ភ្នំពេញ៖ អ្នកប្រកបរបរ រកស៊ីប៉ះកង់ តាមចិញ្ចើម ផ្លូវមុខផ្សាររាត្រី សង្កាត់វត្ដភ្នំ ខណ្ឌដូនពេញ បានលង់ទឹក ទន្លេស្លាប់ ក្រោយ ពីរូបគាត់ចុះទៅងូតទឹកតែម្នាក់ឯង កាលពី វេលាម៉ោង ១១និង២០នាទី ព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៤នេះ ដែលប្រជាពលរដ្ឋ សង្ស័យថា អាចមកពីរមួលក្រពើ ។

នាយនគរបាលប៉ុស្ដិ៍វត្ដភ្នំ លោកអ៊ុន សំអាត បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ប៉ុក យូ អាយុ៥៥ឆ្នាំ ជាអ្នករកស៊ី ប៉ះកង់និង លក់សាំង នៅតាមផ្លូវលេខ១០២ កែងផ្លូវ ព្រះស៊ីសុវត្ថិ សង្កាត់វត្ដភ្នំ ខណ្ឌដូនពេញ ហើយជនរងគ្រោះ ស្នាក់នៅកន្លែងប៉ះកង់ នោះតែម្ដង ។

លោកអ៊ុន សំអាត បានបន្ដថា មុនពេល កើតហេតុ ជនរងគ្រោះបាន ចុះទៅងូតទន្លេ ស្រាប់តែលង់ស្លាប់តែម្ដង ។

លោកបន្ដទៀតថា ក្រោយពីទទួលបាន ព័ត៌មាននិងមិនឃើញ សពជនរងគ្រោះអណ្ដែត មន្ដ្រីនគរបាល របស់លោក និងសាច់ញាតិ ជនរងគ្រោះ បានជួលជនជាតិចាម ចុះរាវរក នៅក្នុងទឹក លុះមួយសន្ទុះក្រោយមក ស្រាប់តែប្រទះឃើញ សពដាច់ខ្យល់ស្លាប់ បាត់ទៅហើយ ។

បើតាមនាយនគរបាល ប៉ុស្ដិ៍រូបនេះ ក្រោយរាវរកសព ជនរងគ្រោះឃើញ ហើយ ធ្វើកោសល្យវិច័យថា ស្លាប់បណ្ដាលមក ពីលង់ទឹកនោះ សមត្ថកិច្ច របស់លោក បានប្រគល់សពទៅឱ្យ ក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]