ភ្នំពេញ ៖ ក្រុមកម្មករ-កម្មការិនីជិត ១ម៉ឺននាក់ ដែលបម្រើការងារ នៅតាមបណ្តារោងចក្រមួយចំនួន ក្នុង រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញានេះ បានរួមគ្នា ធ្វើកូដកម្មទាមទារ ប្រាក់ខែគោល១៧៧ ដុល្លារ ក្នុងគ្រាដែលមេដឹកនាំសហជីព បានចូលជួបប្រជុំ ជាមួយរដ្ឋមន្រ្តី ក្រសួងការងារ និងបណ្តុះ បណ្តាល វិជ្ជាជីវៈនៅព្រឹកនេះដែរ ។

ក្នុងសួនឧស្សាហកម្ម កាណាឌីយ៉ា បន្ទាប់ពីកិច្ចប្រជុំ ជាមួយរដ្ឋមន្រ្តីក្រសួងការងារ ប្រធានសហជីព ស៊ីខៅឌូ លោក អាត់ ធន់ និងប្រធាន សហព័ន្ធសហជីព មិត្តភាពកម្មករ លោក សៀង សម្បត្តិ ប្រធាន សហព័ន្ធសហជីព យុវជនឯករាជ្យ លោក លីវ ថារីន បានដឹកនាំ កម្មករ-កម្មការី ប្រមាណ៥០០០ នាក់ ធ្វើការទាមទារ ប្រាក់ខែគោល ១៧៧ ដុល្លារ មិនខុសគ្នានោះដែរ នៅឯរៀងចក្រ វ៉ូរី ម្តុំចោមចៅ ប្រធាន សហ័ពន្ធ សហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា បានដឹកនាំកម្មករ-កម្មការី២០០០ នាក់ ធ្វើការទាម ទារ ហើយនៅ ឯរោងចក្រមួយទៀត ស្ថិតនៅក្នុងភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ប្រធានសម័ន្ធសហជីពជាតិ លោក ហ្វា សាលី ក៏បានដឹកនាំកម្មករ-កម្មការី១២៣២ នាក់ ធ្វើការទាមទារ ប្រាក់ខែគោលនេះផងដែរ ។ ការជួបជុំរវាងសហជីព នៅតាម បណ្តារោងចក្រ ខាងលើនេះ មានរយៈ ពេលតែជាង ១០នាទីទេ ដោយពួកគេបានថ្លែងសារតែប៉ុណ្ណោះ ជុំវិញការទាមទារដំឡើងប្រាក់ឈ្នួល គោល ១៧៧ ដុល្លារ ឬយ៉ាងហោចណាស់ ក៏មានប្រាក់ឈ្នួលសមរម្យដែលអាចទទួលយកបានដែរ។

ប្រធានសម័ន្ធ សហជីពជាតិ លោក ហ្វា សាលី បានថ្លែងឲ្យដឹងថា ការទាមទារប្រាក់ខែគោល១៧៧ ដុល្លារនេះ គឺជាតួលេខមួយ ដែល ដាក់ឲ្យភាគីរោងចក្រ និងរដ្ឋាភិបាលធ្វើការសម្រេច ក្រោយកិច្ចប្រជុំជា មួយតំណាងសហជីព បានសម្រេចទាមទារចុះត្រឹម ១៥០ ដុល្លារ ខណៈដែលភាគីសមាគម កាត់ដេរ យល់ព្រមដំឡើងត្រឹមតែ១១០ ដុល្លារ ។

ប្រធានសហជីព ស៊ីខៅឌូ លោក អាត់ ធន់ បានឲ្យដឹងថា ការជួបជុំរវាងថ្នាក់ដឹកនាំសហព័ន្ធ សហជីព និងកម្មការទាំងអស់គ្នានៅថ្ងៃនេះ គឺដើម្បីជាសាក្សី ជាភស្តុតាង បង្ហាញថា ១៧៧ដុល្លារ គឺជាលេខមួយ ដែលកម្មការចង់បាន ដើម្បីការរស់នៅ សមរម្យនៅក្នុងប្រទេសកម្ពុជា ។

