ការបោះបាយបិណ្ឌ ជាជំនឿមួយ ដែលជនជាតិខ្មែរយើង និយមធ្វើជារៀង រាល់វេលាទៀបភ្លឺ នៅតាមទីវត្តអារាម ក្នុងរដូវ បុណ្យកាន់បិណ្ឌ ដើម្បីបញ្ជូន ឬឧទ្ទិសកុសល ឱ្យទៅញាតិសន្ដាន សាច់សាលោហិត ដែលបាន ចែកឋានទៅបរលោក ។

ជួបសម្ភាសន៍ជាមួយ ព្រះមហា គង់ ផែង គង់នៅវត្តសំពៅមាស នៃរាជធានីភ្នំពេញ មានថិរដីកា ប្រាប់កោះសន្តិភាព ឱ្យដឹងថា ចំពោះជំនឿ លើការបោះបាយបិណ្ឌនេះ ប្រជាជនយើង មួយចំនួន មានគំនិតខ្វែងគ្នា ដោយសារតែ ពិធីបោះបាយបិណ្ឌនេះ មិនមានចែង នៅក្នុងគម្ពីរទេ ក៏ប៉ុន្តែ ពិធីបោះបាយបិណ្ឌ មាននៅក្នុង ជំនឿព្រហ្មញ្ញសាសនា ដែលនៅក្នុងព្រហ្មញ្ញសាសនា មានពិធីបោះបាយបិណ្ឌ ដូចគ្នាដែរ។ ដូច្នេះហើយ អ្នកដែលអានគម្ពីរ បានរិះគន់ ចំពោះច្បាប់ទំនៀមទម្លាប់ខ្មែរ ។ នៅក្នុងពុទ្ធសាសនា មានលក្ខណៈ មិនអាចខុសទាំងស្រុងទេ នៅក្នុងការបោះ បាយបិណ្ឌនេះ ។

ព្រះសម្មាសម្ពុទ្ធ បានត្រាស់សម្តែង អំពីពពួកប្រេត ថា មានច្រើនប្រភេទ គឺមានប្រភេទ១២ពួក ប្រភេទ២១ពួក និងប្រភេទ៣ពួក។ មានប្រេតខ្លះ មិនអាចទទួលបាន ការឧទិ្ទផលបុណ្យ ពីសាច់ញាតិទេ។ ប្រេតដែលទទួល ការឧទិ្ទសកុសល បាននោះ គឺមានតែពពួកប្រេត ដែលមានឈ្មោះថា បរាតទោបជីប្រេត ប៉ុណ្ណោះ។ ចំណែកឯប្រេត មួយប្រភេទទៀត មានឈ្មោះ កុណបាសិក្កកប្រេត គឺអាចសីុបាន តែរបស់ដែលគេ បោះចោលនឹងដី ដូចជាស្លេស្ម៍ ខ្ទុះ កំហាក ឈាម សំរាម សំបោរ ជាដើម ដូច្នេះហើយ ក៏មានការបោះបាយបិណ្ឌឡើង គឺជាពិធីបែបទំនៀមទម្លាប់ ។

ចំណែកឯប្រេតប្រភេទ១២ពួកមាន ៖
ប្រេតទី១-ឈ្មោះ វន្តាស ៖ ប្រេតនេះមានភ្នែកគ្រលួង មានមុខក្រញូវ ដុះរោមច្រើនស្រមូវ មាត់វៀចកំប៉ូវ ខ្នងកោងកំពួរ សក់រួញក្រញង់ ដោះប៉ោង ខ្លួនធុំក្លិនខ្មួរ ដៃជើងក្រញង់ ធ្មេញដុះខុសជួរ មានរូបរាងខ្ពស់ជង្គ្រោង ស្គមដូចកុកគ្រោង ដំបៅពេញកាយ រាប់រយលានឆ្នាំ មិនដែលស្គាល់បាយ ស៊ីតែកំហាក ដែលស្តោះចេញពីមាត់គេ ។ ចំពោះប្រេតទាំងនេះ មកពីមិនបានធ្វើបុណ្យ ដោយចិត្តជ្រះថ្លា ស្តោះដាក់ អាហារ ឲ្យអ្នកមានសីលខ្ពស់ ។

