ប្រេស៊ីល៖ វាជារឿងគួរឲ្យអាណិត ណាស់ទៅហើយ សម្រាប់មនុស្សដែលកើតមក មិនគ្រប់លក្ខណៈ ត្រង់អវៈយវៈ ដៃនិងជើងនោះ ប៉ុន្តែវាគួរឲ្យអាណិត ថែមមួយកម្រិតទៀត នៅពេលដែលឃើញ ស្ថានភាពជម្ងឺ ដែលវិវឌ្ឍន៍ទៅជាអាក្រក់ រហូតដល់ក្បាល មានសភាពបញ្ច្រាស់ មិនគួរឲ្យជឿ។

កាលពីសម្រាលដំបូង ក្រុមគ្រូពេទ្យបានប្រាប់ម្តាយ របស់ Claudio ឲ្យបង្អត់អាហាររូបគេ ក៏ព្រោះតែប្រទះឃើញ មានជម្ងឺម៉្យាងឈ្មោះ arthrogryposis ដែលធ្វើឲ្យភាព ខុសប្រក្រតីធ្ងន់ធ្ងរ ចំពោះការលូតលាស់នៃអវៈយវៈ។ “កូនម្នាក់នេះ រស់មិនអាចលើសពី ២៤ ម៉ោងទេ” នេះបើតាមសម្តីចុងក្រោយ របស់គ្រូពេទ្យ បន្ទាប់ពីសម្រាលរួច។

ស្ថិតក្នុងវ័យ ៣៧ ឆ្នាំ បច្ចុប្បន្នរស់នៅទីក្រុង Monte Santo ប្រទេសប្រេស៊ីល Claudio Vieira de Oliveira បានខិតខំប្រឹងប្រែង ជម្នះរាល់ឩបសគ្គ រហូតបញ្ចប់ការសិក្សា ពីមហាវិទ្យាល័យ Feira de Santana ក្លាយទៅជាគណនេយ្យករ មួយរូប ក៏ដូចជាអ្នកអត្ថាធិប្បាយ លើកទឹកចិត្ត ជាសាធារណៈ ដ៏ល្បីមួយរូបផងដែរ។

Claudio Vieira de Oliveira ចេះបើកទូរទស្សន៍, ប្រើប្រាស់ទូរស័ព្ទ និងលេខអ៊ីនធើណែត ហើយជាពិសេសនោះ គឺរូបគេ អាចប្រើប្រាស់កំព្យូទ័រ បានយ៉ាងស្ទាត់ជំនាញ ដោយបៀមប៊ិចក្នុងមាត់ ដើម្បីវាយអក្សរ (Keyboard) និងយកបបូរមាត់ ដើម្បីបញ្ជា Mouse របស់កំព្យូទ័រជាដើម។

រំលឹកពីកុមារភាព ដោយសារតែមិនអាចប្រើប្រាស់ រទេះរុញបាននោះ Claudio ត្រូវគេពរ ទៅណាមកណាជានិច្ច ហើយជាងនេះទៅទៀតនោះ គឺក្រុមគ្រួសារ ត្រូវប្តូរជាន់ស្នាក់នៅ ដើម្បីកុំឲ្យពិបាកដល់រូបគេ ប៉ុន្តែគឺផ្ទុយស្រឡះ នាពេលបច្ចុប្បន្ននេះ ដោយ Claudio អាចដើរទៅណាមកណា និងរស់នៅឯករាជ្យ បានយ៉ាងងាយស្រួល។

គួរបញ្ជាក់ផងដែរថា ជម្ងឺប្រភេទ arthrogryposis នេះគឺកើតឡើង តែទៅលើខ្លួន ទារកម្នាក់តែប៉ុណ្ណោះ ក្នុងចំណោមទារក ៣,០០០ នាក់ ដោយគេអាចបញ្ចៀសវាបាន ដោយការពិនិត្យតាមដាន ក្នុងកំឡុងពេលពពោះ មុនពេលសម្រាល៕



វីដេអូ៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ ដេលីម៉ែល

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]