ចិន៖ ថ្មីៗនេះប៉ូលីស នៅក្នុងខេត្តក្វាងទុង ចាប់បានសត្វពង្រូលងាប់ ចំនួន៤៥៧ក្បាល ដែលដាក់នៅក្នុង ទូរទឹកកធំៗចំនួន៤ និងជនសង្ស័យ ៤នាក់ ពីបទសម្លាប់ និងជួញដូរសត្វខុសច្បាប់។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា សាកសពសត្វពង្រូល ដែលចាប់បាន ទាំង៤៥៧ក្បាល ត្រូវបានគេដាក់ នៅក្នុងបន្ទប់មួយ ដោយក្នុងចំណោម សត្វពង្រូលទាំងអស់ មានខ្លះ ទំងន់ដល់ទៅ ៩គីឡូក្រាម ឯណោះ។ មួយរយៈចុងក្រោយនេះ សត្វពង្រូលដែល ជាសត្វកម្រ ត្រូវបានគេសម្លាប់ កាន់តែច្រើនឡើងៗ នៅក្នុងប្រទេសចិន ដែលជាហេតុធ្វើឲ្យ មានការព្រួយបារម្ភ បាត់បង់ពូជសត្វកម្រ ប្រភេទនេះ យ៉ាងខ្លាំង។

គួរបញ្ជាក់ផងដែរថា នៅក្នុងក្បួនថ្នាំចិន ស្រការបស់ពង្រូល ត្រូវគេជឿជាក់ថា ជាឱសថព្យាបាល ជំងឺមហារីក និងជំងឺហឺត បានយ៉ាងពូកែសក្តិសិទ្ធ ហើយសត្វពង្រូល ប្រមាណ២សែនក្បាល ត្រូវបានគេសម្លាប់ ពីចន្លោះឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៣ នៅក្នុងប្រទេសចិន។ ស្រការបស់សត្វពង្រូល ត្រូវបានឡើងថ្លៃ ជាបន្តបន្ទាប់ ស្របទៅតាម តម្រូវការទីផ្សារ។ ក្នុងអំឡុង ទសវត្ស៩០ មួយគីឡូក្រាម មានតម្លៃត្រឹមតែ ១៤ដុល្លារប៉ុណ្ណោះ ប៉ុន្តែពេលបច្ចុប្បន្ន មួយគីឡូក្រាម មានតម្លៃដល់ទៅ ១៩៩ដុល្លារ។ ចំណែកឯសាច់ពង្រូល ស្រស់វិញ ត្រូវបានគេលក់ ក្នុងមួយក្បាល តម្លៃ១,០០០ដុល្លារ ផងដែរ៕




ប្រភព៖ Shanghaiist | Wikipedia

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]