បរទេស៖ វិបតិ្តដោយសារកង្វះត្បូងពេជ្ររបស់ពិភពលោក នឹងមកដល់ក្នុងពេលឆាប់ៗនេះ ដោយសារតែការធ្វើ អាជីវកម្មច្រើនលើសលប់ ក្នុង ការជីកយកពេជ្ររបស់ មនុស្សពីមួយថ្ងៃទៅមួយថ្ងៃ ដែលធ្វើឲ្យត្បូងពេជ្រ នៅក្នុងអណ្តូងរ៉ែកាន់តែហោចទៅៗ នេះបើតាមការឲ្យដឹងពី ក្រុមហ៊ុនវិនិយោគ លើត្បូងពេជ្រដែល ទទួលបានចំនូលរាប់កោដិដុល្លារអាមេរិកក្នុងមួយឆ្នាំៗ។ ទោះជាយ៉ាងណាក៏ដោយ ភាពកាន់តែខ្សត់ របស់ ពេជ្រនេះ នឹងជំរុញឲ្យតំលៃរបស់ ពេជ្រកាន់តែថ្លៃទ្វេឡើងថែមទៀត។

ក្រុមហ៊ុន De Beers ដែលធ្វើអាជីវកម្ម លើជំនួញពេជ្រទូទាំងពិភពលោក តាំងពីឆ្នាំ ១៨០០ មកនោះ បានបង្ហាញពីសញ្ញាអាសន្ន លើការ រុក រកពេជ្រនៅតាម អណ្តូងរ៉ែនានាថា កាន់តែយ៉ាប់យឺនទៅ ពោល គឺសឹងតែលែងមានពេជ្រ ដើម្បីយកទៅច្នៃ លក់តទៅទៀតហើយ។ ដូចគ្នាដែរ របាយការណ៍របស់ Agence France-Presse បានគូសបញ្ជាក់ថា ការផ្គត់ផ្គង់ពេជ្រ របស់ក្រុមហ៊ុនធំៗទាំងនោះ នឹងដល់ ទីបញ្ចប់ យ៉ាងយូរ ត្រឹមឆ្នាំ ២០២០ នៅពេលដែលពួកគេ រកពេជ្រពីអណ្តូលរ៉ែធំៗ ទាំងនោះ លែងបាន។

ក្រុមហ៊ុន De Beers បានបញ្ជាក់ឲ្យដឹងថា  អណ្តូងរ៉ែពេជ្រនៅ Botswana, South Africa និង Namibia កំពុងតែខ្សត់ពេជ្រកាន់តែខ្លាំង ទៅៗ ហើយពេលនេះកម្មករ អណ្តូងរ៉ែកំពុងតែ ស្វែងរក អណ្តូងរ៉ែថ្មីដែលអាចមាននៅ ប្រទេស Canada, តំបន់ Siberia ដែលស្ថិតនៅ ភាគខាង ជើងនៃទ្វីប អាស៊ី និងតំបន់អាហ្វ្រិកកណ្តាល ជាដើម។

លោក Philippe Mellier ដែលជាម្ចាស់ របស់ក្រុមហ៊ុន De Beers បានឲ្យដឹងថា ខណៈដែលពេជ្រថ្មី កំពុងតែពិបាករក ពេលនេះតំរូវការ ពេជ្រ កាន់តែកើនឡើងខ្លាំង នៅជុំវិញពិភពលោក ជាក់ស្តែងតាមការ ប៉ាន់ស្មាន នៅប្រទេសចិន មានតំរូវការពេជ្រថ្មីកើនឡើងជាង ១០ ភាគរយ។ តែទោះជាតំរូវការកើន ឡើងយ៉ាងណាក្តី ក៏គេមិនអាចរក ពេជ្រយកទៅលក់ ឲ្យអតិថិជន ទាំងនោះ បានដោយស្រួល ដូចពីពេល មុននោះដែរ៕








ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]