រាជធានីភ្នំពេញ ៖ បុរសម្នាក់បាន ស្លាប់បាត់បង់ជីវិត នៅនឹងកន្លែង កើតហេតុ ខណៈបើកម៉ូតូ ទៅបុកពីក្រោយ គូថរថយន្ត កុងតឺន័រ ចតចោលនៅលើផ្លូវ ដោយគ្មានដាក់ ស្លាកសញ្ញាសម្គាល់ ពេញទំហឹង កាលពីវេលាម៉ោង ១១និង៣០នាទី យប់ ថ្ងៃទី ១ កញ្ញា ២០១៤ នៅលើកំណាត់ ផ្លូវជាតិលេខ១ ស្ថិតក្នុង ភូមិជ្រោយអំពិលពីរ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។

បុរសរងគ្រោះឈ្មោះ ហេង សុភា អាយុ៣៩ឆ្នាំ ស្នាក់នៅ ផ្ទះលេខ៣៣៥ ស្ថិតក្នុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងមានស្រុកកំណើត នៅភូមិទី៦ ឃុំជីមាន់ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម ។

យោងតាមប្រភពព័ត៌មាន ពីសមត្ថកិច្ចមូលដ្ឋាន ដែលចុះទៅពិនិត្យ កន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេល កើតហេតុ ជនរងគ្រោះ ជិះម៉ូតូម៉ាកឃ្លីក ពណ៌ក្រហម មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ1CK- 0862 ដោយធ្វើដំណើរ តែម្នាក់ឯងតាម ផ្លូវជាតិលេខ១ ក្នុងទិសដៅពី លិចមកកើត ខណៈមកដល់ ចំណុចកើតហេតុ ជនរងគ្រោះ បានបើកម៉ូតូ ទៅបុកពីក្រោយ រថយន្តកុងតឺន័រ មួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-1978 ដែលចតនៅលើផ្លូវ ក្នុងទិសដៅស្របគ្នា ដោយពុំមានដាក់ ស្លាកសញ្ញាសម្គាល់ ពេញទំហឹង បណ្តាលឱ្យ ដួលម៉ូតូទៅលើផ្លូវ បាក់.ក បុរសជិះម៉ូតូស្លាប់ ភ្លាមមួយរំពេច នៅនឹងកន្លែង កើតហេតុ ហើយតៃកុង រថយន្តកុងន័រ បានរត់គេចខ្លួន បាត់ស្រមោល ។

ក្រោយពេលកើតហេតុ សមត្ថកិច្ច បានចុះមកពិនិត្យ វាស់វែងកន្លែង កើតហេតុ និងស្រាវជ្រាវ រងក្រុមគ្រួសារសព ឱ្យមកទទួលយក សពបុរសខាងលើ ទៅធ្វើបុណ្យ តាមប្រពៃណី ចំណែកម៉ូតូ និងរថយន្ត សមត្ថកិច្ចយកទៅ រក្សាទុកនៅ ការិយាល័យ ចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ដើម្បីដោះស្រាយ តាមនិតិវិធីច្បាប់៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]