«ការរកលុយបានរាប់លានដុល្លារ មិនមែនជារឿងចៃដន្យនោះទេ … បើសិនវាមិនមែន ជាគោលដៅ ដែលអ្នកបានកំណត់ទេនោះ វាពិតជា ច្បាស់ហើយថា អ្នកនឹងមិនបានវាមកនោះឡើយ!»


(រូបភាព: លោក Mark Zuckerberg ស្ថានិករបស់ហ្វេសប៊ុក)

តើអ្នកធ្លាប់ដែល គិតក្នុងចិត្តថា នៅថ្ងៃណាមួយ នឹងធ្វើឲ្យខ្លួនឯង ក្លាយជាអ្នកមាន ឬ មហាសេដ្ឋី ដែរឬទេ? ជាការពិតណាស់ ការគិត ការស្រមៃចង់បាន ជារឿងមួយ ដែលនរណាៗ ក៏គិតបាន ដូចតែគ្នា ប៉ុន្តែសួរថា គំនិតទាំងនោះ នឹងអាចជួយនាំអ្នក ទៅកាន់ភាពជោគជ័យ ក្នុងជីវិតបានសំរេចឬទេ នៅពេលដែលអ្នក ចាប់ផ្តើមអនុវត្តន៍ រាល់គំនិត ដែលបានគិតទាំងនោះ? បើសិនជា គំនិតម្នាក់ៗ សុទ្ធតែមាន ប្រសិទ្ធភាពទាំងអស់មែននោះ មិនមែនមនុស្សភាគច្រើន ប្រឹងធ្វើការជិតមួយជីវិតទៅហើយ នៅមិនទាន់ក្លាយជាអ្នកមាន ខណៈអ្នកខ្លះ មិនទាន់នឹងអាយុ ៣០ឆ្នាំ ផង មានទ្រព្យ ក្លាយជា សេដ្ឋីទៅហើយ។

ទើបហេតុនេះហើយ នៅថ្ងៃនេះ ខ្មែរឡូត នឹងបង្ហាញពី ចរិកលក្ខណៈ ចំនួន ៤ ចំនុចធំៗបំផុត របស់ មហាសេដ្ឋីភាគច្រើន ដែលពួកគេមាន សំរាប់ចែករំលែកទៅដល់ ប្រិយមិត្តទាំងអស់ បានជ្រាបជា បទពិសោធន៍ និង ទុកជាចំណេះ ដើម្បីយល់ដឹង ស្វែងយល់ ផងដែរ។

ត្រៀមខ្លួនរួចហើយមែនទេ? ដូច្នេះ មកតាមដាន ចរិកលក្ខណៈ ទាំង ៤ ធំៗ របស់មនុស្សជោគជ័យ វ័យក្មេង ភាគច្រើន ដែលពេលនេះ ពួកគេសុទ្ធសឹងជា មហាសេដ្ឋី!

ពួកគេមិនបង្អែរបង្អង់

មហាសេដ្ឋី ដែលបានជោគជ័យ ទាំងនៅវ័យក្មេង ព្រោះពួកគេប្រឹងប្រែងជានិច្ច និង ជាដរាប ដើម្បីឈានឆ្ពោះ ទៅកាន់ភាពជោគជ័យ ដោយមិនចំណាយពេល រង់ចាំឱកាស រត់មករកពួកគេឡើយ។ បើទោះបីជាសល់ពេលវេលាច្រើនយ៉ាងណាក៏ដោយ ក្តីសុបិន្តដែលអ្នក ចង់ឲ្យក្លាយជាការពិតនោះ នឹងត្រូវរលាយសាបសូន្យ ដោយសារតែគំនិតនៃការរង់ចាំ។ ចាប់ផ្តើមពីថ្ងៃដំបូងទៅមុខជានិច្ច បើទោះជាតិច ឬច្រើនក្តី វានឹងជោគជ័យ នៅថ្ងៃណាមួយ។

