កូនសិស្ស អាយុក្រោម៧ឆ្នាំ ចំនួន៤នាក់ ត្រូវបានគេប្រទះឃើញ ស្រែកយំ និងប្រឡាក់ឈាម ពេញខ្លួន បន្ទាប់ពីត្រូវ លោកគ្រូសិល្បៈម្នាក់ វាយដំ យ៉ាងឃោរឃៅ និងព្រៃផ្សៃបំផុត នៅឯសាលរៀន មួយកន្លែង ស្ថិតក្នុងខេត្ត Shaanxi ប្រទេសចិន។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ប៉ូលីសក្នុងប្រទេសចិន កំពុងតាមប្រមាញ់ ស្វែងរកចាប់ខ្លួន លោកគ្រូសិល្បៈម្នាក់ ដែលបាន យកសៀវភៅ វាយកូនសិស្ស ចំនួន៤នាក់ នៅក្នុងការិយាល័យសិក្សា របស់គាត់ បណ្តាលឲ្យ ក្មេងទាំង៤នាក់នោះ រងរបួសធ្ងន់-ស្រាល។ ជាមួយគ្នានេះដែរ ក្នុងចំណោម ក្មេងទាំង៤នាក់នោះ មានម្នាក់ អាយុជិត៧ឆ្នាំ ត្រូវបញ្ចូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ បន្ទាប់ពីរងរបួសធ្ងន់ ហូរឈាម ស្រោចពេញខ្លួន និងស្រាំលលាដ៏ក្បាល ទៀតផង។

ប្រភពដដែល បានបន្តទៀតថា លោកគ្រូសិល្បៈ ដែលមានចិត្តព្រៃផ្សៃ និងឃោរឃៅ ហ៊ានវាយកូនសិស្ស រហូតដល់រងរបួស បែបនេះ មានឈ្មោះថា Lei Mingxing គឺជាបុគ្គលិក នៅក្នុងសាលារៀនមួយ ស្ថិតក្នុងទីក្រុង Ankang ខេត្ត Shaanxi ប្រទេសចិន។

លោក Wang Qin ជាប្រធាន នៅក្នុងសាលារៀននោះ បាននិយាយថា «ខ្ញុំបានដើរឆ្លងកាត់ ការិយាល័យរបស់ លោក Lei ហើយក៏បានលឺ សម្លេងស្រែកយំ។ ខ្ញុំបានដើរចូលទៅ ហើយក៏បានឃើញ កូនសិស្សទាំង៤នោះ ស្ថិតនៅលើដី ក្នុងស្ថានភាព ឈឺចុកចាប់ និងមានឈាម ស្រោចពេញខ្លួន។»

លោក Wang បានបន្ថែមថា «យើងមិនដឹងថា មានរឿងអ្វីឡើយ ដែលស្ថិតនៅ ពីក្រោយខ្នងរឿងនេះ។ លោក Lei គឺជាគ្រូដ៏ល្អម្នាក់ អស់រយៈពេល ជាច្រើនឆ្នាំមកហើយ គាត់មិនដែល ធ្វើអ្វីមិនគួរគប្បីឡើយ ពីមុនមក ជាពិសេស ការប្រើអំពើហឹង្សា នេះតែម្តង។ សាលារបស់យើង គឺជាសាលាដ៏តូចមួយ ហើយមានសិស្ស ត្រឹមតែ២២នាក់ប៉ុណ្ណោះ ហើយពួកគេ បានទទួលរង ការភ័យខ្លាច និងតក់ស្លុត យ៉ាងខ្លាំង នៅពេលកើតហេតុ។»

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកស៊ើបអង្កេត បានជឿជាក់ថា លោក Lei បានគេចខ្លួន រត់ចូលទៅក្នុងព្រៃ ខាងក្រៅទីក្រុង បាត់ទៅហើយ។

លោក Deng Mingshan ប្រធានប៉ូលីស បានប្រាប់ឲ្យដឹងថា «យើងបានរកឃើញ ស្នាមកង់ ដានជើង និងដបស្រា ជាច្រើន។ យើងក៏បានលោមព័ទ្ធ ទីកន្លែងសង្ស័យ ដើម្បីចាប់ខ្លួន ជនបង្កផងដែរ។ យ៉ាងណាមិញ យើងក៏បាន សួរទៅកាន់កូនសិស្ស ចំពោះបញ្ហានេះ ផងដែរ ខណៈកូនសិស្សទាំងនោះ ក៏មិនដឹងថា មានរឿងអ្វីកើតឡើងដែរ ព្រោះមុនពេលកើតហេតុ លោក Lei បានហៅពួកគេ ទៅកាន់ ការិយាល័យ របស់គាត់ ហើយក៏ចាប់ផ្តើម ប្រើអំពើហឹង្សា ទៅលើកូនសិស្ស ទាំងនោះតែម្តង»៕




ប្រភព ៖ asiantown.net

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]