រាជធានីភ្នំពេញ ៖ ឃាតករ ពាក់ផ្កាយ២ យោធា និងជា អគ្គនាយកក្រុមហ៊ុន ជី អេស ធី ដឹកអ្នកដំណើរ ដែលជាប់ពាក់ពន្ធថា បានសម្លាប់ ប្រពន្ធចុង និងកូនស្រី អាយុ៦ឆ្នាំម្នាក់ យកសព ញាត់ក្នុងធុងទឹកកក ដឹកយកទៅផ្លុងចោល នៅជ្រោះពេជ្រនិល ត្រូវបានប៉ូលិស អាំងទែរប៉ូល កម្ពុជា សហការជាមួយ អាជ្ញាប្រទេសថៃ ចាប់ខ្លួនបានហើយ និងបានបញ្ជូន មកដល់ក្រសួង មហាផ្ទៃ រាជធានីភ្នំពេញ កាលពីវេលា ម៉ោង៩ និង៣០នាទី យប់ថ្ងៃទី១៣ កញ្ញា នេះ ។

ជនសង្ស័យ ជាឃាតករ ដៃដល់ លោក គឹម ម៉ាវិន្ថា ភេទប្រុស អាយុ៥៧ឆ្នាំ ត្រូវបានប៉ូលិស អាំងទែរប៉ូលកម្ពុជា សហការជាមួយ អាជ្ញាធរប្រទេសថៃ អនុវត្តតាមដីកា ឱ្យនាំខ្លួន របស់ចៅក្រម ស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញ ចាប់ខ្លួន កាលពីថ្ងៃទី១២ កញ្ញា នៅព្រំប្រទល់ ថៃ-ទ្បាវ ខណៈលោកផ្កាយ២រូបនោះ បម្រុងឆ្លងដែន ចេញពីប្រទេសថៃ បន្តទៀត ។

ប្រភពព័ត៌មាន បានឱ្យដឹងថា ក្រោយពីចាប់ខ្លួន ជនជាប់ចោទ ឈ្មោះ គឹម ម៉ាវិន្ថា ត្រូវអាជ្ញាធរថៃ ជូនដំណឹងមក ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រ កម្ពុជា ដើម្បីឱ្យសមត្ថកិច្ច ទៅទទួលយក នៅច្រកព្រំដែន អន្តរជាតិប៉ោយប៉ែត ។

បន្ទាប់ពីអាជ្ញាធរថៃ ជូនដំណឹង ពីការចាប់ខ្លួន ឃាតករខាងលើនេះ លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ បានបញ្ជា ទៅលោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ ប្រធាននាយកដ្ឋាន កណ្តាល នគរបាលយុត្តិធម៌ ឱ្យនាំកម្លាំង នាយកដ្ឋាន នគរបាល ព្រហ្មទណ្ឌ ទៅទទួលយក នៅច្រកព្រំដែន ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

នៅព្រឹកថ្ងៃទី១៣ កញ្ញា លោកឧត្តមសេនីយ៍ អិុន បូរ៉ា ប្រធាននាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានចាត់តាំង លោកវរសេនីយ៍ទោ ស៊ីវ ផល្លា ជាក្រុមឈុតពិសេស របស់នាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ ដឹកនាំកម្លាំង ១ក្រុមចេញទៅ ទទួលយកឧក្រិដ្ឋជន សង្ស័យ នៅច្រកប៉ោយប៉ែត តាមពេលវេលា បានកំណត់ ។

វេលាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃដដែល កម្លាំងរបស់លោក ស៊ីវ ផល្លា បានទៅដល់ ព្រំដែន ច្រកទ្វារប៉ោយប៉ែត ដោយរង់ចាំ រហូតដល់ ម៉ោង២ និង១៥នាទី ទើបបានសមភាគីថៃ ប្រគល់ជនជាប់ចោទ ឱ្យដល់ដៃ ដែលឧក្រិដ្ឋជន ត្រូវបានសមត្ថកិច្ច ទាំង២ភាគី ដោះដូរខ្នោះដៃ នាពេល នោះដែរ ។

ស្តាប់ការរៀបរាប់ត្រួសៗ របស់ឃាតករ ប្រភពព័ត៌មានបន្តថា នៅពេលកម្លាំង ភាគីថៃ ប្រគល់ឧក្រិដ្ឋជន ដល់ដៃភាគីកម្ពុជាភ្លាម កម្លាំងនគរបាល ព្រហ្មទណ្ឌ បាននាំចូល រថយន្ត និងបាននាំមកកាន់ ក្រសួងមហាផ្ទៃ តាមកងរថយន្ត ស៊ីរ៉ែន បើកផ្លូវ មកដល់រាជធានីភ្នំពេញ នៅម៉ោង ប្រមាណ៩ និង៣០នាទីយប់ ។

