ខេត្តព្រះវិហារ ៖ តាយាយ និងឪពុកមា ត្រូវក្មួយប្រុស ចិត្តតិរច្ឆាន យកពូថៅកាប់ យ៉ាងព្រៃផ្សៃបំផុត បណ្តាលឱ្យស្លាប់ ក្នុងថ្លុកឈាម ទាំង៣នាក់ ដោយគ្រាន់តែ ជម្លោះគ្នាតិចតួច រឿងសុំលុយទិញ ស្រាផឹកមិនបាន ។

ហេតុការណ៍ខាងលើនេះ កើតឡើងកាល ពីវេលាម៉ោង៤ និង៤០នាទីព្រឹក ថ្ងៃទី១៤ កញ្ញា ២០១៤ ស្ថិតនៅក្នុង ភូមិម៉ឺនរាជ ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ ។

ប្រភពបានឱ្យដឹងថា ជនរងគ្រោះ ទាំង៣ខាងលើ ១-ឈ្មោះចិន លឿង អាយុ៦៦ឆ្នាំ (តា) ២-ឈ្មោះខឹង អឹម ភេទស្រី អាយុ៧៣ឆ្នាំ (យាយ) និង៣-ឈ្មោះចិន តេម អាយុ៣៧ឆ្នាំ (ឪពុក) ។ ទាំង៣នាក់មាន ទីលំនៅក្នុងភូមិ កើតហេតុខាងលើ រីឯឃាតករឈ្មោះ វុធ ធឿន អាយុ២៤ឆ្នាំ មានទីលំនៅក្បែរផ្ទះ កើតហេតុខាងលើ ត្រូវសមត្ថកិច្ចបញ្ជូន ទៅកាន់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ។

ប្រភពបន្តថា ក្នុងហេតុការណ៍ កាប់សម្លាប់នេះ ត្រូវប្រជាពលរដ្ឋ លើកគ្នាមួយភូមិ ប្រដាប់ដោយកាំបិត ចំពាមកៅស៊ូ និងដំបងព័ទ្ធចាប់ ជនសង្ស័យដើម្បី កាត់ទោសប្រហារជីវិត ព្រោះពួកគេមានការ ខឹងសម្បារយ៉ាងខ្លាំង ចំពោះទង្វើយ៉ាង សាហាវឃោរឃៅ របស់ជនដៃដល់នេះ តែត្រូវកម្លាំង កងរាជអាវុធហត្ថ ចុះទៅដល់ទាន់ ហើយក៏ចាប់ជន ដៃដល់តែម្តង ។

តាមចម្លើយសារភាព របស់ឃាតករនោះ បានឱ្យដឹងថា កាលពី១០ថ្ងៃមុននេះ ខ្លួនបានសុំ លុយតាយា (ជនរងគ្រោះ) ១ពាន់រៀល ដើម្បីទៅទិញស្រាផឹក តែសុំមិនបានក៏ បម្រុងនឹងសម្លាប់ចោល តាំងពីថ្ងៃនោះមកម្ល៉េះ ។ លុះមកដល់ទៀបភ្លឺ ថ្ងៃកើតហេតុខាងលើ ខ្លួនបានឡើងទៅលើ ខ្ទមរបស់តាយាយ និងឪពុកមា ក៏ទាញពូថៅ កាប់ទៅលើឪពុកមា ៣ពូថៅស្លាប់ភ្លាមៗ បន្ទាប់មកក៏កាប់ យាយតាស្លាប់បន្តទៀត រួចខ្លួនរត់ឡើងទៅ លើផ្ទះក្បែរ ខ្ទមកើតហេតុ ចាក់សោទ្វារ ដើម្បីលាក់ខ្លួន ៕






ផ្តល់សិទ្ធដោយ កោះសន្តិភាព

វីដេអូពី ទំព័ហ្វេសប៊ុក ហង្សមាស៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]