យន្តហោះប្រភេទ Boeing 777 ស្ថិតក្នុងជើងហោះហើរ MH370 របស់ក្រុមហ៊ុន អាកាសចរណ៏ Malaysia Airlines ដែលបានបាត់ខ្លួន កាលពីខែមិនា កន្លងទៅនេះ ត្រូវបានអ្នកជំនាញ ផ្នែកអាកាសចរណ៏ ប្រាប់ឲ្យដឹងថា គឺជាការធ្វើអត្តឃាត ដោយចេតនា ដោយអ្នកបើកបរយន្តហោះ នោះផ្ទាល់តែម្តង។

លោក Ewan Wilson ប្រធានក្រុមហ៊ុនអាកាសចរណ៏ Kiwi Airlines ក្នុងសហរដ្ឋអាមេរិក បានប្រាប់អ្នកជំនាញ នៅក្នុងទីក្រុង Birmingham នៃប្រទេសអង់គ្លេសថា អ្នកបើកបរយន្តហោះ MH370 ដែលមានឈ្មោះថា Zaharie Ahmad Shah បានសម្លាប់អ្នកដំណើរ ទាំងអស់ ដែលស្ថិតនៅលើយន្តហោះ ដោយធ្វើឲ្យ សម្ពាធខ្យល់អុកស៊ីស្សែន ថយចុះ។ បន្ទាប់មក លោក Shah បានចាប់ផ្តើម ធ្វើឲ្យយន្តហោះធ្លាក់ បន្ទាប់ពីបានចាក់សោខ្លួនឯង នៅក្នុងកាប៊ីនយន្តហោះ (កន្លែងបើកបរ)។

នៅក្នុងគ្រោះថ្នាក់ ខ្វះខ្យល់អុកស៊ីស្សែននេះ អ្នកស៊ើបអង្កេត ជឿជាក់ថា លោក Shah បានប្តូរទិសហោះហើរ ចំនួន៨ដង មុនពេលបញ្ជាយន្តហោះ ឲ្យបើកដោយខ្លួនឯង (Auto-Pilot) អស់រយៈពេល ប៉ុន្មានម៉ោងចុងក្រោយ ដោយបើកសំដៅទៅកាន់ មហាសមុទ្រឥណ្ឌា។

យ៉ាងណាមិញ លោក Wilson សង្ស័យថា អ្នកបើកបរយន្តហោះ វ័យ៥៣ឆ្នាំ លោក Zaharie Ahmad Shah អាចនឹងមានបញ្ហា ផ្លូវចិត្ត។

គួរបញ្ជាក់ផងដែរថា យន្តហោះ MH370 របស់ក្រុមហ៊ុន អាកាសចរណ៍ Malaysian Airlines ដែលផ្ទុកអ្នកដំណើរ ចំនួន២៣៩នាក់ ធ្វើដំណើរពី ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ឆ្ពោះទៅកាន់ ទីក្រុងប៉េកាំង ប្រទេសចិន កាលពី វេលាម៉ោង ១២ និង ៤១នាទីរំលងអាធ្រាត ឈានចូលថ្ងៃ សៅរ៍ ទី០៨ ខែមីនា ឆ្នាំ ២០១៤ បានបាត់ខ្លួន និងដាច់ទំនាក់ទំនង ខណៈហោះរំលងប្រទេសវៀតណាម។

ក្នុងចំណោមមនុស្សចំនួន ២៣៩នាក់ ដែលស្ថិតនៅលើយន្តហោះ ក្នុងនោះមាន ២២៧នាក់ ជាអ្នកដំណើរ មកពី១៥ប្រទេស និង១២នាក់ទៀត គឺជាក្រុមការងារ នៅលើយន្តហោះផ្ទាល់តែម្តង។

ទោះបីជាយ៉ាងណាក៏ដោយ ចំនួនមូលហេតុ នៃការបាត់ខ្លួន របស់យន្តហោះ MH370 បានកើតមានឡើងជាច្រើន ដូចជា បញ្ហាម៉ាស៊ីន, ឆ្លងភព, ជាប់ពាក់ព័ន្ធនឹងមនុស្សក្រៅភព, ចោរប្លន់, យោធាអាមេរិកបាញ់ទមា្លក់ និង ភេរវកម្ម ជាដើម ប៉ុន្តែលោក Wilson បានអះអាងថា វាគឺជា ការធ្វើអត្តឃាត ដោយចេតនា និងគិតទុកមុន ហើយមានលក្ខណៈ ស្រដៀងគ្នា ទៅនឹង ការធ្វើអត្តឃាត គិតទុកមុន ដែលបានកើតឡើង ចំនួន៥លើក ក្នុងរយៈពេល ៣០ឆ្នាំ កន្លងទៅនេះ៕

យន្តហោះប្រភេទ Boeing 777 ស្ថិតក្នុងជើងហោះហើរ MH370 របស់ក្រុមហ៊ុន អាការចរណ៏ Malaysia Airlines ដែលបានបាត់ខ្លួន កាលពីខែមិន

លោក Zaharie Ahmad Shah ដែលជាអ្នកបើកបរយន្តហោះ MH370 ហើយត្រូវបានគេសង្ស័យថា មានបញ្ហាផ្លូវចិត្ត និងបានសម្លាប់ អ្នកដំណើរទាំងអស់ ដោយចេតនា

ប្រភព ៖ មេត្រូ

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]