ភ្នំពេញ៖ ពិធីការិនីក្រម៉ិចក្រម៉ើម ប្រចាំស្ថានីយ ទូរទស្សន៍បាយ័ន និងជាតារាសម្តែង ដ៏មានប្រជាប្រិយភាព សុខ សោម៉ាវត្តី បានជួបហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍មួយ កាលពីវេលាម៉ោងជិត ១១យប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៤ ត្រង់ចំណុចផ្លូវ ជាតិលេខ៤ ទល់មុខវត្តជម្ពូវ័ន ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ ដោយនាងបានបើករថយន្ត ម៉ាកអេស្កាឡែត ទៅបុកម៉ូតូ មួយគ្រឿង កំពុងជិះ ស្របទិសគ្នា បណ្តាលឲ្យអ្នក ជិះម៉ូតូរបួសធ្ងន់ ស្រាល២នាក់ ក្នុងនោះមានម្នាក់បែកពពុះ មាត់សន្លប់ស្តូក ពេលដួលបោកក្បាល នឹងថ្នល់ជាតិ ។

ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា ពីធីការិនីប្រចាំទូរទស្សន៍ បាយ័ន សុខ សោម៉ាវត្តី ដែលត្រូវបានគេដឹងថា ជាកូនប្រសារ របស់លោក ទូច ណារ៉ុថ អតីតស្នងការរាជធានីភ្នំពេញ មានប្តីឈ្មោះ ទូច ដាណារ៉ា ហៅ ពេជ្រ នៅវេលាម៉ោងខាងលើ បានបើករថយន្ត ម៉ាកអេស្កាឡែត ពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ 2AB-2112 រួមដំណើរជាមួយ ប្អូនស្រីម្នាក់ ក្នុងទិសដៅពីកើតទៅលិច បានមក បុកម៉ូតូ ស្មាសវីពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BL-6785 ជិះគ្នា២នាក់ ដោយមានសណ្តោង រ៉ឺម៉កពីក្រោយផង ។

ប្រភពបានបន្តទៀតថា មូលហេតុដែលបង្កឲ្យ មានគ្រោះថ្នាក់ចរាចរណ៍ នេះឡើង គឺដោយសារតែ សុខ សោម៉ាវត្តី រវល់តែ និយាយទូរស័ព្ទ ពេលបើករថយន្ត ភ្លេចមើលផ្លូវ បណ្តាលឲ្យ ជ្រុលបុកម៉ូតូ ធ្វើឲ្យ អ្នកជិះរង របួសរលាត់ដៃ រលាត់ជើង និងមានអ្នកសន្លប់ ហើយក្រោយកើតហេតុ ភ្លាមៗ គេឃើញ ប្អូនស្រី របស់ សុខ សោម៉ាវត្តី បានចុះពីលើរថយន្ត យកលុយ១០ដុល្លារ ឲ្យជនរងគ្រោះ ដើម្បី បញ្ចប់រឿង និងយកលុយនោះ ទៅព្យាបាលរបួស ដោយរូបគេគិតថា របួសស្រាលគ្រាន់ តែរលាត់ ដៃជើង បន្តិចប៉ុណ្ណោះ ។ ប៉ុន្តែជនរងគ្រោះ បានបដិសេធ មិនបានយក លុយនោះទេ ដោយបាន ទូរស័ព្ទហៅពូ ឲ្យមកជួយដោះស្រាយ ។

យ៉ាងណាក្តី ងាកទៅពិធីការិនី សុខ សោម៉ាវត្តី វិញ បានទូរស័ព្ទហៅ ប្តីរបស់ខ្លួន គឺលោក ពេជ្រ ឲ្យមកជួយ អន្តរាគមន៍ដែរ ដោយពេលនោះ លោក ពេជ្រ បានជិះឡានម៉ាក ហាយប្រ៊ីត ពណ៌ស ពាក់ស្លាកលេខ នគរបាល 2-1249 មករំដោះ សុខ សោម៉ាវត្តី ចេញទៅបាត់ ចំណែកខ្លួននៅ ដោះស្រាយបន្ត ។ ប្រភពព័ត៌មានបានឲ្យដឹង ទៀតថា ក្រោយកើតហេតុភ្លាមៗ អ្នកជិះម៉ូតូម្នាក់ហាក់ មានរបួសធ្ងន់ធ្ងរ ដោយបែកពពុះមាត់សន្លប់ ត្រូវបានដឹកបញ្ជូន ទៅសង្គ្រោះ នៅមន្ទីរពេទ្យ ខណៈដែលជន រងគ្រោះម្នាក់នោះ ធ្លាប់មានប្រវត្តិដួលប៉ះ ទង្គិចក្បាលសន្លប់ ម្តងរួមមកហើយ ។

យ៉ាងណាក្តី រហូតមកដល់ពេលនេះ គេមិនទាន់ដឹងថា ខាងភាគីរថយន្តបង្កហេតុ ត្រូវសងសំណង ឬដោះស្រាយយ៉ាង ណានោះទេ ខណៈសមត្ថកិច្ច បានយករថយន្ត និងម៉ូតូទៅរក្សាទុក នៅអធិការដ្ឋាន នគរបាលខណ្ឌ រង់ចាំការដោះ ស្រាយជាក្រោយ ។ LookingTODAY នៅមិនទាន់ ស្វែងរកការបំភ្លឺ ណាមួយពី សុខ សោម៉ាវត្តី បាននៅឡើយទេ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤ នេះ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី