អឺរ៉ុប៖ តើអ្នកនឹងមានអារម្មណ៍បែបណា នៅពេលដែល អ្នកបញ្ជាបើកយន្តហោះ ប្រាប់ថា ត្រៀមខ្លួនឲ្យហើយ យន្តហោះនឹងជិតធ្លាក់ ផ្ទុះ នៅ ៦នាទីទៀត នោះ ?

យ៉ាងណាមិញ ប្រភពព័ត៌មានបានឲ្យដឹងថា  អ្នកដំណើរជាច្រើននាក់ ក្នុងយន្តហោះមួយគ្រឿង ដែលហោះ ឆ្លងកាត់ទ្វីបអឺរ៉ុប បានឆ្លង កាត់ព្រឹត្តិការណ៍ ដ៏រន្ធត់តក់ស្លុតមួយ ដោយសារតែ អ្នកបញ្ជាយន្តហោះ បាន ប្រកាសគ្រោះអាសន្នថា យន្តហោះអាចនឹងធ្លាក់ក្នុង ៦នាទីខាងមុខ ដោយសារ មានបញ្ហាម៉ាស៊ីនមួយគ្រឿង ក្នុងយន្តហោះ ខណៈពេល យន្តហោះ កំពុងស្ថិតនៅលើ អាកាស នៅឡើយ។

ប្រភពដដែលបញ្ជាក់ឲ្យដឹងថា នេះជាយន្តហោះ ប្រភេទដឹកអ្នកដំណើរ របស់ក្រុមហ៊ុនអាកាសចរណ៍ the europe Airpost ដែលបានដឹកអ្នក ដំណើរពី ប្រទេសក្រូអាត ឆ្ពោះទៅកាន់ ប្រទេសបារាំង។

បើតាមសំដី អ្នកដំណើរម្នាក់ ឈ្មោះ Girard បាននិយាយថា មុនដំបូង អ្នកបញ្ជាយន្តហោះ បានប្រកាស អាសន្នថា ម៉ាស៊ីនមួយគ្រឿង ក្នុងយន្ត ហោះ លែងដំណើរការ ដែលយន្តហោះ ត្រូវធ្វើការ ចុះចត ជាបន្ទាន់ នៅក្នុងប្រទេសអ៊ីតាលី ដែលជាហេតុ ធ្វើឲ្យអ្នកដំណើរ ខ្លះរីករាយ ព្រោះបាន កំសាន្ត ក្នុងក្រុង Venice។  ប៉ុន្តែ មិនបានប៉ុន្មាននាទីផងនោះ អ្នកបញ្ជាយន្តហោះ ក៏ប្រកាស ជាថ្មីទៀតថា យន្តហោះ អាចធ្លាក់ ហើយផ្ទុះ ក្នុងសមុទ្រ Adriatic និងបានប្រកាស ឲ្យអ្នកដំណើរទាំងអស់ ពាក់អាវសុវត្ថិភាពនិង ដោះគ្រឿងអលង្ការចេញ ទាំងអស់។

ខណៈនោះ ទាំងបុគ្គលិក បំរើការលើយន្តហោះ និង ទាំងអ្នកដំណើរទាំងអស់ បាត់មាត់ឈឹង  លែងនិយាយ ស្តីអ្វីទៀតឡើយ និង មានភាពស្ងៀម ស្ងាត់ ដោយអារម្មណ៍ភ័យរន្ធត់ បុកពោះ គ្រប់គ្នា។

លោក Girard ក៏បានបន្ថែមទៀតថា បន្ទាប់មក អ្នកបញ្ជាយន្តហោះ ក៏ប្រកាស ម្តងទៀត ដោយនិយាយ ទាំងទឹកភ្នែកថា នៅសល់តែ ៦នាទីទៀតទេ យន្តហោះ នឹងធ្លាក់ក្នុងសមុទ្រ  ខណៈអ្នកដំណើរ លែងនៅស្ងាត់ស្ងៀមទៀតហើយ បែរជានាំគ្នា ស្រែកទ្រហ៊ោយំ ពេញយន្តហោះតែម្តង ។


យន្តហោះនេះចុះចតដោយសុវត្ថិភាព នៅ ព្រលានយន្តហោះ venice ក្នុងប្រទេសអ៊ីតាលី

តែយ៉ាងណាមិញ ប្រភពព័ត៌មានដដែលថា ក្រោយមក អ្នកបញ្ជា យន្តហោះ ក៏បាន ព្យាយាមបញ្ជា យន្តហោះជាមួយ ម៉ាស៊ីនមួយទៀត ដែលមិន ខូចនោះ ឲ្យហោះបាន និង បានចុះចតដោយសុវត្ថិភាព នៅព្រលានយន្តហោះ Venice ក្នុងប្រទេសអ៊ីតាលី ដោយគ្មាន នរណាម្នាក់រងរបួស នោះ ឡើយ។

គួរបញ្ជាក់ដែរ អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍នេះ បាននិយាយថា ការប្រកាសអាសន្នជាមុន ពិតជាបានធ្វើឲ្យអ្នកដំណើរ ភ័យតក់ស្លុតបំផុត ប៉ុន្តែនេះ ជាអ្វីដែលអ្នកបញ្ជាយន្តហោះ ត្រូវតែធ្វើ ដើម្បីឲ្យអ្នកដំណើរត្រៀមខ្លួន ជានិច្ច មុនពេលជួបគ្រោះអាសន្នកើតឡើង ហើយអ្នកបញ្ជា យន្តហោះពិតជាតាំងអារម្មណ៍ បានល្អ ដែលអាចចុះចត ជាបន្ទាន់ ដោយសុវត្ថិភាព ផងដែរ៕ 

ប្រភព Dailymail

ដោយ ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]