ភ្នំពេញ ៖ ជនសង្ស័យ ២នាក់ ក្នុងចំណោមបក្ខពួកទាំង ៤នាក់ ត្រូវបានកម្លាំងនគរបាល ខណ្ឌដូនពេញ តាមចាប់ ខ្លួនពាក់ព័ន្ធវាយប្លន់ យកទ្រព្យសម្បត្តិ កាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤ ស្ថិត នៅតាមផ្លូវលេខ៧០ ពោលខាងកើត ផ្លូវ រទេះភ្លើង ភូមិទី១ សង្កាត់ស្រះចក ខណ្ឌដូនពេញ ពីមន្ត្រីក្រឡាបញ្ជីរបស់ តុលាការខេត្តកណ្តាល។

មន្ត្រីនគរបាល ព្រហ្មទណ្ឌខណ្ឌដូនពេញ បានបញ្ជាក់ថា ក្រោយពីមានករណីវាយប្លន់ខាងលើនេះ រួចមក ស្នងការ នគរបាលរាជធានី ភ្នំពេញ និងស្នងការរងទទួល ផែនព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានបញ្ជាឲ្យកម្លាំង នគរបាលព្រហ្មទណ្ឌខណ្ឌ និងកម្លាំង នគរបាលមូលដ្ឋានប៉ុស្តិ៍ស្រះចក ធ្វើការ ស្រាវជ្រាវ រហូតឈានទៅដល់ការចាប់ ខ្លួនជនសង្ស័យ ២នាក់ ក្នុងចំណោមបក្ខពួកទាំង ៤នាក់ កាលពីវេលាម៉ោង ១០និង៣០នាទី ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៤ ស្ថិតនៅចំណុចផ្លូវរទេះភ្លើង សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ។

មន្ត្រីនគរបាល ព្រហ្មទណ្ឌខណ្ឌដូនពេញ បានបន្តទៀតថា បច្ចុប្បន្នជនសង្ស័យ ២នាក់ផ្សេងទៀត បាននឹងកំពុងរត់ គេចខ្លួន ពីការតាម ចាប់របស់កម្លាំងនគរបាល ក្រោយពេលធ្វើសកម្មភាពនោះ ។

បើមន្ត្រីនគរបាលដដែលនេះ បានបញ្ជាក់ថា ជនសង្ស័យទី១-ឈ្មោះ ផូ ណាត់ អាយុ ៣៥ឆ្នាំ មុខរបរកម្មករ សំណង់ ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក គឺជាជនដៃដល់ និងជនសង្ស័យ ទី២-ឈ្មោះ ឡុង សុវណ្ណារិទ្ធ អាយុ ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោចង្វា ។ ដោយឡែកជនរងគ្រោះវិញ ឈ្មោះ ព្រំ ចាន់ថា ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរ ជា ក្រឡាបញ្ជីតុលាការខេត្តកណ្តាល ស្នាក់នៅផ្ទះលេខ ៦៩ ផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

គួរបញ្ជាក់ថា នៅវេលាម៉ោងកើតហេតុនោះ ជនសង្ស័យដែលមានគ្នា ៤នាក់ បានវាយប្លន់ជនរងគ្រោះ យកលុយអស់ ២៤ម៉ឺនរៀល លុយ ដុល្លារ ១៦៥ដុល្លារ លុយបាត ១០០បាត និងសម្ភារៈនៅជាប់ខ្លួន មួយចំនួនទៀត ។

បច្ចុប្បន្នជនសង្ស័យ ទាំង ២នាក់ ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌ ដូនពេញ ដើម្បីកសាង សំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]