ប្រេតទី២-ឈ្មោះកុណបាស ៖ គឺមានពោះធ្លាក់ត្រយោក មុខខ្លីកំប៉ុក ភ្នែកប៉ុនត្រឡោក ចង្កាយារស្តោក ធ្មេញធំប៉ុនដប សក់វែងអូសដី ច្រមុះខើចខ្លី កស្តួចដូចដប ក្បាលធំជាងខ្លួនមិនសមប្រកប ។ ធុំក្លិនខ្លួនស្អុយអសោចិ៍ ស៊ីតែសពខ្មោច ។ ប្រេតនេះអត់បាយ រាប់កោដិឆ្នាំ ស៊ីតែខ្ទុះឈាម នៃសពខ្មោច ឥតបានប្រយោជន៍ទេ បើស៊ីណាស់ កាន់តែឃ្លានណាស់ ព្រោះមានផលកម្មចាស់ ដែលខ្លួនបានសាងឡើង ។

ប្រេតទី៣-ឈ្មោះគូថខាទក៖ ប្រេតនេះភ្នែករឹលទទឹង មាត់ខើចសំញេញ ដុះរោមជិតឈឹង ច្រមុះត្រង់ភ្លឹង កខ្លីដូចហ៊ីង ។ ក្បាលធំត្រមោង សក់ដុះខាងៗ កណ្តាលរលីង ត្រចៀកកំប៉ិត ពោះធំកំភ្លឹងរូបរាងស្គមកំព្រឹង ស៊ីតែលាមក ក្លិនស្អុយ ខ្មោះៗសាច់ស្រែងកក្រោះ ដៃជើងធំស្ទក់ ខំដើរស្កាត់ រកគំនរលាមក មកធ្វើចំណី ។ ចំពោះប្រេតនេះ គឺរស់នៅរបៀបនេះ រាប់រយកោដិឆ្នាំ រស់ដោយផលកម្ម គឺពៀរវេរា ពីជាតិមុន ជាជនពាល អត់មានសទ្ធា កោងកាចអប្រិយ។

ប្រេតទី៤-ឈ្មោះអគ្គិជាលមុខ ៖ មានភ្លឺងឆេះរោលរាល ពេញខ្លួនប្រាណ ភ្នែកហើមលៀន ភ្លើងឆេះរន្ធមាត់ មានដំបៅខ្លាំងស្រែកយំ គគ្រក់ ហុយផ្សែង ព័ន្ធព័ទ្ធសាច់ស្បែក ឡើងរលួយ ភ្លើងឆេះទាំងយប់ទាំងថ្ងៃ។ ពួកប្រេតនេះ គឺចង្រៃ ព្រោះមានកម្មសាង ពីជាតិមុន គឺជាមនុស្ស ប៉ោឡែ លេងនឹងព្រះសង្ឃ បញ្ឆោតលេងសប្បាយ ។ ប្រេតនេះច្រើនតែ រស់នៅដងព្រៃជ្រៅ ញកបព្វតា ក្បែរមាត់សមុទ្រ លើដុំសិលា ស្រេកឃ្លានអាហារ ស្រេកទឹក ពុំអាចឆីចំណីបាន ។

ប្រេតទី៥-ឈ្មោះសូចិមុខ៖ មុខមាត់ស្រួចដូចម្ជុល ក្បាលធំត្រមោង រន្ធមាត់ប៉ុនរន្ធគូទម្ជុល ដៃជើងធំបែករាងទុលមុល ធំប៉ុនភ្នំ ភ្នែកលៀនក្រឡោត ក្រចកដៃសោតស្រែង ស៊ីសុសដុំ ដុះវែង ក្រាស់ចោតដូចជើងភ្នំ សក់ក្បាល ពុកមាត់ ពុកចង្កាដុះដូចព្រឹក្សា ។
ពួកប្រេតនេះ ច្រើនរស់នៅបព្វ តាព្រៃជ្រៅ ភ្នំគិជ្ឈកូដ ហើយប្រេតនេះ ស្រេកឃ្លានអាហារ ចាក់ទឹកមិនចូល ញាត់បាយមិនទៅ ចេះតែរស់នៅ ដោយផលកម្ម ដែលខ្លួនបានសាង ។ កាលពីជាតិមុន មិនបានធ្វើបុណ្យ មានទ្រព្យច្រើន តែចិត្តកំណាញ់ មិនដាក់ទាន ឲ្យអ្នកក្រខ្សត់ សូម្បីតែមាតាបិតា ក៏មិនឲ្យលោក ពិសាគ្រប់ដែរ ។

