អាមេរិក ៖ វាពិតជារឿង ដែលក្រៀមក្រំបំផុត សំរាប់គ្រួសារមួយ នៅពេលដែលថ្ងៃកំសាន្ត ដ៏សប្បាយរីករាយនៅឆ្នេរសមុទ្រ ប្រែក្លាយជាថ្ងៃ សោកនាដកម្ម ព្រោះកូនស្រី ត្រូវខ្សាច់កប់ពីលើទាំងរស់។

ក្មេងស្រីរូបនេះ មានឈ្មោះ Isabel Grace Franks អាយុ ៩ ឆ្នាំ បានស្លាប់បាត់បង់ជីវិត ដោយសារតែខ្សាច់ដែល នាងជីកលេងមានជំរៅ ១.៧ ម៉ែត្រ បានបាក់ស្រុតសង្កត់ លើនាង  នៅឆ្នេរសមុទ្រ មួយកន្លែង ក្នុងរដ្ឋ Oregon សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ កន្លងទៅនេះ។

យ៉ាងណាមិញ បើទោះបី ក្មេងស្រីរងគ្រោះ ត្រូវបានក្រុមសង្រ្គោះបន្ទាន់ និងឪពុកម្តាយខំជីក យកនាងចេញពី កំណប់ខ្សាច់ យ៉ាងណាក៏ដោយ នាងត្រូវបានស្លាប់បាត់បង់ជីវិត មួយម៉ោង ក្រោយពីបញ្ចូនទៅមន្ទីរពេទ្យ ដែលនៅជិតឆ្នេរសមុទ្រនោះ។

សាក្សីម្នាក់ លោក Tracey Dudley បាននិយាយថា “ពួកយើងបានលឺសំលេងស្រែក នៅឆ្នេរសមុទ្រនេះ ប៉ុន្តែមុនដំបូង គ្រាន់តែ គិតថា ក្មេងៗកំពុងតែលេង ជាមួយគ្នាប៉ុណ្ណោះ ប៉ុន្តែសំលេងស្រែកនោះ នៅតែបន្ត លុះចុងក្រោយ ទើបដឹងថា ក្មេងស្រីម្នាក់ ត្រូវបានខ្សាច់កប់ពីលើទាំងរស់”។

ក្នុងនោះដែរ ក្រោយពីសោកនាដកម្មនេះ បានកើតឡើង អ្នកដែលបានឃើញហេតុការណ៍នេះ បានបង្កើតស្លាកសញ្ញានៃការចងចាំ នូវការស្លាប់ របស់ក្មេងស្រីនេះ នៅលើឆ្នេរខ្សាច់ ដែលកប់នាងឲ្យស្លាប់នោះ ដោយសរសេរថា “នេះគឺជាការចងចាំ មួយដែល ក្មេងស្រីអាយុ ៩ ឆ្នាំម្នាក់ បានបាត់បង់ជីវិត នៅពេលដែលខ្សាច់ នាងជីកលេង បានបាក់សង្កត់លើនាង”។

គួរបញ្ជាក់ផងដែរ ប្រិយមិត្តគួរតែប្រុងប្រយ័ត្ន នៅពេលជីកខ្សាច់លេង នៅឆ្នេរសមុទ្រ ជៀសវាង ហេតុការណ៍បែបនេះ កើតឡើងជាយថាហេតុ៕



ប្រភព ៖ មេត្រូ

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]