ចិន៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្រុមហ៊ុនផ្តល់សេវាកម្ម អ៊ីនធឺណែត ដ៏ធំមួយ នៅក្នុងប្រទេសចិន មានឈ្មោះថា Baidu បានធ្វើការប្រកាស កាលពីថ្ងៃពុធ ទី១០ ខែកញ្ញា កន្លងទៅនេះ នៅក្នុងសន្និសិទមួយ នៃកម្មវិធី Baidu World ថា ពួកគេនឹងផលិត នូវចង្កឹះដ៏អស្ចារ្យ ដែលអាចប្រាប់ អ្នកប្រើប្រាស់ ប្រសិនបើអាហារ នៅក្នុងចាន ដូចជា ស៊ុប បាយ ឬបន្លែផ្សេងៗ ដែលបានប៉ះ នឹងចង្កឹះនោះ មានបញ្ហា ឬមានគ្រោះថ្នាក់។

ប្រភពដដែល បានឲ្យដឹងថា ចង្កឹះដ៏អស្ចារ្យនេះ ត្រូវបានគេហៅឈ្មោះថា “Kuaisou” នឹងធ្វើការស្ទង់ និងវិភាគ បរិមាណខ្លាញ់, កំរិត pH នៃគ្រឿងផ្សំ និងកាឡូរីសរុប នៅក្នុងចានអាហារ ដើម្បីបញ្ជាក់ថា វាមានបញ្ហា ឬអត់។

លោក Robin Li ប្រធានផ្នែក នៃក្រុមហ៊ុន Baidu បានប្រាប់ឲ្យដឹងថា «អ្នកនឹងអាចដឹង ពីបរិមាណ នៃជាតិខ្លាញ់ ទឹក និងអាហារ ផ្សេងៗទៀត នៅក្នុងចានម្អូប រួមទាំងគ្រឿងផ្សំ របស់វាផងដែរ។»

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Baidu គឺជាក្រុមហ៊ុន ដ៏ធំមួយ នៅក្នុងប្រទេសចិន (ធំជាងក្រុមហ៊ុន Google ដែលស្ថិតក្នុងប្រទេសចិនទៀត) ដែលបានព្យាយាម ប្រកួតប្រជែង នឹងគូប្រកួត ក្នុងវិធីសាស្រ្ត ដ៏ល្អបំផុត។ ជាងនេះទៅទៀត ក្រៅពីការប្រកាស នូវផលិតផល ចង្កឹះ Kuaisou នោះ ក្រុមហ៊ុនមួយនេះ ក៏បានប្រកាស នូវប្រភេទ វ៉ែនតា (ចម្លងពីវ៉ែនតា Google Glass) ដែលមានឈ្មោះ “BaiduEye” ផងដែរ។

យ៉ាងណាមិញ ចងឹ្កះ Kuaisou នេះ មិនទាន់ត្រូវគេកំណត់តម្លៃឡើយ ខណៈក្រុមហ៊ុន Baidu បាននិយាយថា ពួកគេមិនទាន់ត្រៀមខ្លួន ដើម្បីផលិតវា យកមកលក់ នៅលើទីផ្សារឡើយ ហើយបច្ចេកវិទ្យា ដ៏ទំនើប និងអស្ចារ្យនេះ គឺកំពុងស្ថិតក្នុងដំណាក់កាល “គំនិត” ប៉ុណ្ណោះ៕



ប្រភព ៖ asaintown.net

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]