ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានថ្លែងឲ្យដឹងនៅក្នុងពិធី បើកការដ្ឋាន ស្ថាបនាផ្លូវ ហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៤ ថា ស្ពានអាកាសទី៤ ដែល នឹងសាងសង់ឡើង នៅភ្លើងស្តុបសាលាតិចណូ នឹង បើកដំណើរ ការសាងសង់ នៅថ្ងៃទី៩ កញ្ញា ២០១៤ខាងមុខ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែននាយករដ្ឋ មន្រ្តីនៃ ប្រទេសកម្ពុជា ។

ក្នុងពិធីសម្ពោធស្ពានអាកាសស្ទឹងមានជ័យ នាព្រឹកថ្ងៃទី៣១ ខែកក្កដា សម្តេចតេជោ ហ៊ុន សែន បានមាន ប្រសាសន៍ថា ស្ពានអាកាសទី៤ នេះ នឹងចាប់ផ្តើមដំណើរការ សាងសង់ ក្រោមទំហំទឹក ប្រាក់ ១៤លាន ដុល្លារ អាម៉េរិក សាងសង់ដោយក្រុមហ៊ុន OCIC ហើយស្ពាននេះ ក៏មានផ្លូវក្រោមដីផងដែរ។

សូមបញ្ជាក់ថា រហូតមកទល់ ពេលនេះ រាជធានីភ្នំពេញ មានស្ពានអាកាសចំនួន៣ហើយ រួមមានស្ពាន ទី១ ស្ពានអាកាសក្បាលថ្នល់ ចាប់ផ្តើមសាងសង់ នៅថៃ្ងទី២៧ ខែឧសភា ២០០៩ បើកការដ្ឋានសាងសង់ រយៈពេល ១២ខែ ដោយបញ្ចប់នៅថៃ្ង ២៧ ខែឧសភា ២០១០ ដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ នាថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០១១ ដោយចំណាយថវិកាចំនួន ៦,០៤៨,៤២៤ដុល្លារ។ទី២ ស្ពានអាកាស ៧មករា បើកការដ្ឋានសាងសង់ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១០ ហើយបានដាក់សម្ពោធ ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១២ ចំណាយទឹកប្រាក់ចំនួន៨,៧០៥,៨០៨ ដុល្លារ។ ទី៣ ស្ពានអាកាស ស្ទឹងមានជ័យ បានបើកការដ្ឋានសាងសង់ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១២ បើកឲ្យ ដំណើរការប្រើប្រាស់ ជាផ្លូវការនៅថ្ងៃទី៣១ ខែកក្កដា ចំណាយ ថវិកាចំនួយ១៩ លានដុល្លារ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]