ខេត្តកំពង់ចាម ៖ រថយន្តហ៊ីយ៉ាន់ដាយ ១គ្រឿង និងម៉ូតូ ឌ្រីមសេ១២៥ មួយគ្រឿង ទ្បើងតែម ឆ្នាំ២០០០ ពណ៌ខ្មៅ បានត្រូវជន មិនស្គាល់អត្តសញ្ញាណ យកសាំងចាក់ស្រោច រួចដុត ឱ្យឆេះសន្ធោសន្ធៅ និងប៉ុនប៉ង ដុតផ្ទះ សម្លាប់មនុស្ស មួយគ្រួសារ ក្នុងភ្នក់ភ្លើងថែមទៀត កាលពីវេលា ម៉ោង១០យប់ ថ្ងៃទី១៦ កញ្ញា ។

ហេតុការណ៍នេះ បានកើតទ្បើង នៅផ្ទះរបស់បុរសម្នាក់ ឈ្មោះ សុខ ចំរើន អាយុ៤៧ឆ្នាំ ក្នុងភូមិបឹងសាងលិច ឃុំសូគង ស្រុកកងមាស ប៉ុន្តែសំណាងល្អ ម្ចាស់ផ្ទះដឹងខ្លួនទាន់ ក៏នាំគ្នាដងទឹកពាង មកជះពន្លត់ ទាន់ពេលវេលា ។ 

លោកវរសេនីយ៍ត្រី សូ សារិទ្ធ អធិការនគរបាល ស្រុកកងមាស ប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ ម្ចាស់ផ្ទះ បានបើករថយន្ត និងម៉ូតូ មកទុកនៅខាងក្រោមផ្ទះ ដូចសព្វមួយដង ហើយក៏ទ្បើងដេក នៅលើផ្ទះ លង់លក់ទៅ ។

ស្រាប់តែនៅ ម៉ោងប្រមាណ១០យប់ មានជនមិនស្គាល់មុខ លបយកសាំង ចាក់ចូលក្នុងរថយន្ត និងម៉ូតូ ហើយគូសដែកកេះដុត ធ្វើឱ្យមានផ្សែង ហុយខ្មៅខ្មួល ជះទៅលើផ្ទះ ធុំក្លិនឈ្ងៀម ទើបសមាជិក ក្រុមគ្រួសារ ម្ចាស់ផ្ទះ ជាច្រើននាក់ នាំគ្នារត់ចុះ តាមជណ្តើរមុខ មកដងទឹកពាង ជះពន្លត់ ហើយសូម្បីតែ អ្នកជិតខាង ក៏មកជួយពន្លត់ដែរ ។

ទោះជាយ៉ាងណា រថយន្តនិងម៉ូតូ ត្រូវឆេះខូចខាត ផ្នែកខាងមុខរួញអស់ ហើយប្រសិនណា បើម្ចាស់ចុះ មកពន្លត់មិនទាន់ ពេលវេលាទេនោះ ភ្លើងអាចនឹងឆេះ រាលដាលកាន់តែខ្លាំងទ្បើងៗ បង្កជាអគ្គិភ័យ ឆេះដល់ផ្ទះថែមទៀត ។

លោកអធិការ បានបញ្ជាក់ថា ក្រោយពីហេតុការណ៍ នេះកើតទ្បើង កម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាល ឃុំសូគង បានចុះទៅដល់ ផ្ទះកើតហេតុ ទាំងយប់ និងតាមប្រមាញ់ រកជនមិនស្គាល់ អត្តសញ្ញាណ តែរកមិនឃើញ ។

រហូតមកដល់ព្រឹក ថ្ងៃទី១៧ កញ្ញា ម្ចាស់ផ្ទះ បានដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍រដ្ឋបាល ឃុំសូគង ឱ្យជួយអន្តរាគមន៍ ស្រាវជ្រាវតាមចាប់ ជនពុំស្គាល់ អត្តសញ្ញាណនោះ មកផ្តន្ទាទោសតាមច្បាប់ ។

ផ្អែកតាមការស៊ើបអង្កេត គឺបុរសម្ចាស់ផ្ទះ ខាងលើ មានមុខរបរ ទិញបន្លែ ពីរាជធានីភ្នំពេញ ដឹកមកលក់ នៅស្រុកកងមាស ដោយមានរ៉ឺម៉កម៉ូតូ ដឹកចែកចាយ តាមភូមិនានាផងដែរ ។ មុននេះជាង១ខែ គ្រួសារនេះ ធ្លាប់មានទំនាស់ នៅកន្លែងលក់ដូរ នៅផ្សារត្លុកជ្រៅ តែមិនជាធំដុំនោះទេ ។

ចំពោះករណី លួចដុតរថយន្ត និងម៉ូតូ និងប៉ុនប៉ង ដុតទាំងផ្ទះ ថែមទៀតនេះ ពិតជាកើតចេញ ពីរឿងគំនុំ ណាមួយ នាពេលកន្លងមក ដែលសមត្ថកិច្ច កំពុងបន្តការស្រាវជ្រាវ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]