ថៃ៖ កូនកតញ្ញូម្នាក់ ដែលជានិស្សិត សាកលវិទ្យាល័យ Chulalongkorn ប្រទេសថៃ បានលក់នំសាំងវិច នៅក្នុងបរិវេណសាលា ដើម្បីរកប្រាក់ បង់ថ្លៃ ព្យាបាលជំងឺមហារីក របស់ម្តាយ ដែលក្នុងមួយខែ ត្រូវចំណាយជាង ៤,០០០ដុល្លារ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា កូនប្រុសកតញ្ញូ ដែលលក់នំសាំងវិច នៅក្នុងសាលាដើម្បីរកប្រាក់ ព្យាបាលម្តាយនោះ មានឈ្មោះថា Inthat Sattayanurak ជានិស្សិតឆ្នាំទី២ ផ្នែកទំនាក់ទំនង។ ការលក់នំសាំងវិចនៅក្នុង បរិវេណសាលានេះ លិចលឺថា ត្រូវបានសាលាហាមឃាត់ ប៉ុន្តែយ៉ាងណាមិញ ខាងសាលា បានចេញមកមុខ បដិសេធថា គ្មានរឿងបែបនេះទេ ពោលគឺថា បានអនុញ្ញាតឲ្យ និស្សិតម្នាក់នេះ លក់នំសាំងវិច នៅក្នុងបរិវេណសាលា ព្រោះតែគេត្រូវការប្រាក់ សម្រាប់ព្យាបាល ម្តាយដែលមាន ជំងឺមហារីក។

ជាមួយគ្នានេះដែរ អ្នកយកព័ត៌មាន មិនអាចធ្វើ បទសម្ភាសន៍ ជាមួយនិស្សិត រូបនោះបានទេ ព្រោះវាអាចនឹង ប៉ះពាល់ដល់ការសិក្សា និង កេរ្តិ៍ឈ្មោះរបស់ សាកលវិទ្យាល័យ បើទោះបីជា អ្នកយកព័ត៌មាន បានធ្វើការណាត់ជួប និស្សិតរូបនោះ ហើយក៏ដោយ។ លោក Tanit Tongthong សាកលវិទ្យាធិការរង របស់សាលកវិទ្យាល័យ Chulalongkorn ក៏បានឲ្យដឹងផងដែរថា ការហាមឃាត់ មិនឲ្យនិស្សិតរូបនោះ លក់នំសាំងវិច នៅក្នុងបរិវេណសាលា គឺជារឿងយល់ច្រឡំ មួយប៉ុណ្ណោះ។

ទន្ទឹមនឹងនេះដែរ លោក Tanit Tongthong ក៏បានបន្ថែមទៀតថា ខាងសាកលវិទ្យាល័យ គ្មាន ហេតុផលអ្វី ត្រូវលាក់បាំង ទង្វើល្អគួរឲ្យសរសើរ របស់ Inthat ដែលមានរូបភាពល្អ សម្រាប់ សាកលវិទ្យាល័យ នោះទេ។ វាបានបង្ហាញថា សាលកវិទ្យាល័យ Chulalongkorn មាននិស្សិត ដែលចេះ ទទួលខុសត្រូវ និងដឹងគុណឪពុកម្តាយ ទៅវិញទេ។

យ៉ាងណាមិញ Inthat បានឲ្យដឹងថា គេពិតជារំភើបណាស់ ចំពោះការយកចិត្ត ទុកដាក់ របស់ប្រព័ន្ធផ្សព្វផ្សាយ ប៉ុន្តែគេសម្រេចចិត្ត មិនផ្តល់ បទសម្ភាសន៍នេះ គឺដោយសារតែ មិនចង់ឲ្យ ក្រុមគ្រួសារ របស់គេបានដឹង ពីរឿងនេះប៉ុណ្ណោះ។ កន្លងមកនេះ ខាងសាកលវិទ្យាល័យ បានជួយរូបគេ ទាំងថ្លៃសិក្សា ការថែទាំសុខភាព និងការចំណាយផ្ទាល់ខ្លួន រយៈពេលជាង មួយឆ្នាំមកហើយ៕

ប្រភព៖ Coconuts Bangkok

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]