ក្រុងប៉ោយប៉ែត ៖ ស្រីស្រស់ម្នាក់ បានជិះម៉ូតូឌុប ទៅលេងផ្ទះបងប្អូន ត្រូវជនសង្ស័យ២នាក់ជិះម៉ូតូ តាមពីក្រោយ ឆក់ កាបូបបានសម្រេច គេចខ្លួនដោយសុវត្តិភាព បណ្តាលឲ្យនាង រងគ្រោះ ធ្លាក់ពីលើម៉ូតូបែកក្បាលទាំងព្រឹក។

ហេតុការណ៍នេះ កើតឡើងកាលពីវេលា ម៉ោង៩និង២០នាទីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៤ ស្ថិតនៅ តាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ ចំណុច ផ្ទះសំណាក់បក្សីចាំក្រុង ស្ថិតក្នុងភូមិបាលិយ្យ២ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ស្រីស្អាតរងគ្រោះ មានឈ្មោះលី តា អាយុ ២៣ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងភូមិក្បាលស្ពាន២ សង្កាត់ -ក្រុង ប៉ោយប៉ែត មានស្រុកកំណើត នៅស្រុកស្ទោង ខេត្តកំពងធំ រងរបួសបែកក្បាល ផ្នែកខាងស្ដាំយ៉ាងតំណំ។

បើតាមការអះអាង របស់នារីរងគ្រោះ បានប្រាប់ថា មុនកើតហេតុខ្លួន បានជិះម៉ូតូឌុប ធ្វើដំណើរ ពីកន្លែងស្នាក់នៅ គោលបំណង គឺទៅ លេងផ្ទះ បងប្អូនជីដូន១ នៅភូមិគីឡូម៉ែត្រលេខ៤  ក្រុង ប៉ោយប៉ែត នាងបានឃើញពីក្រោយ មានជនសង្ស័យ ២នាក់ជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ បើកបរក្នុងទិសដៅស្របទិស ។

លុះមកដល់កន្លែងកើតហេតុ ជនសង្ស័យជិះពីក្រោយ ឆក់កាបូបធ្វើអោយនាងធ្លាក់ ពីម៉ូតូដួលបោកក្បាល នឹងផ្លូវជាតិបែកក្បាលតែម្តងទៅ ។នាងរងគ្រោះ បានបន្តថា នៅក្នុងកាបូបស្ពាយរបស់ខ្លួន មានលុយចំនួន ៤០០ដុល្លារនិងទូរស័ព្ទដៃទំនើប ម៉ាកសាំសុងមួយគ្រឿង និងគ្រឿងលម្អ កាយមួយចំនួន ។

ក្រោយហេតុនារីរងគ្រោះ បានជិះម៉ូតូឌុប ដដែលដើម្បីទៅគ្លីនិកឯកជន អោយពេទ្យព្យាបាលមុខរបួស ដោយខ្លួនឯង រីឯក្រុមឆក់បាន បើកគេចខ្លួន បាត់ស្រមោលឆ្ពោះ ទៅទិសខាងកើត ដូចហោះ ។

ក្រោយពីកើតហេតុសមត្ថកិច្ច មូលដ្ឋានបានចុះអន្តរាគមន៍ និងបានស្រាវជ្រាវមុខសញ្ញា ។ លោក អ៊ុំ សុផល អធិការដ្ឋាននគរបាលក្រុង បានប្រាប់ថា ទោះបីជាយ៉ាងណា លោកនិងដាក់កម្លាំង តាមស្រាវជ្រាវ រកមុខសញ្ញា ជនសង្ស័យខាងលើ អោយបាន ពីនៅក្នុងក្រុង ប៉ោយប៉ែត ពុំទាន់មាន ករណីខាងលើទេ នេះជាករណីទី១ ហើយ ទោះបីយ៉ាងណា និងតាមឃាត់ខ្លួនជនសង្ស័យ យកមកដាក់ទោស តាមច្បាប់  ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]