ភ្នំពេញ៖ យុវជនម្នាក់ បានរងរបួសដាច់ ម្រាមដៃខាងឆ្វេង និងត្រូវពោះ បញ្ឆិតក្រោយ ពីមានជនដៃដល់ ម្នាក់ទៀត បាញ់ប្រហារ កាលពីយប់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៤ ស្ថិតនៅតាម ផ្លូវបេតុង ក្នុងភូមិ២១ ក្រុម៥ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ដែល ការផ្ទុះអាវុធហត្ថនេះ ត្រូវបានសមត្ថកិច្ច សន្និដ្ឋានថា អាចបណ្ដាលមក ពីការចរចាទិញ គ្រឿងញៀន មិនឱ្យលុយ ។

មន្ដ្រីនគរបាល មូលដ្ឋានបាន និយាយថា នៅវេលាម៉ោង ៨និង៣០នាទី យប់ថ្ងៃទី៣១ ខែសីហានោះ ស្រាប់តែមាន ស្នូរផ្ទុះអាវុធ មួយគ្រាប់ បង្កឱ្យមានការ ភ្ញាក់ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន ចុះទៅពិនិត្យភ្លាមៗ នៅកន្លែងកើតហេតុនោះ ស្រាប់តែប្រទះ ឃើញយុវជនម្នាក់ មានស្នាមរបួសត្រង់ ម្រាមដៃខាងឆ្វេង និងពោះ រួចហើយក៏ដឹកបញ្ជូន ទៅកាន់គ្លីនិកឯកជន ដោយឡែកជនដៃដល់ ដែលធ្វើការបាញ់ ប្រហារនេះ បានរត់គេចខ្លួនបាត់ ។

ក្រោយការសួរនាំរួចមក ជនរងគ្រោះឈ្មោះ ជុំ ប៊ុនណារិទ្ធ អាយុ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ ១៧៨០ ផ្លូវលំ ភូមិ២១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សី កែវ ។

ជុំវិញករណីនេះ សមត្ថកិច្ចមិនទាន់បាន បញ្ជាក់ពីមូលហេតុ និងដំណើរដើមទងនៃ សាច់រឿងរហូត បណ្ដាលឱ្យមាន ការផ្ទុះអាវុធ រងរបួសនោះទេ ប៉ុន្ដែជាជំហាន ដំបូងសង្ស័យថា គឺជាករណីទិញ គ្រឿងញៀនមិនឱ្យលុយ ទើបជនដៃដល់ ក៏បាញ់ប្រហារតែម្ដង ដូច្នេះ ជនរងគ្រោះរូបនេះ ក៏ជាមុខសញ្ញាពាក់ព័ន្ធ ទៅនឹងបញ្ហា គ្រឿងញៀនផងដែរ ។





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]