អាមេរិក៖ ជាង ៤៥០០ ឆ្នាំមកហើយ ដែលសំណង់ពីរ៉ាមីត Giza ត្រូវបានជនជាតិអេហ្ស៊ីប សម័យបុរាណ ធ្វើការសាងសង់ ក៏ប៉ុន្តែបច្ចុប្បន្ន គេមិន ទាន់រកឃើញមូលហេតុនៅឡើយទេ ចំពោះអាថិ៍កំបាំងមួយចំនួន នៃការសាងសង់សំណង់ ដែលជាអច្ឆរិយៈវត្ថុ មួយក្នុងចំណោម ប្រាំពីរ របស់ពិភពលោកនេះ។

អ្នកស្រាវជ្រាវសង្ស័យថា ជនជាតិអេហ្ស៊ីបសម័យបុរាណ មិនបានប្រើប្រាស់កំលាំង ទាំងស្រុង ក្នុងការ ចល័តទី របស់ថ្មមួយដុំៗ ដែលមាន ទំងន់ជិត ៣ តោននោះទេ គឺកម្មករអេហ្ស៊ីប ទាំងនោះ បានប្រើប្រាស់ នូវដុំឈើមូលរាងទ្រវែងចំនួន ១២ កំណាត់ ចងផ្អោបនឹងដុំថ្មទាំងនោះ ដើម្បីអាចឲ្យគេរុញ បង្វិលវាបាន ដោយមិនបាច់ប្រើកំលាំងខ្លាំង ក្នុងការអូសវា។

តាមរយៈការពិសោធន៍ ពិតជាបានបង្ហាញថា ការរំកិលថ្ម ដែលរុំឈើមូលជុំវិញចំនួន១២ ដើម ពិតជា ធ្វើឲ្យថ្មនោះផ្លាស់ទីបាន ដោយ ស្រួលពិតមែន ដោយគេមិនចាំបាច់ ប្រើកំលាំងបាយអូស ដូចការ គិតខុសពីមុននោះទេ។ សំណង់ពីរ៉ាមីត Giza នេះត្រូវបានអ្នក ស្រាវជ្រាវប្រាប់ឲ្យដឹងថា សង់ឡើង ដោយការតំរៀបដុំថ្មទៅលើ សរុបជាង ២,៤ លានដុំ ហើយក្នុងថ្មមួយដុំ មានទំងន់ជាង ២,៥ តោន។ គេ សង្ស័យថា ក្នុងមួយថ្ងៃ កម្មករសាងសង់ត្រូវជញ្ជូន ដុំថ្មដ៏មហាធ្ងន់នេះ មិនតិចជាង ៤០ ដុំឡើយ ហើយគេក៏ស្មានដឹងដែរថា មនុស្ស សម័យ នោះ ពិតជាមិនប្រើប្រាស់ កំលាំងបាយសុទ្ធសាធនោះដែរ គឺពួកកម្មករ និងអ្នកសាងសង់ សម័យបុរាណពិតជាមាន បច្ចេកទេស ក្នុងជញ្ជូន ដោយងាយស្រួល និង ចំណាយពេលតិច។

លោក Joseph West សាស្ត្រាចារ្យផ្នែករូបនិយម (physicist) នៃសាកលវិទ្យាល័យ Indiana សហរដ្ឋអាមេរិកបាន មានប្រសាសន៍ថា បច្ចេកទេស រុំថ្ម ដោយ ឈើមូល១២ ដើម អាចប្រែវត្ថុ ដែលមានរាងការ៉េ ក្លាយទៅជា រាងមូលបាន។ បើទោះបីជាវាមិនអាចធ្វើថ្មជ្រុងឲ្យ ទៅជា ស៊ីឡាំង (cylinder) មែន ក៏ប៉ុន្តែយ៉ាងហោច ណាស់ក៏វាងាយស្រួលជាង ការរំកិលថ្មដែលមានរាងជ្រុង ហើយមានទំងន់ រាប់តោនដែរ។

លោកបានបន្ថែមថា ដើម្បីរំកិលថ្ម១ដុំ ដែលមានទំងន់២ តោនកន្លះនោះ ទៅមុខបាន គេត្រូវការមនុស្ស ឬក៏ ទាសករមិនតិចជាង ៥០នាក់ នោះទេ ហើយការបំលាស់ទី របស់ថ្ម អាចមានល្បឿន ៥០ សង់ទីម៉ែត្រ ក្នុង១ វិនាទី៕




ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]