ពួកគេរកមនុស្ស ខ្លាំង ដែលអាចជួយបង្រៀន ណែនាំ ចង្អុលបង្ហាញ

រាល់មហាសេដ្ឋីទាំងឡាយ បើទោះបីជារកលុយ ដោយខ្លួនឯងក៏ពិតមែន ប៉ុន្តែពួកគេមិនអាច ឈានមកដល់ កំរិតដ៏ជោគជ័យមួយបាន ដោយគ្មាន មនុស្សវ័យឆ្លាត ជួយជ្រោមជ្រែង បង្ហាត់បង្ហាញផ្លូវ នោះដែរ។ ភាពជោគជ័យ អាចកើតមាន ឬ ក៏អត់ វាអាស្រ័យលើមនុស្ស ដែលអ្នកទាក់ទង ជាមួយ ហេតុនេះហើយ អ្នកត្រូវត្រិះរិះពិចារណាដែរ ទៅលើប្រភេទមនុស្ស ដែលស្ថិតនៅជុំវិញខ្លួនអ្នក។ ហើយការ រៀនសូត្រ ពីមនុស្ស ដែលមានបទពិសោធន៍ និង ធ្លាប់ឆ្លងកាត់មុនអ្នក ជាកូនសោរ យ៉ាងសំខាន់មួយ អាចនាំឲ្យអ្នក ធ្វើការសំរេចចិត្ត លើកិច្ចការអ្វីមួយ បានត្រឹមត្រូវ។ មួយវិញទៀត បើសិនជាអ្នក រកបានមនុស្ស ដូចបានរៀបរាប់ខាងលើ ដ៏ល្អម្នាក់ហើយនោះ នឹងអាច ជួយអ្នកឲ្យកាន់តែ គិតបានវែងឆ្ងាយ។

ពួកគេផ្តោតលើការបណ្តាក់ទុន

«ពេលវេលាជាមាសប្រាក់!» ពាក្យនេះអ្នកប្រាកដជាធ្លាប់បានលឺ ដោយចង់មានន័យថា ពេលវេលាដែលអ្នកចំណាយ នឹងអាចប្តូរមកវិញ នូវលុយកាក់ ប៉ុន្តែអ្នកដឹងទេ វាអាចគ្រាន់តែជា គំនិតមួយ ដែលអាចឲ្យអ្នក រកបានប្រាក់ជាមធ្យមប៉ុណ្ណោះ ដូចជាប្រាក់ខែ ជាដើម ហើយវា នឹងមិនធ្វើឲ្យអ្នក ក្លាយជាមហាសេដ្ឋី បាននោះដែរ។ ម្យ៉ាងវិញទៀត ការពង្រីក និង ការបណ្តាក់ទុនលើអ្វីមួយ ក៏ជាអ្វីដែល ពួកមហាសេដ្ឋី តែងតែចំណាយពេលវេលាជាច្រើន ដើម្បីរកចំណូលមកវិញ ឲ្យបានច្រើន តាមដែលអាចធ្វើទៅបាន។

ពួកគេមិនខ្វល់ អ្នកផ្សេងគិត ឬ យល់ឃើញ យ៉ាងណាខ្លះ មកលើពួកគេនោះទេ

ឃ្លាល្បីមួយ គេលើកឡើងថា៖ «មនុស្សដែលខ្វល់ខ្វាយ តែពីគំនិតអ្នកដទៃ ថាគិតមកលើ ខ្លួនឯងយ៉ាងម៉េចនោះ តែងតែទៅមុខ មិនបានឆ្ងាយ គឺទៅដល់ត្រឹមកំរិតមួយ តាមតែការ យល់ឃើញ របស់អ្នកដទៃ »។ ដូច្នេះ មហាសេដ្ឋីវ័យក្មេង ទាំងឡាយ ដែលបាន ជោគជ័យកន្លងមក ពួកគេ មិនដែលចំណាយ ពេលវេលាដ៏មានតម្លៃ ព្យាយាមយកចិត្តមនុស្សណា ដែលមិនជឿជាក់មកលើ ពួកគេឡើយ ឬក៏ បង្ហិនពេលវេលា ទៅយក ឈ្នះចិត្ត ពួកមនុស្សដែលមិន គាំទ្រដល់ពួកគេ នោះដែរ។ ផ្ទុយមកវិញ ពួកគេ ផ្តោតសំខាន់ទៅលើ ចក្ខុ ឬ ទស្សនៈវិស័យរបស់ខ្លួនឯង (ការមើលឃើញ វែងឆ្ងាយទៅមុខ)  និង រៀនជឿជាក់លើខ្លួនឯង។ ដើម្បីក្លាយជាមនុស្សជោគជ័យ ដ៏ពិត ប្រាកដម្នាក់ «អ្នកត្រូវហ៊ានប្រឈមមុខ នឹងការមិនពេញចិត្ត ពីសំណាក់រមនុស្សទាំងឡាយ មកលើខ្លួនអ្នក» ដែលក្នុងឃ្លានេះ ចង់មានន័យថា អ្នកត្រូវហ៊ានលះបង់តម្រូវការរបស់ខ្លួនឯង ក្នុងការចង់ឲ្យអ្នកដទៃ ពេញចិត្ត មកលើខ្លួនអ្នក៕

ក្រោយពីអានអត្ថបទនេះរួច តើប្រិយមិត្ត យល់យ៉ាងណាដែរ? សូមផ្តល់ជាមតិយោបល់ របស់អ្នក នៅខាងក្រោម៖

ប្រភព៖ Yahoo Finance

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]