នៅក្នុងរថយន្ត ដែលកំពុងធ្វើដំណើរ តាមផ្លូវរាប់រយ គីទ្បូម៉ែត្រ នគរបាលជំនាញ ព្រហ្មទណ្ឌ បានសាកសួរ ឃាតករ ពីរឿងហេតុផល ដែលឈានទៅដល់ ការដាច់ចិត្ត សម្លាប់ប្រពន្ធ និងកូនអាយុ៦ឆ្នាំ ហើយរហូតដល់ យកសពទៅផ្លុងចោល នៅជ្រោះជើងភ្នំ ពេជ្រនិលនោះ ត្រូវបានលោកផ្កាយ២ គឹម ម៉ាវិន្ថា ឆ្លើយរៀបរាប់ មិនទាន់ជាផ្លូវការថា «គាត់ខឹងភរិយាលោក និយាយមិនស្តាប់ ដែលមានប្តី មានកូនហើយ ទៅស្រទ្បាញ់ ប្រុសថ្មី ដូចជាឈ្មោះ ហាក់ ម៉ៅ នោះម្នាក់ទៀត» ។ គាត់ថា «នេះមិនមែន ជាស្នេហ៍លួចលាក់ទេ គឺគេដុតភ្លើង នៅនឹងមុខ បែបនេះ សួរថាអ្នកណាមិនខឹង ហើយនិយាយ មិនស្តាប់ទៅទៀត» ។

លោក ម៉ាវិន្ថា រៀបរាប់ថា «នៅយប់ថ្ងៃកើតហេតុ លោកនឹងភរិយា បានឈ្លោះទាស់ទែង វាយតប់គ្នា ពីរឿងហ្នឹង ដែលពេលនោះ ប្រពន្ធក៏ជា មន្ត្រីយោធា ពាក់ស័ក្តិ៣ដែរ ហើយគេចេះតែ ស្រវេស្រវា រកកាំភ្លើង ធ្វើឱ្យលោកទ្រាំមិនបាន ក៏ស្ទុះទៅ ច្របាច់ក រហូតដល់ស្លាប់ ។ ចំណែកកូនស្រី អាយុ៦ឆ្នាំ ពេលគាត់២នាក់ ប្តីប្រពន្ធឈ្លោះគ្នា វាស្រែកយំខ្លាំងៗ គាត់ក៏យក ស្បោងប្លាស្ទីច ច្រកដើម្បីកុំឱ្យយំ ភ្លេចខ្លួន មួួយសន្ទុះ កូនស្រីនោះ ក៏ត្រូវស្លាប់ដែរ» ។

ឧក្រិដ្ឋជនរូបនេះ បាននិយាយរៀបរាប់ ទាំងអួលដើមក ម្តងថា ខ្លួនជាអ្នកសម្លាប់ប្រពន្ធ និងកូន ម្តងថាកូនប្រុសបង្កើត ជាជនដៃដល់ ដោយទម្លាក់ កំហុស ទៅលើកូនប្រុសបង្កើត របស់ប្រពន្ធមុន ជាអ្នកប្រព្រឹត្ត ។

គាត់រៀបរាប់ថា «ពេលឃើញឪពុក និងម្តាយចុង ឈ្លោះគ្នា កូនប្រុសឈ្មោះ ស ធី ហៅ សែម គឹមរិទ្ធី អាយុ៣៣ឆ្នាំ បានស្ទុះទៅវាយ និងច្របាច់ក ប្រពន្ធគាត់ ឱ្យស្លាប់ ព្រមទាំងច្រកកូនស្រី អាយុ៦ឆ្នាំ ក្នុងស្បោងប្លាស្ទីច ឱ្យស្លាប់ដែរ នៅពេលវាយំខ្លាំង» ។

និយាយដល់ត្រង់នេះ លោក ម៉ាវិន្ថា ស្រក់ទឹកភ្នែក និងប្រាប់ថា «បានជាកូនប្រុស ដាច់ចិត្តច្របាច់ក សម្លាប់ម្តាយចុងនោះ ព្រោះវាបានឃើញ នឹងភ្នែកនូវទង្វើ ដែលលោកបានធ្វើ គឺត្រង់ចំណុច លុតជង្គង់ ថ្វាយបង្គំប្រពន្ធ អង្វរឈប់ឱ្យទៅ ស្រទ្បាញ់ឈ្មោះ ហាក់ ម៉ៅ គឺចំណុចនេះហើយ ដែលកូន បានឈឺចាប់ជំនួសឪពុក ទើបឈានទៅដល់ ការលើកដៃ ប្រហារជីវិតម្តាយ និងកូន» ។

