អង់គ្លេស៖ រថយន្តប្រណាំង មុនសម័យសង្គ្រាមលោក ប្រភេទ Vintage ដែលរចនាឡើងដោយ លោក Bentley បានដាក់លក់ក្នុងតំលៃ ២,៥ លានដុល្លារអាមេរិក នៅក្នុងការដាក់ដេញថ្លៃមួយ ដែលតំលៃ លក់នេះ បានបំបែកនូវកំណត់ត្រា នៃការដេញថ្លៃវត្ថុចាស់ៗ របស់ ប្រទេស អង់គ្លេស កាលពីពេលមុនៗ។

រថយន្តនេះផលិតដោយ ក្រុមហ៊ុន Lagonda ស្ថិតក្នុងម៉ូឌែល LG45R ជាមួយនឹងស្លាកលេខ 'EPE 97' ត្រូវបានគេចាត់ទុកថា ជាម៉ូឌែល ពេញនិយមបំផុត ជាងម៉ូឌែល ណាៗទាំងអស់របស់ ក្រុមហ៊ុន Lagonda នាសម័យនោះ។

ផលិតក្នុងឆ្នាំ ១៩៣៦ ជាមួយនឹងតួរថយន្ត រំលេចដោយពណ៌ក្រហម និងមានកៅអីអង្គុយ ចំនួន ២ រថយន្តប្រណាំងនេះអាច បើកបរបាន ក្នុង ល្បឿន១៦០ គីឡូម៉ែត្រក្នុងមួយម៉ោង។ រថយន្ត Vintage នេះជា រថយន្តដែលមានចង្កូតស្តាំ ត្រូវបានគេរក្សាទុកយ៉ាងល្អ ដូចលក្ខណៈ ដើមរបស់វា ហើយវា នៅតែអាច ចូលរួមប្រកួត ការប្រណាំងក្នុងកម្មវិធីប្រកួតនានាដូចជា កម្មវិធី Le Mans Classic ជាដើម។

បើនិយាយពីការប្រកួត សម័យមុនវិញ រថយន្តនេះ ត្រូវបានគេប្រើប្រាស់ ក្នុងការប្រណាំងឲ្យក្រុម ប្រណាំងរថយន្ត ដែលមានឈ្មោះថា Fox & Nicholl ដែលវាធ្លាប់បាន គេយកទៅប្រណាំងក្នុង ពានរង្វាន់ នានា តាំងពីឆ្នាំ ១៩៣៧ មានដូចជា Le Mans 24 Hours, RAC Tourist Trophy Race និង British Racing Drivers' Club 500 Miles។

ក្នុងការតាំង ពិព័រណ៌ដាក់ដេញ ថ្លៃរថយន្តនេះដែរ រថយន្ត Vintage បានត្រូវគេដេញថ្លៃ ជាមួយនឹង រថយន្តបុរាណ ជាង ១០៦ គ្រឿងផ្សេងទៀត ដែលការដេញថ្លៃ រថយន្តទាំងអស់នោះ សរុបជា ទឹកប្រាក់ គឺមានរហូតដល់ ២៥ លានដុល្លារអាមេរិក ក៏ប៉ុន្តែបើតាមការអោយ ដឹងពី លោក James Knight ដែលជាអ្នកគ្រប់គ្រង ការដេញថ្លៃនេះ បានឲ្យដឹងថា រថយន្ត Vintage របស់ក្រុមហ៊ុន Lagonda នេះហាក់ទទួល បានការ ទាក់ទាញ ខ្លាំងជាងគេ ដោយសារតែ ប្រវត្តិ និងភាពល្បីល្បាញ ក្នុងការចូលរួមប្រណាំង រថយន្ត របស់វា កាលពីអតីតកាល៕








តើអ្នកគិតថាតំលៃ ជិត ៣លានដុល្លារអាមេរិកនេះ វាសាកសមចំពោះរថយន្តនេះដែរ ឬទេ?

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]