បាត់ដំបងៈ សមត្ថកិច្ចនគរបាល ស្រុកសំពៅលូន បានឃាត់ខ្លួន ជនសង្ស័យ ២នាក់ និងអ្នករួមដំណើរ ៣នាក់ ពាក់ព័ន្ធជួញដូរ គ្រឿងញៀន កាលពីវេលាម៉ោង ៩៖១០នាទី យប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៤ នៅចំណុចតាម ដងផ្លូវជាតិ លេខ៥៩ ស្ថិតក្នុងភូមិ គីឡូត៍១៣ ឃុំសន្តិភាព ស្រុកសំពៅលូន និងរឹបអូសបាន ថ្នាំញៀនយ៉ាម៉ា ចំនួន ៣.៩៦៩គ្រាប់ រួចកសាងសំណុំរឿង បញ្ជូនមកស្នងការខេត្ត ដើម្បីចាត់ការ បន្តតាមច្បាប់។

លោក ឈិត សេង អធិការរង នគរបាលស្រុក សំពៅលូន បានឲ្យដឹងថា ជនសង្ស័យដែល សមត្ថកិច្ចឃាត់ខ្លួន មានចំនួន ៥នាក់៖ ទី១ ឈ្មោះ អ៊ុក ផៃ ភេទប្រុស អាយុ ៣៥ឆ្នាំ ទី២ ឈ្មោះ ញឹក ញឿន ភេទប្រុស អាយុ ៣០ឆ្នាំ (ទាំង២នាក់នេះ ជាមុខសញ្ញាចាស់) និងមានទីលំនៅ ភូមិជ្រៃ ឃុំបឹងបេង ស្រុកមាឡៃ ខេត្តបន្ទាយមានជ័យ ទី៣ ឈ្មោះ ឈិត បូរិន ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិ ឃុំជាមួយ គ្នាខាងលើ ទី៤ ឈ្មោះ កែវ កញ្ញា ភេទស្រី អាយុ ២៧ឆ្នាំ និងទី៥ ឈ្មោះ សៀង សុគន្ធា ភេទស្រី អាយុ ២៥ឆ្នាំ (ស្រី២នាក់នេះ ស្នាក់នៅបណ្តោះអាសន្ន នៅស្រុកសំពៅលូន)។

លោក ឈិត សេង បានបញ្ជាក់ថា មុនពេលឃាត់ខ្លួន ជនសង្ស័យបានបើក រថយន្តចេញពី ស្រុកមាឡៃ ខេត្តបន្ទាយមានជ័យ ឆ្លងមកស្រុក សំពៅលូន ដើម្បីយកថ្នាំញៀន ឆ្លងទៅប្រទេសថៃ កម្លាំងយើង បានតាម មុខសញ្ញារហូតមក ពេលមកដល់ ស្រុកសំពៅលូន ពួកគេបានចូល ផឹកស៊ីហូបបាយ នៅហាងម្លប់ស្វាយ រួចបាននាំគ្នា ចូលច្រៀងខារ៉ាអូខេ រួចនាំគ្នាបន្តទៅ លេងវត្តទៀត តែមិនទាន់បាន ចូលវត្តផង សមត្ថកិច្ចយើងបាន ស្ទាក់ចាប់ នៅតាមផ្លូវរួចឆែកឆេរ រកឃើញថ្នាំញៀន ចំនួន ២០កញ្ចប់ ស្មើនិង ៣.៩៦៩គ្រាប់ រួចនាំយកមក អធិការស្រុក ដើម្បីសួរនាំ។

ជនសង្ស័យឈ្មោះ អ៊ុក ផៃ និង ឈ្មោះ ញឹក ញឿន បានឆ្លើយសារភាពថា បក្ខពួកខ្លួន ពិតជាបានរកស៊ី ជួញដូរគ្រឿងញៀន ឆ្លងដែនពិត ប្រាកដមែន ដោយកន្លងមកខ្លួន បានយកថ្នាំញៀន ពីស្រុកមាឡៃនេះ ឆ្លងកាត់ស្រុកសំពៅលូន រួចឆ្លងដែន ចូលប្រទេសថៃ បានចំនួន៥ដង មកហើយ យកម្តងមានចំនួន២ដុំ សរុប៥លើក បាន២០ដុំមកហើយ។ លុះចុងក្រោយនេះ មិនទាន់បានយក គ្រឿងញៀនឆ្លងដែន ប្រគល់ឲ្យគេផង ក៏ត្រូវសមត្ថកិច្ច ចាប់ខ្លួនបានតែម្តង។ ចំណែកប្រុសម្នាក់ និងស្រី២នាក់ទៀតនោះ គ្រាន់តែជាអ្នក រួមដំណើរ ពីកន្លែងលក់បាយស៊ីផឹក ជាមួយគ្នាប៉ុណ្ណោះ។

បច្ចុប្បន្នជនសង្ស័យ និងអ្នកពាក់ព័ន្ធទាំង៥នាក់ សមត្ថកិច្ចនគរបាល ស្រុកសំពៅលូន កំពុងកសាង សំណុំរឿង បញ្ជូនខ្លួននិងវត្ថុតាង ទៅស្នងការ នគរបាលខេត្ត ដើម្បីចាត់ការ បន្តតាមច្បាប់៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]