រាជធានីភ្នំពេញ ៖ ម៉ូតូហុងដាឌ្រីម មួយគ្រឿង បើកដោយបុរសម្នាក់ បានបោះពួយ ទៅបុករទេះលក់បាញ់ ឆែវ ដែលបើក ដោយស្ត្រីម្នាក់ បម្រុងចូលចាក់សាំង បណ្តាលឱ្យក្រឡាប់ សង្កត់លើគ្នា ស្លាប់ទាំង២នាក់ កាលពីវេលាម៉ោង ៤ទៀបភ្លឺថ្ងៃទី៣១ សីហា ២០១៤ មុខស្ថានីយប្រេង ឥន្ធនៈតូតាល់ តាមផ្លូវលេខ២៧១ ក្រុម៣០ ភូមិ៤ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញស្ត្រីម្នាក់បើកម៉ូតូសង់កូរ៉េ ពណ៌ក្រហម អូសរទេះលក់បាញ់ឆែវ ដែលទើបនឹង ត្រឡប់ មកពីទិញសណ្តែក បណ្តុះនៅផ្សារដើមគរ ធ្វើដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចខាងលើ បានបត់ឆ្វេងដើម្បីចូលចាក់សាំង ស្រាប់តែ ម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី២០១២ ពាក់ស្លាកលេខ ភ្នំពេញ 1R 7324 បើកបរក្នុងល្បឿនពីត្បូង ទៅជើងមកដល់បុករទេះ លក់បាញ់ឆែវ កំពុងបត់ចូលចាក់សាំង ពេញទំហឹងបណ្តាលឲ្យរទេះ លក់បាញ់ឆែវ ក្រឡាប់សង្កត់លើម៉ូតូ ចំណែកអ្នកបើកម៉ូតូ ទាំងពីរ ដួលបោកនឹងរទេះ ហើយបោកនឹងថ្នល់ ផុងលលាដ៏ក្បាល ស្លាប់ទាំងពីរនាក់ ដេកនៅលើថ្នល់ទន្ទឹមគ្នា ។

សាច់ញាតិបានឲ្យដឹងថា ស្ត្រីជាបើកម៉ូតូរទេះលក់បាញ់ឆែវឈ្មោះ សេក វឿង អាយុ២៨ឆ្នាំ មុខរបរលក់បាញ់ឆែវ ស្នាក់នៅផ្ទះ ជួលភូមិសន្សំ កុសល១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ មានស្រុកកំណើតនៅភូមិស្វាយសាក់ ឃុំបាទី ស្រុកសន្ធរកណ្តាល ខេត្តព្រៃវែង មានប្តីឈ្មោះ ហ៊ាន ទិត្យ អាយុ៣៥ឆ្នាំ ។ សាច់ញាតិបន្តថា ជារៀងរាល់ថ្ងៃប្តីប្រពន្ធទាំង២នាក់នេះដើរលក់បាញ់ឆែវជាមួយគ្នា ប៉ុន្តែជារៀងរាល់ព្រឹក ប្រពន្ធតែងភ្ញាក់ពីព្រលឹមទៅទិញសណ្តែកបណ្តុះយកមកទុកចាក់បាញ់ឆែវលក់ ដោយទុកប្តីឲ្យនៅផ្ទះមើលកូន២នាក់ កូនស្រីច្បងអាយុ៥ឆ្នាំ និងកូនប្រុសពៅអាយុ៣ឆ្នាំ ។

រីឯអ្នកបើកម៉ូតូហុងដាឌ្រីមឈ្មោះ ខន កញ្ញា ភេទប្រុស អាយុ២៨ឆ្នាំ ជាចុងភៅនៅសណ្ឋាគារណាហ្គាវើល ស្នាក់នៅផ្ទះជួលសង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើតនៅភូមិព្រៃតាហ៊ូ ឃុំព្រៃតាហ៊ូ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ ។ ក្រោយពេលកើតហេតុ រថយន្តសង្គ្រោះ របស់មន្ទីរពេទ្យ មិត្តភាពខ្មែរសូវៀត បានទៅដល់កន្លែងកើតហេតុប្រាប់ថា ជនរងគ្រោះបានស្លាប់ទាំង២នាក់ទៅហើយ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]