សៀមរាប ៖ ដើមឈើប្រភេទគគីរ ដែលមានអាយុកាល ខ្នង់រយឆ្នាំ នៅចំពីខាងមុខទីសក្ការ ព្រះអង្គចេក ព្រះអង្គចម បានបាក់មែក យ៉ាងធំ មួយ មកគ្របសង្កត់លើរ៉ឺម៉ក ម៉ូតូដឹកភ្ញៀវ ដែលបានមកចត ពីខាងក្រោម ដើមឈើនេះ ។ ក្នុងរ៉ឺម៉ក គឺមានភ្ញៀវ ដែលជាស្ដ្រីខ្មែរ ម្នាក់កំពុង អង្គុយនៅក្នុងរ៉ឺម៉កនេះ ខណៈដែលអ្នកបើករ៉ឺម៉ក កំពុងឈររងចាំភ្ញៀវ ដែលជាស្ដ្រីម្នាក់ទៀត បានចូលទៅដុតធូប បន់ស្រន់ សុំសេក្ដីសុខ ចម្រើននោះ ។

អ្នកដែលបានឃើញ ហេតុការណ៍នោះ ផ្ទាល់ភ្នែក បានប្រាប់អ្នកយកព័ត៌មាន នៃមជ្ឈមណ្ឌលដើមអម្ពិល យើងឲ្យ ដឹងថា គឺកើតឡើង កាលពី វេលាម៉ោងប្រមាណ៩:៤៥នាទីព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៤ ។ នៅមុនកើតហេតុ ពួកគាត់ បានឃើញរ៉ឺម៉កម៉ូតូដឹកភ្ញៀវ បានមក ចតនៅតាមផ្លូវចូល ទីសក្ការព្រះអង្គចេក ព្រះអង្គចម គឺនៅខាងក្រោម ដើមឈើ មួយដើម ក្នុងចំណោមដើមឈើ ដែលដុះ ជាអមសង្ខាង ផ្លូវពីមុខ ទីសក្ការនោះ គឺស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ។

គាត់បញ្ជាក់ថា រ៉ឺម៉កម៉ូតូដឹកភ្ញៀវនោះ មានគ្នា ៣នាក់ គឺអ្នករត់រ៉ឺម៉ក និងនៅក្នុងកន្ទុយរ៉ឺម៉ក មានភ្ញៀវ ជាស្ដ្រីខ្មែរចំនួន ២នាក់ បន្ទាប់ពីរ៉ឺម៉ក ចតភ្លាម ក្នុងផ្ទៃមេឃដែលកំពុងមានភ្លៀង រលឹមផងនោះ តែមិនមានខ្សល់បក់បោក ខ្លាំងនោះទេ គឺស្ដ្រីម្នាក់ក្នុងចំណោម ២នាក់ បានចូល ទៅដុតធូប នៅក្នុងបរិវេណទីសក្ការ ព្រះអង្គចេកព្រះអង្គចម ហើយស្ដ្រី ម្នាក់ទៀត អង្គុយរងចាំនៅលើរ៉ឺម៉ក  ចំណែកឯបុរសអ្នករត់រ៉ឺម៉ក បានឈរចាំនៅនិងចិញ្ចើមផ្លូវ ជាប់នឹងរ៉ឺម៉ក ខណៈ នោះ ក៏មានមែកឈើ ដ៏ធំមួយមែកបានបាក់មកគ្របសង្កត់ លើរ៉ឺម៉កម៉ូតូ ធ្វើឲ្យមាន ការភ្ញាក់ផ្អើលដល់អ្នក នៅជុំវិញ នោះ និងអ្នកធ្វើដំណើរតាមដងផ្លូវម្ដុំនោះ  តែសំណាងល្អមិនមានអ្នករងរបួសទេ គឺគ្រាន់តែបង្ករការភ័យ ខ្លាចតែ ប៉ុណ្ណោះ ។

