កណ្ដាល៖ បុរសម្នាក់ ពេលកំពុងអង្គុយ លើម៉ូតូ ដើម្បីរង់ចាំដឹកបន្លែ យកទៅលក់បន្ដ កាលពីវេលាម៉ោង ៥និង១៥នាទី ព្រឹកទាបភ្លឺ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតនៅតាមផ្លូវ ជាតិលេខ២ មុខផ្សារតាខ្មៅថ្មី ភូមិ/សង្កាត់ ដើមមៀន ក្រុងតាខ្មៅ ស្រាប់តែលេចមុខ ជនសង្ស័យ ពីរនាក់ ប្រដាប់ដោយ កាំភ្លើងខ្លីមួយដើម មកភ្ជង់និងវាយប្លន់ យកម៉ូតូជិះគេចខ្លួន ដោយសុវត្ថិភាព ។

មន្ដ្រីនគរបាល មូលដ្ឋានបាន ឱ្យដឹងថា ជនរងគ្រោះដែល រងរបួសដោយសារ ក្រុមចោរវាយនោះ ឈ្មោះ ម៉េង ជាឡេង អាយុ៣២ឆ្នាំ រស់នៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ដោយឡែកជន សង្ស័យពីរនាក់ មិនស្គាល់អត្ដសញ្ញាណ ម្នាក់មានមាឌតូច រាងទាប សម្បុរខ្មៅ ពាក់អាវដៃវែង ពណ៌ទឹកប៊ិច និងម្នាក់ទៀតមាឌធំ ខ្ពស់ សម្បុរខ្មៅស្រអែម ពាក់អាវយឺតដៃវែង បង្កង់ ខោជើងវែង បានប្លន់យកម៉ូតូ ពីជនរងគ្រោះ ម៉ាកសេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១ពឡ-៣៨៨៩។

មន្ដ្រីនគរបាលរូបនេះ បានបន្ដថា មុនពេលកើតហេតុ ជនរងគ្រោះកំពុង អង្គុយលើម៉ូតូដោយ រង់ចាំដឹកបន្លែ យកទៅលក់បន្ដ ស្រាប់តែលេចមុខ ជនសង្ស័យម្នាក់ រាងទាបមកសួរថា តើអ្នករត់ម៉ូតូឌុបឬទេ ពេលជនរងគ្រោះ ឆ្លើយថាមិនមែនទេ ។ ភ្លាមៗនោះ ស្រាប់តែលេចមុខ ជនសង្ស័យម្នាក់ទៀត ប្រដាប់ដោយកាំភ្លើងខ្លី មកភ្ជង់ជនរងគ្រោះ ហើយវាយចំក្បាល ខាងក្រោយ បណ្ដាលឱ្យបែក ហូរឈាម រួចធាក់ជនរងគ្រោះ ពីលើម៉ូតូ ក៏ជិះម៉ូតូគេចខ្លួន បាត់តែម្ដង ។

ក្នុងករណីនេះ មុនពេលកើតហេតុ នាយរងនគរបាល ប៉ុស្ដិ៍ដើមមៀនម្នាក់ ក៏បានឃើញ ជនរងគ្រោះនិង ជនសង្ស័យទាំងពីរនាក់ កំពុងតែឈរ ជជែកគ្នា ប៉ុន្ដែមិនចាំអារម្មណ៍ ក៏ជិះម៉ូតូចូលផ្សារបាត់ទៅ ។

ក្រោយកើតហេតុ ជនរងគ្រោះបានដាក់ ពាក្យបណ្ដឹងនៅ នគរបាលមូលដ្ឋាន ដើម្បីតាមស្រាវជ្រាវ ចាប់ជនល្មើសទាំងនេះ។



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]