ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋស្រុកបរិបូណ៏ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០១ និង០២ កញ្ញា ២០១៤ បាននាំគ្នាផ្អើល ទិញដើម ស្មៅម្យ៉ាង ដែលអ្នកលក់ បានអះអាងថា ជាឱសថព្យាបាលរោគ ១៤មុខយ៉ាង ស័ក្តិសិទ្ធិក្នុងតម្លៃ ថ្លៃគួរសមដែរ គឺមួយគីឡូក្រាម ថ្លៃ៣ម៉ឺនរៀល ។

ការលក់ដើមស្មៅនេះបានលក់ដាច់ខ្លាំងណាស់ ដោយគ្រាន់តែលក់មួយព្រឹក ថ្ងៃទី០១ កញ្ញា ដាច់អស់ ជាង ១០ការ៉ុង ដែលក្នុងមួយការ៉ុង ទម្ងន់ជាង ៣០ទៅ៤០ គីឡូក្រាម។

ដោយចង់ដឹងការពិត នៅព្រឹកថ្ងៃទី០២ កញ្ញា ឆ្នាំ២០១៤ ភ្នាក់ងារយកព័ត៌មាន យើងបានជួបអ្នកលក់ ដើមស្មៅ ខាងលើនេះដោយផ្ទាល់ ដោយរូបគាត់ ប្រាប់ថា រូបគាត់មានឈ្មោះ ជា ភន អាយុ៥៤ឆ្នាំ មានទីលំនៅក្រុងភ្នំពេញ ប៉ុន្តែបានស្នាក់នៅ ខេត្តបន្ទាយមានជ័យ ដើម្បីដាំដុះដើមស្មៅ ជាឱសថបុរាណ ខាងលើនេះ ហើយលោកក៏ ជាសមាជិក សមាគមគ្រូ ឱសថបុរាណកម្ពុជាម្នាក់ដែរ។ លោកបន្តថា ដើមស្មៅ ដែលលោកបានយក មកលក់នេះ មានឈ្មោះថា «រ៉ាប់ពីកា» ជាប្រភេទស្មៅយក ពូជពី ប្រទេសកូរ៉េ និងបានយកមកដាំដុះ នៅខេត្តបន្ទាយមានជ័យ ដោយខ្លួនឯង។ ថ្នាំនេះជាឱសថ ព្យាបាលរោគ ១៤មុខ បានយ៉ាងស័ក្តិសិទ្ធិ ។ គាត់លក់ក្នុងតម្លៃ១គីឡូក្រាម ៣ម៉ឺនរៀល នៅព្រឹក ម្សិលម៉ិញនេះ ( ថ្ងៃទី១ ខែកញ្ញា ) គាត់លក់ដាច់ ជាង១០ការ៉ុង (១ការ៉ុងជាង ៣០ ទៅ៤០ គីឡូក្រាម) ហើយថ្ងៃនេះ (ថ្ងៃទី២ កញ្ញា) គាត់បាន ដាក់បន្ថែមមក លក់ទៀត ជាង ១០ការ៉ុងទៀត ។

ការលក់ដើមស្មៅ ថាជាថ្នាំព្យាបាលរោគនេះ មិនត្រូវបានអាជ្ញាធរ ឬមន្ទីរពាក់ព័ន្ធណា ចាប់អារម្មណ៏ នៅឡើយទេ តែមានប្រជាពលរដ្ឋមួយ ចំនួនដែលធ្លាប់ចាញ់ បោកគេកន្លងមក បាននិយាយថា ដូចជា មិនជឿដើមស្មៅសោះ ព្យាបាលជំងឺ១៤មុខ ហើយសុទ្ធតែជំងឺធ្ងន់ៗ ដែលគ្រូពេទ្យសម័យ បច្ចេកវិទ្យា ទំនើបពិបាកក្នុង ការព្យាបាល ដូចជា ជំងឺទាចទឹក ជំងឺមហា រីកស្បូន ជាដើម សង្ស័យថា បោកទេ មើលទៅ ។

លោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា លោកទើបតែដឹង ព័ត៌មានពីការ លក់ដើមស្មៅនេះ នៅម៉ោង៨ ព្រឹកថ្ងៃទី០២ កញ្ញានេះ ហើយលោកបាន ឱ្យមន្ត្រីរបស់លោកចុះ ទៅពិនិត្យមើល និងបាន រាយការណ៏មក វិញថា ពិតជាមានការលក់ដើម ស្មៅថ្លៃ១គីឡូក្រាម ៣ម៉ឺនរៀល នេះមែន និងក្រោយពីការ ពិនិត្យថា មិនមានលក្ខណៈ ច្បាប់ត្រឹមត្រូវ លោកបានបញ្ជា ឱ្យបិទ ការលក់ដូរដើមស្មៅ នេះហើយ ។





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]