ភ្នំពេញ ៖ យុត្តិធម៌ពិតជាមាន ទីបំផុតអតីតឧត្តមសេនីយ៍ យោធាផ្កាយ២ ឈ្មោះ គីម ម៉ារិន្ថា ត្រូវបាន តុលាការ រាជធានីភ្នំពេញ សម្រេចឃុំខ្លួន ជាបណ្តោះអាសន្ន នៅពន្ធនាគារព្រៃស ពីបទឃាតកម្មដ៏ សាហាវព្រៃផ្សៃសម្លាប់ ប្រពន្ធចុង និងកូនស្រីអាយុ ៦ឆ្នាំរបស់ខ្លួន ហើយយក សព ពួកគេទាំងពីរនាក់ ទៅបោះចោលនៅជ្រោះពេជ្រនិល ។

ជនសង្ស័យជាទាហានពាក់ផ្កាយ២ រូបនេះ និងជាប្រធានក្រុមហ៊ុន រថយន្តក្រុងដឹកជញ្ជូន GST ត្រូវបាន នគរបាល ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤ បន្ទាប់ពីត្រូវចាប់ខ្លួន កាលពីម្សិលមិញ នៅក្នុងទឹកដីថៃជាប់ព្រំដែនប្រទេសឡាវ ។

ក្រោយពីបញ្ជូនខ្លួនទៅដល់សាលាដំបូងរាជធានីភ្នំពេញ រួចមក ជនសង្ស័យរូបនេះ ត្រូវបាន ព្រះរាជ អាជ្ញារងអម សាលាដំបូងរាជធានីភ្នំពេញ លោក កែវ សុជាតិ បានធ្វើការសាកសួរ ហើយឈានទៅ ដល់ការចោទប្រកាន់ រួច បញ្ជូនសំណុំ រឿងទៅ កាន់លោកចៅក្រមស៊ើបសួរ ធី ឆៃ ហើយចេញ ដីកាឃុំខ្លួនតែម្តង នៅព្រឹកថ្ងៃដដែលនោះ។

ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលតាមទូរស័ព្ទ នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤ នេះ ព្រះរាជអាជ្ញា រង លោក កែវ សុជាតិ បានបញ្ជាក់ថា " ខ្ញុំបានចោទប្រកាន់ជននេះ ពីបទ ឃាតកម្មគិត ទុកជាមុន យោងតាមមាត្រា ២០០ ហើយទោសហ្នឹង ប្រឈមការជាប់ពន្ធនាគារ អស់មួយជីវិត" ។

មន្រ្តីសាលាដំបូងរាជធានីភ្នំពេញ មួយរូបបានថ្លែងឲ្យដឹងថា បន្ទាប់ពីព្រះរាជអាជ្ញារង កែវ សុជាតិ ធ្វើការចោទ ប្រកាន់រួចហើយនោះ សំណុំរឿងដែលធ្វើឲ្យមានការចាប់អារម្មណ៍ពីមហាជនទូទៅមួយនេះ ត្រូវបានបញ្ជូនទៅ កាន់ចៅក្រមស៊ើបសួរ ហើយចេញដីកាឃុំខ្លួនដាក់ពន្ធនាគារតែម្តងទៅ ។

គួរបញ្ជាក់ថា អតីតឧត្តមសេនីយ៍នៅក្រសួងការពាររូបនេះ រួមជាមួយកូនប្រសាប្រុសរបស់ខ្លួន បានរៀប ចំគម្រោង សម្លាប់ស្ត្រីជាប្រពន្ធចុង និងកូនស្រីអាយុ ៦ឆ្នាំ នៅទីស្នាក់ការក្រុមហ៊ុនរថយន្តក្រុង GST ក្បែរផ្សារធំថ្មី ខណ្ឌ ដូនពេញ កាលពីអំឡុងខែមីនា ឆ្នាំ២០១៤ កន្លងទៅ ហើយជនសង្ស័យបានប្រើ កូនប្រសា យកសពពួកគេទាំង ពីរនាក់ ដាក់ចូលវ៉ាលី ដឹកតាមរថយន្តលុច្សស៊ីស ទៅទម្លាក់ចោលនៅ ជ្រោះពេជ្រនិល រួចត្រូវបានអ្នកកាប់អុស ប្រទះឃើញ ។

ក្រោយធ្វើសកម្មភាពដ៏សាហាវព្រៃផ្សៃនេះ កម្លាំងនគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការ ជាមួយកម្លាំង នគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ ដោយមានការដឹកនាំ បញ្ជាតាមផ្លូវច្បាប់ ពីសំណាក់ព្រះរាជអាជ្ញារង កែវ សុជាតិ បានបើកការស្រាវ ជ្រាវយ៉ាងយកចិត្តទុកដាក់ ហើយឈានទៅ ដល់ការចាប់ខ្លួនពួកគេ ទាំងពីរនាក់ជាបន្ត បន្ទាប់ ។

សូមបញ្ជាក់ថា សពជនរងគ្រោះ ស្ដ្រីជាម្ដាយឈ្មោះ រ៉ា ដារី អាយុ៣០ឆ្នាំ និងកូនស្រី ឈ្មោះ គឹម ដាវិចដា អាយុ៦ឆ្នាំ ដែលរស់នៅផ្ទះលេខ ២០ ផ្លូវលេខ២៦៧ សង្កាត់ទឹកល្អក់ ខណ្ឌទួលគោក ត្រូវបានអ្នក កាប់ អុសនៅក្នុងព្រៃ ប្រទះ ឃើញស្លាប់ដោយធុំក្លិនស្អុយនៅក្នុងថង់បា្លស្ទិចរុំបិទជិត កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៤ ស្ថិតនៅតាមបណ្ដោយ ផ្លូវជាតិលេខ ៤ ក្នុងភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួចខេត្ដកំពង់ស្ពឺ៕





មន្រ្តីយោធាផ្កាយពីរ ដែលសមត្ថកិច្ចស្វែងរកចាប់ខ្លួន





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]