រាជធានីភ្នំពេញ ៖ តារាចម្រៀង កញ្ញា ឈួន ស្រីម៉ៅ គ្រោងរៀបការ នៅថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០១៤ ជាមួយលោក អ៊ុំ ម៉ាន់ឌី អាណិកជនខ្មែរ រស់នៅរដ្ឋម៉ូនីសូតា សហរដ្ឋអាមេរិក ។ ក្រោយរៀបការរួច ឈួន ស្រីម៉ៅ នឹងបោះបង់អាជីព ជាតារាចម្រៀង នៅក្នុងស្រុក ទៅសាងអនាគតថ្មី លើទឹកដីអាមេរិក ។

កញ្ញាឈួន ស្រីម៉ៅ កាលពីពេល ថ្មីៗនេះឱ្យដឹងថា រៀបការរួចនាង លាចាកពិភពសិល្បៈ នៅស្រុកកំណើត តែពេលទៅ រស់នៅអាមេរិក នាងប្រហែលជាមិន បោះបង់សិល្បៈទេ ព្រោះស្វាមីរបស់នាង យល់ពីនិស្ស័យ របស់នាង ដូច្នេះមិន ហាមឃាត់ទេ ។ ម្យ៉ាងស្វាមី មិនចង់ឱ្យកេរ្តិ៍ឈ្មោះ ដែលនាងខំសាង មកសាបសូន្យ ព្រោះតែមាន គូស្រករឡើយ ។

ពិធីរៀបការរបស់ ឈួន ស្រីម៉ៅ នៅថ្ងៃទី១៤ វិច្ឆិកា រៀបចំពិធីជប់លៀង នៅកោះពេជ្រ ដោយអញ្ជើញភ្ញៀវ ចូលរួមចំនួន ៥០០នាក់ ។ ក្រោយរៀបការ ប្រហែលជាងមួយខែ ស្រីម៉ៅចេញទៅ រស់នៅអាមេរិក ជាមួយស្វាមីតែម្តង ។ តារាចម្រៀង ប្រចាំផលិតកម្ម រៃមាសរូបនេះ ឱ្យដឹងថា នៅអាមេរិក គូដណ្តឹងរបស់នាង បានបង្កើតជា ក្រុមភ្លេងមួយ យូរមកហើយ សម្រាប់ជួលសម្តែង ដូច្នេះទើបនាង ចង់ជួយជ្រោង មុខរបរនេះ ឱ្យរីកចម្រើន ទៅមុខទៀត ខណៈនាងជា អ្នកចម្រៀងស្រាប់ ។

កញ្ញាឈួន ស្រីម៉ៅ បានកសាងជីវិត ជាអ្នកចម្រៀង ដូចបងស្រី គឺអ្នកនាង ឈួន សុវណ្ណឆៃ នៅឆ្នាំ២០០៣ ។ បន្តិចម្តងៗ កេរ្តិ៍ឈ្មោះស្រីម៉ៅ បានអណ្តែតខ្ពស់ ក្នុងពិភពសិល្បៈ ។ ដោយគាប់ចិត្ត ចំពោះកញ្ញា ឈួន ស្រីម៉ៅ អាណិកជនខ្មែរ នៅអាមេរិក លោក អ៊ុំ ម៉ាន់ឌី បានចូលស្តីដណ្តឹង នាងតាមប្រពៃណី កាលពីខែធ្នូ ឆ្នាំ២០១៣ ។ មិនយូរប៉ុន្មានទៀតទេ អាពាហ៍ពិពាហ៍នាំ ឈួន ស្រីម៉ៅ លាចាកពិភពសិល្បៈ ទៅសាងជីវិតថ្មី នៅអាមេរិកហើយ ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]