កូរ៉េខាងត្បូង៖ តារាចម្រៀងប្រុសសង្ហារ គឺលោក Seungri ជាសមាជិកក្នុងក្រុម Big Bang បានជួប គ្រោះថ្នាក់ចរាចរណ៍កាលពីវេលា ម៉ោង៣ និង៣០នាទី ទៀបភ្លឺ ថ្ងៃទី១២ ខែកញ្ញា។

ក្នុងហេតុការណ៍នោះ គឺឡានរបស់លោក ម៉ាក Porsche បានក្រឡាប់ផ្អារជើង ឡើងទៅលើ ហើយក៏បាន ខូចខាត យ៉ាងដំណំផងដែរ។

យោងតាមស្ថានីយ៍ប៉ុស្តិ៍ប៉ូលីស បានបញ្ជាក់ថា លោក Seungri បានជិះឡានតែម្នាក់ឯង ប៉ុន្តែរូបគាត់ មិនមាន អាការៈស្រវឹងនោះទេ។ ក្រុមប៉ូលីស បាន ពន្យល់បន្ថែមថា មូលហេតុក្នុងហេតុការណ៍នេះ វាមិនទាន់ច្បាស់នៅឡើយទេ ហើយពួកគេ នឹងធ្វើការពិនិត្យ មើលលើ ល្បឿននៃការ បើកបរ របស់គាត់ផងដែរ។ បន្ថែមពីនេះទៅទៀត ប៉ូលីសក៏នៅតែស៊ើបអង្កេត បន្តទៀតដែរថា តើអ្វីដែល ជាប់ពាក់ព័ន្ធ ក្នុងរឿងនេះ ទើបបណ្តាលឲ្យ ឡានលោក Seungri ក្រឡាប់បែបនេះ។

ចំពោះស្ថានភាពរបស់លោក Seungri  មានរបួសបន្តិចបន្តួចតែប៉ុណ្ណោះ ហើយគាត់ក៏ត្រូវបាន បញ្ចូនចូលក្នុង មន្ទីរពេទ្យផងដែរ។ ទន្ទឹមនឹងនេះដែរ ផលិតកម្មYG បានអះអាងថា លោក Seungri មានអាការៈធម្មតា ហើយគាត់ នឹងអាចផ្តល់ព័ត៌មាន ឲ្យកាន់តែច្បាស់ ពីរឿងគ្រោះថ្នាក់ចរាចរណ៍ របស់គាត់ ក្នុងពេលឆាប់ៗនេះ។

ប៉ុន្តែប៉ុន្មានម៉ោងក្រោយនេះ តាមសេចក្តីរាយការណ៍ពី ព័ត៌មានSBS បានឲ្យដឹងថា យោងតាមគ្រោះថ្នាក់ កាលពីព្រឹករលឹមនេះ គឺលោក Seungri បាននិយាយថា រូបគាត់នឹងធ្វើការវះកាត់ជាបន្ទាន់ ដោយសារ តែថ្លើម របស់គាត់ រងរបួសយ៉ាងខ្លាំង។

ទោះជាយ៉ាងណា ផលិតកម្មYG ក៏នៅតែ បដិសេធក្នុងរឿង ដែលថាលោក Seungri ត្រូវធ្វើការវះកាត់ ថ្លើមរបស់គាត់ ហើយរូបគាត់ គ្រាន់តែមាន ការហូរ ឈាមត្រង់ពោះវៀនតែប៉ុណ្ណោះ ប៉ុន្តែគ្រូពេទ្យ បានតម្រូវឲ្យ គាត់សម្រាក១សប្តាហ៍សិន ហើយគាត់នឹង បានធូរស្រាលឡើងវិញ ដោយគ្មាន បញ្ហាធ្ងន់ធ្ងរ នោះទេ។

គួរបញ្ជាក់ផងដែរថា ចំពោះហេតុការណ៍នេះ ឡានរបស់ Seungri បានទៅបុកជាមួយនឹងឡាន Mercedes Benz មួយគ្រឿង បណ្តាល ឲ្យឡាន របស់គាត់ បន្តទៅបុកនឹងរនាំងផ្លូវ យ៉ាងខ្លាំង និងឡានក៏ត្រូវ ក្រឡាប់ផ្អារជើងបែបនេះ តែម្តងទៅ។ ហើយអ្នកដំនើរ២នាក់ ក៏បានរងរបួសស្រាល និងនាំទៅមន្ទីរពេទ្យ ដើម្បីព្យាបាលផងដែរ។

យ៉ាងណាមិញ កាលពីព្រឹកព្រលឹម ផលិតកម្មYG ក៏បានថ្លែងនូវសារមួយទៀតដែរថា "លោក Seungri ត្រូវទទួល ការព្យាបាលជាមួយ របួស ស្រាលនោះទេ ហើយ រូបគាត់ ក៏មិនបានបើកបរ ដោយពិសា គ្រឿងស្រវឹងនោះដែរ ប៉ុន្តែអ្នកលេងអ៊ីនធើណេតមួយចំនួន មានការភាន់ច្រឡំ  ហើយក៏នៅតែ មានមន្ទិលសង្ស័យ ថាហេតុអ្វី បានជាសារព័ត៌មានកូរ៉េខ្លះ បានចុះផ្សាយថា លោក Seungri ត្រូវវះកាត់ថ្លើម យ៉ាងដូច្នេះ"។

ក្នុងពេលនេះដែរ យើងមិនអាចដឹងច្បាស់នៅឡើយទេ ពីស្ថានភាពរបស់គាត់ និងមូលហេតុ មានតែរង់ចាំ ឲ្យលោក Seungri មកបក ស្រាយ ដោយ ខ្លួនគាត់ផ្ទាល់។ ចុះចំនែក ប្រិយមិត្ត យល់យ៉ាងណាដែរ ចំពោះគ្រោះថ្នាក់របស់ តារាចម្រៀងប្រុសមួយរូបនេះ?






ប្រភព Koreaboo

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]