លោកថា “សារនេះ និងផ្ញើរទៅកាន់និយោជក រាជរដ្ឋាភិបាល និងអ្នកបញ្ជាទិញដើម្បីឲ្យផ្តល់ប្រាក់ឈ្នួល ក្នុងការចរចាខាងមុខនេះ ឲ្យបាន ទៅដល់១៧៧ ដុល្លារ ដើម្បីឲ្យ ពួកគាត់រស់នៅបានសមរម្យ”។

ប្រធានសហព័ន្ធ សហជីព ចលនាកម្មករ លោក ប៉ាវ ស៊ីណា ក៏បានថ្លែងឲ្យដឹងដែរថា ក្នុងឆ្នាំ២០១៤ ប្រាក់ខែកម្មករបានដំឡើង២០ ដុល្លារ ពោលចាប់ពី៨០ ដុល្លារ ទៅដល់១០០ដុល្លារ ហើយរំពឹងថា ឆ្នាំ ២០១៥ និងមានប្រាក់ឈ្នួលមួយលើសពីឆ្នំា២០១៤ ហើយការ ដំឡើងជូន កម្រិតណានោះ សូមឲ្យមាន ការចរចាគ្នា ដែលអាចទទួលយកបានទាំងសងខាង ។

រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង ក្នុងសិក្ខាសាលា ពិគ្រោះ យោបល់ត្រីភាគី ពាក់ព័ន្ធនឹង ការដំឡើង ប្រាក់ឈ្នួល ដល់កម្មករ ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និង ស្បែកជើងនៅកម្ពុជា ក្នុងសណ្ឋាគារអ៊ីនធើខន នាព្រឹកថ្ងៃពុធទី១៧ ខែកញ្ញានេះ បានថ្លែងឲ្យដឹងថា ការដំឡើងប្រាក់ឈ្នួល គឺមានហានិភ័យ កាលណាខ្ពស់ពេកក៏មានហានិភ័យ កាលណាទាបពេកក៏មាន ហានិភ័យ កាលណាខ្ពស់ពេលហានិភ័យអ្នកវិនិយោគទៅមិនរួច រោងចក្រដួល អីចឹង មានហានិភ័យ បាត់បង់ការងារ សម្រាប់ ប្រជាពល រដ្ឋកម្មករ កម្មការីរបស់យើង កាលណាទាបពេកក៏មានហានិភ័យដែរ ទាបពេកកម្មករ មិនអាចទទួលយកបាន មិនអាច រស់នៅ បាន ផលិតកម្មក៏មិនអាចបង្កើនបានដែរ ប្រាក់ ឈ្នួលត្រូវតែសមស្រប ។

លោក ប៉ាវ ស៊ីណា បន្តថា ព្រឹត្តិការណ៍ថ្ងៃនេះ មិនមែនជាការដាក់សម្ពាធគ្នា ទៅវិញទៅមកនោះទេ សហជីពក្រោយតែចង់បង្ហាញ យុទ្ធនា ការរបស់ខ្លួន ទៅកាន់អ្នកបញ្ជាទិញ ឲ្យទទួលខុសត្រូវ និងបញ្ហា រស់នៅរបស់បងប្អូនកម្មករ ។ លោកថា “មួយឆ្នាំៗ មានបងប្អូន ដូល សន្លប់ជាបន្តបន្ទាប់ អីចឹងមានកត្តា ផ្សេងៗ ដែលយើងផ្សព្វផ្សាយ អំពីការដួលសន្លប់ មកពីកត្តាជីវភាព ប្រាក់ឈ្នួលតិចតួច ធ្វើការ ថែម ម៉ោងច្រើន ការហូបចុកមិនគ្រប់គ្រាន់ និងគេងមិនគ្រប់ជាដើម”។

