រាជធានីភ្នំពេញ ៖ យុវជនម្នាក់ មិនមានមុខរបរ ពិតប្រាកដ និងជាជនអនាថា ចុះចោលផ្ទះសម្បែង ត្រូវបានសមត្ថកិច្ច ខណ្ឌ៧មករា ឃាត់ខ្លួន កាលពីថ្ងៃទី១៥ កញ្ញា បន្ទាប់ពីរូបគេ យកប្រាក់ដុល្លារខ្មោច ទៅទិញម៉ូតូ ។

យុវជនរូប នោះឈ្មោះ ឡិន តែម អាយុ២៤ ឆ្នាំជនជាតិខ្មែរអ៊ិស្លាម រស់នៅភូមិក្បាលខ្ទិះ ឃុំបោះស្បូវ ស្រុកសេរីសោភ័ណ ខេត្តបាត់ដំបង បានមកស្នាក់នៅ ផ្ទះជួលម្តុំ ភ្លើងស្តុបបូកគោ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ការឃាត់ខ្លួន យុវជនខាងលើនោះ ត្រូវបាន លោកអនុសេនីយ៍ទោ រស់ ស៊ីណា ប្រធានផ្នែកនគរបាល ព្រហ្មទណ្ឌ ខណ្ឌ៧មករា ឲ្យដឹងថា កាលពីវេលា ម៉ោង២រសៀល ថ្ងៃទី១៥ កញ្ញា សមត្ថកិច្ច ប៉ុស្តិ៍បឹងព្រលិត បានឃាត់ខ្លួន យុវជនម្នាក់ ឈ្មោះ ឡិន តែម នៅផ្លូវ លេខ២៣២ កែង៩៣ និងដកហូត ប្រាក់ដុល្លារ សែនខ្មោច មួយថង់ ចំនួន៧.៥០០ដុល្លារ ។

លោក រស់ ស៊ីណា បន្តថា បានជាមានការឃាត់ខ្លួន យុវជនរូបនោះ យោងលើបណ្តឹង ប្រជាពលរដ្ឋ តាមទូរស័ព្ទថា ជនសង្ស័យ បានដើរចូល ក្រុមហ៊ុន (OMC) ដែលមាន អាសយដ្ឋាន ជិតកាច់ជ្រុង ភ្លើងស្តុបអតីតពេទ្យចិន ដោយបានសួរ រកទិញម៉ូតូ ១គ្រឿងម៉ាកនិច ពណ៌ផ្កាឈូក លាយក្រហម ស៊េរី២០១៣ ដែលមានតម្លៃ ពិតប្រាកដ១.៣៩០ដុល្លារ ។

ពេលយុវជននោះ មើលម៉ូតូត្រូវហើយ គេបានដកប្រាក់ ពីស្បោងយួរមួយ រាប់ឲ្យក្រុមហ៊ុន ពេលនោះ ក្រុមហ៊ុនពិនិត្យទៅ ឃើញថា ប្រាក់ទាំងអស់ សុទ្ធតែជាក្រដាស់ ដុល្លារខ្មោច ទើបក្រុមហ៊ុន គេមិនលក់ម៉ូតូឲ្យ និងប្រគល់ប្រាក់នោះ ឲ្យជនសង្ស័យវិញ ថែមទាំងដេញ ឲ្យចេញពីក្រុមហ៊ុនផង ។

ពេលយុវជននោះ ចេញផុតបានបន្តិច កំលាំងសមត្ថកិច្ច ប៉ុស្តិ៍បឹងព្រលិត ដឹកនាំដោយ លោកអនុសេនីយ៍ទោ ប៉ាត សំណាត នាយប៉ុស្តិ៍ បានចេញប្រតិបត្តិការ ក្របួចបានភ្លាម។

នៅចំពោះមុខ សមត្ថកិច្ចប៉ុស្តិ៍ យុវជនឈ្មោះ ឡិន តែម បានសារភាពថា ប្រាក់ដុល្លារ ខ្មោចនោះ ត្រូវបានជនមិនស្គាល់មុខ យកទៅទម្លាក់ចោល លើប៉ៅអ៊ី ពេលខ្លួនភ្ញាក់ពីដំណេក ស្មានថាលុយពិតប្រាកដ ក៏យកទៅទិញម៉ូតូ ត្រូវសមត្ថកិច្ច ចាប់ខ្លួនតែម្តងទៅ ៕

ជនសង្ស័យបង្ហាញលុយដុល្លារខ្មោច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]