អាមេរិក៖ ស្រ្តីម្នាក់ បានសារភាពថា ខ្លួនគឺជាអ្នកបង្ក ឲ្យមានភ្លើងឆេះព្រៃយ៉ាងខ្លាំង ជាង ២០,០០០ ហិចតា កាលពីរដូវក្តៅកន្លងទៅនេះ ដោយសារ តែបានបោះផាវដែលដុតរួច ចេញពីឡាន ទៅក្នុងព្រៃ ដើម្បីឲ្យមានភ្លើងឆេះ មូលហេតុមកពីចង់ជួយឲ្យមិត្តភក្តិ របស់នាងម្នាក់ ដែលជា អ្នកពន្លត់អគ្គីភ័យ បានបំពេញ ការងាររបស់គេ ព្រោះតែកន្លងមក បុរសដែលជាមិត្តភក្តិ ធ្លាប់រអ៊ូប្រាប់នាងថា គេធុញទ្រាន់ នឹងការ ទំនេរមិនបាន ធ្វើអ្វីសោះ។

ស្រ្តីនោះមានឈ្មោះថា Sadie Renee Johnson វ័យ២៣ ឆ្នាំ បានសារភាពទោសកំហុស នៅមុនពេល ដែលតុលាការរបស់អាមេរិកនៅ ទីក្រុង Portland ទាមទារឲ្យមានការស៊ើបអង្កេត លើករណីភ្លើងឆេះ ព្រៃខាងលើ។

នាយកដ្ឋានទទួលបន្ទុកផ្នែក យុត្តិធម៌របស់អាមេរិក (U.S. Department of Justice) បានបង្ហាញពី ទិន្នន័យ ដោយសង្កត់ធ្ងន់ថា ករណី ភ្លើងឆេះព្រៃកន្លងទៅនេះគឺ បណ្តាលមកពី ការធ្វេសប្រហែស ក្នុងការបំពេញភារកិច្ច របស់ភ្នាក់ងារជំនាញ ដោយសារតែក្នុងឆ្នាំនេះ តួលេខ នៃភ្លើងឆេះព្រៃនៅ អាមេរិក នៅតែមានកំរិតខ្ពស់នៅឡើយ។

ព្រះរាជអាជ្ញាបាននិយាយ ក្នុងសវនាការ លើរូបនាង Johnson ថា សរុបការខូតខាតដែល បណ្តាលមកពី ភ្លើងឆេះព្រៃ គឺអស់ចំនួនជិត ៨ លាន ដុល្លារអាមេរិក ហើយលោក ទាមទារឲ្យ រូបនាងជាអ្នកចេញសង។

ចំនែកនាង Johnson ឯណេះវិញ បានរៀបរាប់ប្រាប់ចៅក្រមថា នាងធ្វើនេះគ្រាន់តែចង់ជួយ មិត្តភក្តិដែល ទំនេរ មិនបានបំពេញភារកិច្ច ហើយ នាងមិននឹកស្មានថា ភ្លើងឆេះរហូតដល់ថ្នាក់នេះ នោះទេ នាងគិតថា វាប្រហែលជា ឆេះត្រឹមតែ ១ថ្ងៃ ឬ២ថ្ងៃអីប៉ុណ្ណោះ!៕



ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]