ប្រធានសហព័ន្ធសហជីព មិត្តភាពកម្មករ លោក សៀង សម្បត្តិ បានថ្លែងឲ្យដឹងថា ប្រាក់ខែ ១៧៧ ដុល្លារនេះ ជាតួលេខ មួយដាក់ ជូន ដល់រាជរដ្ឋាភិបាល ដើម្បីឲ្យភាគី LEC សម្របសម្រួល យ៉ាងណា សមរម្យជូនកម្មករ។ លោក សៀវ សម្បត្តិ បានបន្តទៀតថា “ព្រឹត្តិ ការណ៍ ថ្ងៃនេះ គឺដើម្បីបង្ហាញទៅកាន់ រាជរដ្ឋាភិបាល អ្នកបញ្ជាទិញ ឬក៏សហព័ន្ធអន្តរជាតិ មួយចំនួនដែលគេ ជ្រោមជ្រែងយើងនឹងថា កម្មករ ពិតជាទាមទារតម្រូវការប្រាក់ខែ១៧៧ ដុល្លារនេះមែន” ។

លោក ហ្វា សាលី បានបន្តទៀតថា “យើងអត់សុខចិត្តទេ យើងនៅតែប្រមូលផ្តុំ និងមានយុទ្ធនាការ ផ្សេងៗធ្វើ យ៉ាងណាឲ្យ ភាគី ក្រុមហ៊ុនដំឡើងប្រាក់ខែជូនគាត់ យុទ្ធនាការនេះជាការអំពាវនាវដល់ ប្រេនម៉ាក អាវល្បីៗ ដែលជាមហាសេដ្ឋី ដែលជាអ្នកបញ្ជាទិញ ដំឡើងតម្លៃខោអាវ ស្បែកជើង ឲ្យបាន ខ្ពស់មកខាងក្រុមហ៊ុននៅស្រុកខ្មែរ ដើម្បីឲ្យគាត់មានលទ្ធភាពបើកប្រាក់ខែជូនកម្មករនិយោជិត”។

លោក អ៊ិត សំហេង បានមានប្រសាសន៍បន្តថា “ការដំឡើង គណៈកម្មការការងារ បានរៀបចំគោល ការណ៍៥យ៉ាង ហើយបាន ដាក់ទៅ ជាគោលការណ៍រួម របស់ជាតិ ហើយក្នុងការកំណត់ប្រាក់ឈ្នួលនេះ អីចឹងមានតែ ទៅតាមយន្តការនេះទេ អាចនឹង ដោះស្រាយ ប្រាក់ ឈ្នួលបានល្អ ការពិតទៅអ្វីដែលយើង ចង់បានអ្នកណាក៏ចង់បានច្រើនដែរ ប៉ុន្តែលទ្ធភាព យើងទៅម្តងមួយជំហានៗ ធ្វើយ៉ាងម៉េច ឲ្យវាសម ស្រប និងមានសុខដុមជាមួយគ្នា”។

ជាមួយគ្នានោះផងដែរ លោករដ្ឋមន្រ្តីក៏បានអំពាវនាវជាថ្មី ដល់ម្ចាស់ផ្ទះជួល ឬអ្នកលក់ទំនិញនានា កុំឱ្យ ឆ្លៀតឱកាសដំឡើងថ្លៃទំនិញ សេវាកម្មរបស់ខ្លួន នៅអំឡុងពេលភាគីពាក់ព័ន្ធ កំពុងរៀបចំ ដំឡើងប្រាក់ ខែជូនកម្មករ សម្រាប់ឆ្នាំ២០១៥ ខាងមុខ។ ទោះជាយ៉ាងណា ការចរចា ដំឡើងប្រាក់ឈ្នួលដល់កម្មករ សម្រាប់ឆ្នាំក្រោយ ដែលជាចំណុចក្តៅ នាពេលបច្ចុប្បន្ននេះ មិនទាន់សម្រេចនៅឡើយទេ ខណៈដែល កម្មករទាមទារឱ្យមានការដំឡើងដល់ ១៧៧ដុល្លារ រួចក៏បន្ទន់ឥរិយាបទ មកត្រឹម១៥០ដុល្លារ នៅចំពេល ដែលក្រុមថៅ កែរោងចក្រកន្លងមក យល់ព្រមដំឡើង ត្រឹម១១០ដុល្លារប៉ុណ្ណោះ៕



















បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]