រាជធានីភ្នំពេញ ៖ យុវជនម្នាក់ បានរងរបួសធ្ងន់ ក្រោយមក បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីបញ្ជូន ទៅសង្គ្រោះ ដល់មន្ទីរពេទ្យ ព្រះកុសុមៈ ដោយសារយុវជន ១ក្រុមទៀត វាយនឹងឈើជ្រុង ខណៈពេល មានទំនាស់គ្នានៅកន្លែងផឹកស៊ី ក្នុងការដ្ឋានសំណង់មួយកន្លែង កាលពី វេលាម៉ោង ១០យប់ ថ្ងៃទី១២ កញ្ញា ២០១២ ស្ថិតក្នុងភូមិ ស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។

យុវជនរងគ្រោះខាងលើឈ្មោះ សួន សុភុំ អាយុ១៨ឆ្នាំ មុខរបរជាងដែក មានស្រុកកំណើត នៅក្នុងភូមិត្រពាំងរាំង ឃុំអង្គរមាស ស្រុកដងទុង ខេត្តកំពត និងទើបតែទៅស្នាក់នៅ កន្លែងកើតហេតុ ធ្វើការងារបានរយៈពេល ជាង២០ថ្ងៃប៉ុណ្ណោះ ជាមួយបងប្រុសម្នាក់ ឈ្មោះ សួន សម្ផស្ស ។

ដោយឡែកជនដៃដល់នៅក្នុងហេតុការណ៍វាយសម្លាប់មនុស្សនេះមានគ្នា៣នាក់ ក្នុងនោះ ១-ឈ្មោះ ឡាង យាំងប៉ាវ ភេទប្រុស អាយុ២៤ឆ្នាំ ២-ឈ្មោះ អេង ស្រី ភេទប្រុស អាយុប្រហែល២០ឆ្នាំ(គេចខ្លួន) ៣-ឈ្មោះណាក់ ណូន ភេទប្រុស អាយុប្រហែល២០ឆ្នាំ(គេចខ្លួន) អ្នកទាំង៣ មានស្រុកកំណើត នៅភូមិថ្មគ្រជុំ ឃុំមាន ស្រុកអូរាំងឪ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅ ក្នុងការដ្ឋានសំណង់ កើតហេតុខាងលើ មុខរបរជាងដែក៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]