ភ្នំពេញ៖ ថៅកែងរោងចក្រ Cocovol apparel ឲ្យលុយក្រុមកម្មករខ្ចី ក្នុងគ្រាដែលពួកគេធ្វើ ដំណើរទៅ ស្រុកកំណើត ក្នុងឱកាសបុណ្យ ភ្ជុំបិណ្ឌធំ រយៈពេល៣ថ្ងៃ ត្រឹមតែ២០ដុល្លារ ប៉ុណ្ណោះ ដែលជា ហេតុធ្វើឲ្យពួកគេ មានការខឹង សម្បារជាខ្លាំង ក៏ផ្ទុះកូដកម្មនៅ ព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៤ នេះតែម្តង ។

លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធ សហជីពចលនាកម្មករ បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅព្រឹក ថ្ងៃទី១៩ ខែកញ្ញា ថាក្រុមកម្មករ ប្រមាណជា ៤០០នាក់ ដែលបម្រើការងារ នៅ រោងចក្រកាត់ដេរ Cocovol apparel ស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ បានផ្ទុះកូដកម្ម ជាលើកដំបូង ដោយសារតែ ថៅកែក្រុមហ៊ុន ឲ្យពួកគេខ្ចីប្រាក់ ត្រឹមតែ២០ដុល្លារ ក្នុងម្នាក់ៗក្នុង ឱកាសឈប់សម្រាក បុណ្យភ្ជុំបិណ្ឌ នាពេលដ៏ខ្លីខាងមុខនេះ ។

លោកបន្តថា ព្រមជាមួយគ្នានោះដែរ ក្រុមកម្មករក៏បាន ទាមទារលក្ខខណ្ឌការងារ មួយចំនួនផងដែរ។

សូមបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញឲ្យម្ចាស់ក្រុមហ៊ុន សហគ្រាស ខិតខំបើកប្រាក់ឈ្នួល ឲ្យបានមុនថ្ងៃ ឈប់សម្រាក បើពុំមានលទ្ធភាព បើកប្រាក់ឈ្នួល ទាន់ពេលទេ ត្រូវអនុញ្ញាតឲ្យកម្មករ និយោជិត ទទួលប្រាក់បុរេ ប្រទានយ៉ាងតិច ៥០ភាគរយ ។

ក្រសួងការងារ បានឲ្យម្ចាស់ក្រុមហ៊ុន សហគ្រាសឯកជនទាំងអស់ ត្រូវអនុញ្ញាតឲ្យកម្មករ និយោជិត ឈប់សម្រាក៣ថ្ងៃ (២២-២៤ ខែកញ្ញា) ដើម្បីចូលរួម បុណ្យភ្ជុំបិណ្ឌ ដោយមិនកាត់ប្រាក់ ឈ្នួលអ្វីទាំងអស់ ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]