ចំណែកឯអ្នករត់រ៉ឺម៉កម៉ូតូ ដែលសមត្ថកិច្ចកំពុងធ្វើកំណត់ ហេតុមានឈ្មោះថា គង់ បូរី ភេទប្រុស អាយុ៣១ឆ្នាំ បច្ចុប្បន្នរស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លរក្រាម ក្រុង/ខេត្ត សៀមរាប ដែលមានមុខរបរ រត់រ៉ឺម៉កម៉ូតូដឹកភ្ញៀវ ដែលមាន ស្រុកកំណើតនៅ ភូមិដូងឡៃ ឃុំស្ពានសង្កែ ស្រុក សូទ្រនិគម ខេត្តសៀមរាប គឺរត់រ៉ឺម៉កបានប្រមាណជា ៦ខែ មកហើយ ។

អ្នករត់រ៉ឺម៉ករូបនេះ បានប្រាប់អ្នកយកព័ត៌មាន នៃមជ្ឈមណ្ឌលដើមអម្ពិលយើងថា រូបគាត់បានដឹកភ្ញៀវ ជាស្ដ្រីខ្មែរ២នាក់ ដើម្បីមកដុតធុប នៅទី សក្ការព្រះអង្គចេក ព្រះអង្គចម គឺគាត់បានមកចតនៅ តាមផ្លូវចូលទីសក្ការ ព្រះអង្គចេក ព្រះអង្គចម នៅខាងមុខទីសក្ការ ខាងក្រោម ដើមឈើមួយដើម ក្នុងចំណោមដើមឈើ ដែលដុះអមសង្ខាងផ្លូវ ។

ពេលកំពុង ឈរចាំភ្ញៀវម្នាក់ដែលបានចូលទៅដុតធូប គាត់ក៏បានឮសម្លេងប្រិបៗ នៅខាងលើដើមឈើ ហើយសង្ស័យ ថា មានហេតុ ការណ៍ បាក់មែកឈើ គាត់ក៏បាតរត់ចេញ ពេលនោះក៏មានមែកឈើ ដ៏ធំមួយ បានបាក់ គ្របពីលើរ៉ឺម៉កម៉ូតូរបស់គាត់ ដែលមានស្ដ្រីម្នាក់ កំពុងអង្គុយនៅនឹងកន្ទុយរ៉ឺម៉ក់ផង ។

គាត់បន្តឲ្យដឹងទៀតថា បន្ទាប់មកទើបស្ដ្រី រូបនោះបានចេញពីក្នុងកន្ទុយរ៉ឺម៉ក ដោយមានអ្នកជួយផងដែរ តែ សំណាងល្អ គាត់មិនមាន របួសអ្វីគួរឲ្យ កត់សម្គាល់ឡើយ គឺគ្រាន់តែមានសភាពភ័យខ្លាចខ្លាំង តែប៉ុណ្ណោះ ។ ចំណែកម៉ូតូ របស់គាត់ត្រូវ បានឈើសង្កត់ ខូចខាត យ៉ាងខ្លាំង ហើយរ៉ឺម៉កវិញ ក៏មានការខូចខាតផងដែរ ។

នៅពេលនោះ គេក៏បានឃើញមន្ត្រីខាងមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ព្រមទាំងមន្ដ្រី នៃអាជ្ញាធរ ក្រុង/ខេត្តសៀមរាប បានមក ជួយ ធ្វើអន្តរាគមន៍ ហើយមែកឈើនោះ ត្រូវបានគេកាត់ជាកំណត់ៗ ដើម្បីដឹកជញ្ជូន ចេញផងដែរ ។ នៅក្នុងនោះ ក្រុមអ្នកថតរូប ប្រចាំ នៅ ម្ដុំព្រះអង្គចេកព្រះអង្គចម និងម្ដុំសួនច្បារខាងមុខព្រះរាជ ដំណាក់ ក្រុងសៀមរាប បាននិយាយថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ មាន មែកឈើធំៗ នៅម្ដុំនេះ បានបាក់ប្រមាណ ជា ៦-៧ដង មកហើយ តែសំណាងល្អ គឺមិនធ្លាប់មាន គ្រោះថ្នាក់ដល់មនុស្ស និងទ្រព្យសម្បត្តិ អ្វីនោះទេ គឺទើបតែពេល នេះឯង ដែលបង្ករឲ្យមាន គ្រោះថ្នាក់នោះ ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]