ប្រេតទី៦-ឈ្មោះតណ្ហដិ្ឋត ៖ មានរូបរាងធំខ្ពស់ពេញចិត្ត ដៃជើង ធំៗ ខ្លួនធំដូចយក្ស សាច់ពព្លាក់ពពាល ឡើងចាង កវែង ក្បាលផ្អៀង ភ្នែកស្រលៀង ច្រមុះធំខ្លី រោមដុះស្រមាង ដៃជើងក្រញាង ធ្មេញសំញេញ បបូរមាត់ស្ពែះយារធ្លាក់សំយេះ ពោះប៉ោងក្រអាញ ធំវែងដូចភ្នំ សាច់ស្បែកស្ពោតសាញដុះស្លែស្រមាញ ។ ប្រេតនេះច្រើនរស់នៅក្នុងព្រៃជ្រៅដាច់ពីគេឯង ហើយស្រេកឃ្លានអាហារ ព្រោះស៊ីមិនបាន ស្រេកទឹកខ្លាំងណាស់ឃើញបឹង ស្រះស្ទុះទៅរក ប៉ុន្តែបានប្រែក្លាយទៅជាក្រួសថ្មទៅវិញ ។

ប្រេតទី៧-ឈ្មោះសុនិជ្ឈាមក ៖ មានរូបរាងកាយគ្រាំគ្រាគ្មានពេលស្បើយទេ ។ ប្រេតនេះគឺមានកម្មក្រាស់ណាស់ បើមានចំណីគឺពុំអាចស៊ីបានទេ គឺមាត់ដុះកន្ទុយ។ ចំពោះរូបរាងវិញគឺអាក្រក់ ពោះប៉ោងកំប៉ិត ផ្ចិតទុលលៀនស្អុយ ច្រមុះកញ្ឆត ភ្នែកដូចទីទុយ ដុះរោមច្រើន មាត់ស្អុយខ្មួរខ្មោះ សាច់ខ្មៅក្ងិត រាងខ្ពស់ស្គមស្វិតដៃជើងក្រោះ ម្រាមដៃដុះចង្កា ។ ត្រចៀកបាក់ធ្លាក់ យារដាបដល់ស្មា សក់ក្បាលវែងអាក្រក់ពេកក្រៃ ។

ប្រេតនេះច្រើនរស់នៅក្នុងព្រៃជ្រៅឆ្ងាយដាច់ពី គេ ឬនៅលើកោះតែម្នាក់ឯង ព្រោះខ្លួនចង្រៃប្រព្រឹត្តតក់ម៉ក់ពេលឃើញសាមណៈ ឬស្មូមយាចក ប្រើពាក្យអាក្រក់ ជេរស្តីឲ្យលោក និយាយពាក្យចាក់ដោតឡកឡាយ បញ្ឆោតអ្នកមានសីលឲ្យអាប់កិត្តិយស ។