លោក គឹម ម៉ាវិន្ថា បានលើកដៃជាប់ខ្នោះ អង្វរទៅសមត្ថកិច្ច ក៏ដូចជាស្ថាប័នច្បាប់ មេត្តាដោះលែង កូនប្រសា ឈ្មោះ ជា សំណាង ដែលកំពុង ត្រូវបានតុលាការ ឃុំខ្លួននោះវិញទៅ ព្រោះកូនប្រសាគាត់ គ្មានកំហុសទេ គេមិនបានដឹងអ្វីទេ គ្រាន់តែបាន បញ្ជាពីឪពុកក្មេក ឱ្យដឹកធុង ដាក់សព យកទៅចោលប៉ុណ្ណោះ ។

នៅព្រឹកថ្ងៃទី១៤ កញ្ញា លោកឧត្តមសេនីយ៍ត្រី ទ្បឹក វណ្ណៈ បាននាំខ្លួនជនសង្ស័យ ជាឃាតករ សម្លាប់ប្រពន្ធ និងកូន ព្រមទាំង ជនជាប់ចោទ ក្លែងត្រា និងហត្ថលេខា លើឯកសារ ក្លែង៣នាក់ផងដែរ ទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីជូនតំណាង អយ្យការ ធ្វើការចោទប្រកាន់ តាមផ្លូវច្បាប់ ។

គួរបញ្ជាក់ថា សំណុំរឿងឃាតកម្ម ប្តីសម្លាប់ប្រពន្ធ និងកូនស្រី អាយុ៦ឆ្នាំ ខាងលើនេះ បានការជួយឧបត្ថម្ភ គាំទ្រគ្រប់មធ្យោបាយ ពីសំណាក់ អង្គភាពការពារកុមារ (CPU) នៃអង្គការ មូលនិធិកុមារកម្ពុជា (CCF) ផងដែរ ។

គួរកត់សម្គាល់ថា ការចេញដីកា ចាប់ខ្លួនបានកើតឡើង បន្ទាប់ពី លោកឧត្តមសេនីយ៍ត្រី ឡឹក វណ្ណៈ អនុប្រធាន នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បាននាំជនសង្ស័យ ដែលចាប់ខ្លួន ឈ្មោះ ជា សំណាង ជាកូនប្រសា របស់ឧត្តមសេនីយ៍ទោ គឹម ម៉ាវិន្ថា នាំទៅឆែកឆេរ បន្ទប់ឪពុកក្មេក ដើម្បីពិនិត្យទីកន្លែង ដែលសង្ស័យថា ឃាតករធ្វើសកម្មភាព ក្នុងបន្ទប់នោះ ។

ការនាំខ្លួនជនសង្ស័យ ជាកូនប្រសា ទៅពិនិត្យ បន្ទប់ឪពុកក្មេក ដែលជាប់ពាក់ព័ន្ធ ករណីឃាតកម្មនោះ បានប្រព្រឹត្តទៅ កាលពីវេលា ម៉ោង២រសៀល ថ្ងៃទី១២ សីហា ក្រោមការចូលរួម ពីលោក កែវ សុជាតិ ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ ព្រមទាំងសមត្ថកិច្ច មូលដ្ឋានផងដែរ ។

ការពិនិត្យកន្លែង ធ្វើឃាតលើ អ្នកស្រី វ៉ា ដារី និងកូនស្រី អាយុ៦ឆ្នាំ ឈ្មោះ គឹម ថាវិច្ចដា ត្រូវបានជនសង្ស័យ ឈ្មោះ ជា សំណាង នៅតែបដិសេធថា ខ្លួនមិនបានប្រព្រឹត្ត ផ្ទាល់ដៃទេ ដូច្នេះខ្លួនមិនបាន ដឹងអ្វីទាំងអស់ ខ្លួនគ្រាន់តែ ដឹកសព យកទៅបោះចោល នៅជ្រោះពេជ្រនិល តែប៉ុណ្ណោះ ដែលពេលនោះ មិនបានដឹងថា ក្នុងធុងទឹកកក មានសាកសព មនុស្សផង ។

សមត្ថកិច្ចបានពិនិត្យបន្ទប់ លោកឧត្តមសេនីយ៍ទោ គឹម ម៉ាវិន្ថា បានរកឃើញ ថង់បា្លស្ទិក ដែលនៅសល់ ពីការវេចខ្ចប់ សាកសពប្រពន្ធ និង កូន ដែលនោះជា វត្ថុតាងរឹងមាំមួយទៀត ហើយត្រូវសមត្ថកិច្ច កំណត់ពិតប្រាកដថា បន្ទប់នោះ ជាកន្លែងធ្វើឃាតប្រពន្ធ និងកូន ។

គួរបញ្ជាក់ថា ប្តីប្រពន្ធ២នាក់នេះ មិនបានរៀបការ នឹងគ្នាត្រឹមត្រូវទេ បានស្រឡាញ់គ្នា ច្រើនឆ្នាំហើយ តែបានចុះអេតាស៊ីវិល និងមានកូនស្រី មួយជាមួយគ្នា។ ស្ត្រីរងគ្រោះជាទាសី ស្នេហាម្នាក់ ក្នុងចំណោម ទាសីស្នេហា ជាច្រើននាក់ទៀត របស់ឧត្តមសេនីយ៍ រូបនោះ ។

