មោះ ឡេង សុខលាង អាយុ ២៨ឆ្នាំ មន្រ្តីពន្ធនាគារ ខេត្តកណ្តាល ផ្នែកកាន់សោរគុក ទី២. ឈ្មោះ ជួន រតនៈ មន្រ្តីពន្ធនាគារ ផ្នែកការពារទណ្ឌិត និងទី៣. ឈ្មោះ សៅ កុសល (អ្នកកំពុងជាប់គុក) ជាមេខ្លោង រៀបចំផែនការ ។ ចំណែកជនរងគ្រោះ ជាជនជាតិចិន សាំងហ្គាពួរ និងជាអគ្គនាយក ក្រុមហ៊ុន HLH Agriculture Cambodia (ក្រុមហ៊ុនកសិកម្ម) រកស៊ី នៅស្រុកខែ្មរ។

តាមការឲ្យដឹងបន្ថែមថា ជនកំពុងមានទោស ជាប់ឃុំនៅពន្ធនាគារ ខេត្តកណ្តាល ជាអ្នកទាក់ទង រៀបចំផែនការ តាមទូរស័ព្ទ ទៅកាន់ថៅកែ ជនជាតិចិន សាំងហ្គាពួរ តាមរយៈស្រ្តីម្នាក់ ដែលជា អ្នកអនាម័យ នៅក្រុមហ៊ុន HLH ក្រោយពីសួរនាំដឹង រឿងរ៉ាវអស់ហើយ ក៏បានចាប់ផ្តើម ជំរិតទារប្រាក់ ៥ម៉ឺនដុល្លារ ពីថៅកែជនជាតិ សាំងហ្គាពួរ ហើយបានគំរាមថា ប្រសិនបើមិនឲ្យតាម ការទាមទារនោះទេ គេនឹងសម្លាប់ចោល ។ ដោយភាព ភ័យខ្លាចថៅកែ ជនជាតិសាំងហ្គាពួរនោះ បានយល់ប្រគល់លុយ ៥ម៉ឺនដុល្លារ ដោយធ្វើឡើងតាម ហាងផ្ទេរប្រាក់ WING ។ លុះដល់ពេល វេលានៅថ្ងៃទី ១៨ ខែកញ្ញា ទៅយកលុយ ជនចាប់ជំរិត (កំពុងជាប់ឃុំ) បានឲ្យអនុរក្ស ពន្ធនាគារ ២នាក់ទៅយកលុយ នៅសាខា WING ចាក់អង្រែក្រោម ខណ្ឌមានជ័យ នៅល្ងាចថ្ងៃទី១៨ ខែកញ្ញានេះ ត្រូវកម្លាំង អាវុធហត្ថ រាជធានីភ្នំពេញ ចាប់ខ្លួនតែម្តង។

អ្វីដែលអស្ចារ្យនោះ តើពន្ធនាគារ ខេត្តកណ្តាល បច្ចុប្បន្ននេះមានការ ត្រួតពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់ ច្បាប់ទម្លាប់ យ៉ាងណាដែរ ទើបអ្នកជាប់គុកសោះ ក៏អាចមានលទ្ធផលទូរស័ព្ទ ខ្វាត់ខ្វែងតាមអំពើចិត្ត រហូតហ៊ាន ទៅដល់ជំរិតទារ ដ៏ក្រាស់កែលពី អ្នកវិនិយោគទុន។ តាមការឲ្យដឹង ពីមន្រ្តីនៅក្នុង ពន្ធនាគារ នោះបាន លួចបង្ហើបឲ្យដឹងថា បច្ចុប្បន្ននៅពន្ធនាគារ ខេត្តកណ្តាល អ្នកទោសអាចមាន សិទ្ធិទូរស័ព្ទចេញចូល បានដោយសេរី ជាមួយអ្នករកស៊ីទូរស័ព្ទ សាធារណៈនៅក្នុងនោះ ដោយក្នុង មួយនាទី ៣០០០រៀល ចំណែកឯការ ចេញចូលវិញ រឹតកាន់តែធូរ រលុងថែមទៀត ។ តើពន្ធនាគារ ខេត្តកណ្តាល ពិតជាមានបញ្ហាពុក រលួយស៊ីជំរៅមែនទេ ? សូមអង្គភាព ប្រឆាំងអំពើ ពុករលួយ របស់ទេសរដ្ឋមន្រ្តី ឱន យ៉ិនទៀង សូមមេត្តាជួយចុះ ពិនិត្យបញ្ហាដែលកំពុង កើតមាននៅ ក្នុងពន្ធនាគារ ខេត្តកណ្តាលផង៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]