ប្រេតទី៨-ឈ្មោះសត្ថង្គ ៖ មានដំបៅពេញរាងកាយ ក្នុងសាច់សុទ្ធតែពងរុយ មានខ្ទុះពាសពេញខ្លួនប្រាណ ក្លិនស្អុយគគ្រុក ភ្នែកធំលៀន ច្រមុះធំវែង ពោះធ្លាក់ទ្រយុក ស្រែកថ្ងូររងទុក្ខ ។ ដោយមានសេចក្តីស្រេកឃ្លាន ខំយកដៃខ្វារពាសពេញប្រាណ ក្រចកវែងមុត ខ្វេះហែកសាច់បានគឺសាច់ខ្លួនឯង យកមកស៊ីជាអាហារ ប៉ុន្តែបើស៊ីណាស់រឹតតែឃ្លាន ព្រោះវាមានកម្មក្រាស ណាស់។ នៅក្នុងព្រៃជ្រៅលើកោះ ក៏មានច្រើនណាស់ គគោករាប់ម៉ឺនសែនលាន កាលពីជាតិមុនអត់បានធ្វើបុណ្យ មានចិត្តកាច ។ ប្រេតនេះច្រើនរស់នៅឫស្យា ប្រកែកជាមួយម៉ែឪ ព្រមទាំងវាយគាត់ ប្រើពាក្យប្រមាថជីដូន ជីតា ឬញាតិសន្តានបំភ្លេចគុណគេ បែរជាឲ្យទោសគេទៅ  វិញ។

ប្រេតទី៩-ឈ្មោះបព្វតង្គ ៖ មានដៃខ្លីជើងខ្លី ខ្លួនវែងជ្រងក់ ធំខ្ពស់ដូចភ្នំ ក្បាលតូច កខ្លី សាច់រឹងដូចដំរី ។ ចំពោះខ្លួនប្រាណវិញ គឺមានភ្លើងឆេះរងំឆេះទាំងយប់ទាំងថ្ងៃ ដូចភ្លើងឆេះភ្នំ ។ ស្រេកឃ្លានអាហាររាប់កោដិឆ្នាំ ឃ្លានឥតមានស្រាក តែមិនស្លាប់ ព្រោះបានធ្វើបាបកម្មច្រើន និងទ្រាំរស់នៅបែបនេះ រាប់រយឆ្នាំទៀត លុះអស់កម្មពៀរ។ ប្រេតនេះ ច្រើនរស់នៅ ក្នុងដងព្រៃជ្រៅ នាហេមពាន្ត ភ្នំគិជ្ឈកូដ កាលពីជាតិមុន គឺមនុស្សទុរជន មានចិត្តរឹងរូស ចងគំនុំឈ្លោះប្រកែក និងតាមព្យាបាទ គេឯងឥតកោតក្រែង អំពើអាក្រក់ ដែលខ្លួនបានសាង ។

ប្រេតទី១០-ឈ្មោះអជគរង្គ ៖ មានក្បាលច្រើនប្រភេទ ដូចជាពស់ថ្លាន់ សត្វខ្លា ឆ្មា គោ ក្របី...។ ប្រេតនេះចម្លែក មានរូបរាងប្លែក ខុសប្រក្រតី ខ្លួនជាពស់ថ្លាន់ធំវៀនលើដី ធំវែងដូចភ្នំ។ ភ្លើងឆេះព័ទ្ធរុំទាំងយប់ទាំងថ្ងៃ ស្រេកឃ្លានអាហារ គ្រប់ពេលវេលា ចេះតែថ្ងូរស្រែក ទុក្ខខ្លាំងពេកក្រៃ។ ប្រេតនេះច្រើន រស់នៅក្នុងព្រៃជ្រៅ ឬបុព្វតា ក្បែរសមុទ្រលើដុំសិលា ។

ប្រេតនេះពីជាតិមុនមិនបានធ្វើបុណ្យ ប្រព្រឹត្តប៉ោឡែ មិនខ្លាចម៉ែឪ ជីដូនជីតា ជេរអ្នកមានគុណថាឆ្កែឆ្មា ។ ចំពោះព្រះសង្ឃ ក៏មិនខ្លាច ប្រើពាក្យប្រមាថទៅទៀត ទើបធ្វើឲ្យប្រេតនេះ មានក្បាលច្រើន បែបនេះឯង មានភ្លើងគ្រប់ពេលវេលា បែបនេះ ។