មុនការសម្លាប់ផងដែរ គឺនៅថ្ងៃទី១៤ កុម្ភៈ ប្តីប្រពន្ធ និងកូនស្រី បានធ្វើដំណើរ ទៅលេងផ្ទះឪពុកម្តាយ នៅខេត្តកំពង់ចាម ដោយមានឈ្មោះ វ៉ា ភារ៉ា ភេទប្រុស អាយុ២៤ឆ្នាំ ជាប្អូនប្រុស ជនរងគ្រោះ ទៅជាមួយដែរ ។ ពេលទៅដល់កំពង់ចាម លោកឧត្តមសេនីយ៍ទោ គឹម ម៉ាវិន្ថា បានយកទូរស័ព្ទដៃ បើកសំឡេង ចាក់រូបភាព ឱ្យឪពុកម្តាយមើល ពីរឿងប្រពន្ធ មានស្នេហា ជាមួយបុរស ឈ្មោះ ហាក់ ម៉ៅ ដើម្បីជាភស្តុតាង ឱ្យម្តាយឪពុកដឹងថា ប្រពន្ធមានប្រុសថ្មី ។

លុះដល់ម៉ោង ប្រមាណ១១ព្រឹកថ្ងៃ ទី១៥ កុម្ភៈ ពួកគេបានវិលមក ភ្នំពេញ ។ ដោយឡែកឈ្មោះ វ៉ា ភារ៉ា មិនបានមក ជាមួយទេ ។ ពេលមកដល់ភ្នំពេញ ប្រពន្ធប្រាប់ប្តីថា នាំកូនទៅផ្សារសុវណ្ណា រកទិញវ៉ែនតា បន្ទាប់មកទៀត ប្រពន្ធ និងកូន បានទៅផ្សារសូរិយា រហូតយប់ ទើបបានវិល ចូលផ្ទះវិញ ។

ស្រាប់តែនៅវេលារសៀល ម៉ោង៣ និង៣០នាទី ថ្ងៃទី២១ មីនា ស្ត្រីជាប្រពន្ធ និងកូនស្រី ត្រូវគេប្រទះឃើញសព ត្រូវឃាតករសម្លាប់ ច្រកថង់ប្លាស្ទិក យកទៅទម្លាក់ចោល នៅជ្រោះពេជ្រនិល ចម្ងាយ៦០ម៉ែត្រ ពីអាស្រម លោកយាយម៉ៅ ។

សមត្ថកិច្ចបានពិនិត្យសព ពេលនោះរកឃើញ កាបូបដៃមួយ មានអត្តសញ្ញា ជនរងគ្រោះ ក៏បានផ្តល់ដំណឹង ដល់សាច់ញាតិ ហើយអ្វីកាន់តែ ធ្វើឱ្យសមត្ថកិច្ច ចាប់អារម្មណ៍នោះ ត្រង់ថា នៅក្នុងខោទ្រនាប់ ជនរងគ្រោះ មានផ្ការំយោលស្រស់ ២.៣សន្លឹក ដែលផ្កានោះ ឃើញមាន នៅក្នុងបន្ទប់ លោកឧត្តមសេនីយ៍ គឹម ម៉ាវិន្ថា ដែលអាចឱ្យ សន្និដ្ឋានបានថា ជនរងគ្រោះ មុនដាច់ខ្យល់ស្លាប់ ស្រវេស្រវា ទាញបោចផ្កានោះ ញ៉ុកចូល ក្នុងខោទ្រនាប់ ទុកជាភស្តុតាង ដល់ការសើុបអង្កេត ។

តាំងពីថ្ងៃកើតហេតុ លោកឧត្តមសេនីយ៍ គឹម ម៉ាវិន្ថា នាំស្រីក្មេងម្នាក់ ចេញទៅក្រេបទឹកឃ្មុំ នៅក្រៅប្រទេស បាត់រហូត ដែលតាមដំណឹង ពេលនោះថា គឹម ម៉ាវិន្ថា ទៅស្នាក់នៅ លួចលាក់ ក្នុងប្រទេសថៃ ៕

លោកផ្កាយ២ឃាតករ គឹម ម៉ាវិន្ថា ត្រូវសមត្ថកិច្ចកិច្ចចាប់បញ្ជូនឱ្យសមត្ថកិច្ចខ្មែរ

លោកផ្កាយ២ឃាតករ គឹម ម៉ាវិន្ថា


ទិដ្ឋភាពនៅកន្លែងដែលឃាតករប្លុងសពស្ត្រីរងគ្រោះ


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]