ចិន៖ នេះពិតជារឿង គួរឲ្យភ្ញាក់ផ្អើលមួយ ដែលក្មេងប្រុសអាយុ ១១ឆ្នាំ ម្នាក់ បានដើរចុះទៅលាងដៃ ក្នុងទឹកទន្លេ មួយកន្លែង ខណៈនោះ ក្មេងនេះ ក៏ជំពប់ជើងដួល ជាន់ចំ ដាវខ្លីមួយដើម ធ្វើពីសំរិទ្ធ ប្រវែង ២៦ សង់ទីម៉ែត្រ ផុសចេញពីក្នុងដី ក្នុងទឹកទន្លេមក ។

ប្រភពព័ត៌មាន បានឲ្យដឹងថា ក្មេងប្រុសឈ្មោះ Yang Junxi រស់នៅ ទីក្រុង Gaoyou ខេត្តជាំងស៊ូ បានជាន់ចំដាវនេះ នៅក្នុងទឹកទន្លេ ហើយរូបគេ ក៏បានរើសយកដាវនោះទៅផ្ទះ និងបានប្រគល់ទៅឲ្យ ឪពុករបស់គេ។ បន្ទាប់មក ឪពុកក្មេងនេះ បានពិនិត្យ ដាវនេះល្អិតល្អន់រួច ទើបដឹងថា ដាវនេះ ជារបស់បុរាណ ដ៏មានតម្លៃ ទើបគាត់ សំរេចចិត្ត ប្រគល់បន្តទៅកាន់ មន្ទីរកិច្ចការវប្បធម៌ នៅក្នុងក្រុង ក្វៅយូ កាលពីថ្ងៃទី ៣ កន្លង ទៅនេះ។

ក្រោយមក អ្នកបុរាណវិទូ បានយកដាវនេះ ទៅពិនិត្យ និង ពិសោធន៍មើល ហើយក៏បានដឹងថា វាជាដាវបុរាណមួយប្រភេទ ទំហំតូចខ្លី មានអាយុកាលតាំងពី ៣,០០០ឆ្នាំមុនម្ល៉េះ ដែលវាជាដាវ ឋិតនៅក្នុង សម័យចិន បុរាណ Shangzhou ដ៏យូរលង់មួយ។

លោក Lu Zhike ប្រធាន មន្ទីរវប្បធម៌ក្នុងក្រុង បាននិយាយ ដោយអារម្មណ៍ ភ្ញាក់ផ្អើលថាដាវនេះ គឺពិសេស ដោយសារ តែដាវនេះ អាចរក្សា រូបរាង បានល្អ បន្ទាប់ពី បានកប់ក្នុងដីទន្លេ អស់ពេលជា យូរលង់ក៏ដោយ។ គាត់បាន បន្តថា គ្មានអក្សរ ត្រូវបានសរសេរចារ លើដាវនេះទេ ប៉ុន្តែ ក្រុមការងារ របស់គាត់ បានសន្និដា្ឋនថា ដាវនេះ អាចជា កម្មសិទ្ធរបស់ អភិជនអ្នកមានទ្រព្យច្រើន ក្នុងសម័យ Shangzhou ផងដែរ។

យ៉ាងណាមិញ ការកំណត់ ស្រាវជ្រាវ នឹងធ្វើឡើងបន្តទៀត ហើយប្រវត្តិពិត និង ប្រភព នៃដាវមួយនេះ នឹងត្រូវបង្ហាញ ក្នុងពេល ឆាប់ៗនេះ ផងដែរ ។

គួរបញ្ជាក់ដែរថា ក្មេងប្រុសរើសបានដាវនេះ  ក៏ត្រូវបាន សារមន្ទីរ ក្នុងទីក្រុង ផ្តល់ជូន នូវប័ណ្ណសរសើរ និង រង្វាន់ជាលុយ ដែលរូបគេ រើសបាន វត្ថុបុរាណមួយនេះ ផងដែរ៕ 







* ក្មេងសិស្សសាលារើសបានគ្រឿងអលង្ការអាយុកាល៤០០០ឆ្នាំមុន

ប្រភព ចិន

ដោយ ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]