ប្រេតទី១១-ឈ្មោះវិមានិក ៖ មានរូបធំទ្រមឹង រាងធាត់ក្រអាញ ដុះរោមជិតឈឹង ពោះប៉ោងត្រង់ភ្លឹងសម្បើមអស្ចារ្យ ប៉ុន្តែសុខ ទុក្ខស្មើគ្នា ។ តាមធម្មតាដៃកាន់អាវុធ ចិត្តកាចក្លៀវក្លា ។ ប្រេតនេះគេហៅថា យមរាជ ទៅកាប់សត្វនរក ឈាមប្រឡាក់ព្រាច ពីព្រឹកដល់ល្ងាច អត់បាយអត់ទឹក វាយសួរចម្លើយ កាត់ទោសគ្រប់នរក ត្រួតត្រាលើគេទាំងអស់ ។ ពេលដែលសោយសុខ គឺក្លាយខ្លួន ទៅជាទេវបុត្រកម្លោះ មានរូបល្អឥតខ្ចោះ នៅក្នុងឋានសួគ៌ ស្រីទេពអប្សរ ចោមរោមសុំស្នេហ៍។ ដល់ពេលសោយ ទុក្ខកើតជាប្រេតចង្រៃ រងទុក្ខវេទនា ទាំងយប់ទាំងថ្ងៃ។ ប្រេតនេះកាលពីជាតិមុន ជាមនុស្សស៊យ ប្រព្រឹត្តលេលា បានធ្វើទានខ្លះ ធ្វើតាមទម្លាប់ គឺបុណ្យក៏ធ្វើ បាបក៏ធ្វើ ក្នុងន័យប្រមាថ ដូចនេះហើយ ទើបផលកម្ម សងទាំងពីរបែបនេះ ។

ប្រេតទី១២-ឈ្មោះមហិទ្ធិក ៖ រូបល្អពេញ ទីជាស្តេចនៃប្រេត អ្នកមានឫទ្ធីល្អ ឥតមានពីរ ស្មើរូបទេព្តា មានគ្រឿងស្លៀកពាក់ ស្រស់ស្អាតពេកក្រៃ ទាស់តែស្រេកឃ្លានអាហារ អ្វីៗត្រេកអរ លើសលន់ ខំស្ទុះទៅចាប់ភ្លើង ឆេះពេកពន់ បើមិនដូចនោះទេ ឃើញហើយខំស្ទុះ ចាប់កើបស្រវា បានដាក់ក្នុងមាត់ លេបទៅកាលណា ស្រាប់តែក្លាយជា ដុំដែកក្រហម ច្រាលឆ្អៅ ឆេះឆាប ក្នុងមាត់ ស្រេកឃ្លានណាស់ ព្រោះមានកម្មច្រើន ក្លិនស្អុយអស្ចារ្យ ល្អតែរូបកាយ ។ ប្រេតនេះ កាលពីជាតិមុន បួសក្នុងសាសនា ប្រមាថសុសសាយ បួសមិនប្រព្រឹត្តវិន័យ បួសឆាន់តែបាយ ប្រព្រឹត្តអាក្រក់ធ្វើមិច្ឆាចារ ឆបោកគ្រហស្ថ ប្លន់លាភសាសនា វិន័យសិក្ខាមិនប្រតិបត្តិ ។

ព្រះមហាគង់ ផែង មានថិរដីកាថា ពិធីបោះបាយបិណ្ឌ គឺជាពិធីមានន័យណាស់ តែបែរជាមានយុវវ័យ មួយចំនួនយក ពិធីនេះ ទុកជាការលេងសើច ដោយខ្លះបានយក បាយបិណ្ឌគប់គ្នាលេង ។ ខ្លះទៀតនោះ យកលេសថា ទៅបោះបាយបិណ្ឌ តែបែរជាណាត់ជួបគ្នា និងទុកជាកន្លែង ទាក់ទងស្នេហាទៅវិញ ។ យុវជន យុវនារីទាំងអស់ ដែលទៅបោះបាយបិណ្ឌ ត្រូវតែស្តាប់ ឱវាទព្រះសង្ឃ និងអាចារ្យ និងត្រូវបោះ ដោយសេចក្តីគោរព ទើបជាការប្រសើរ ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]